(ភ្នំពេញ)៖ តបតាមការអញ្ជើញ របស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា និងដោយទទួលបានការអនុញ្ញាតពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានដឹកនាំគណៈប្រតិភូ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ចំនួន០៤រូប ចេញទៅបំពេញទស្សនកិច្ចសិក្សា នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលមន្រ្តី អនុវត្តច្បាប់រដ្ឋសហព័ន្ឋ (FLETC) នៃរដ្ឋ Georgia និងទីស្នាក់កណ្តាលក្រសួងសន្តិសុខមាតុភូមិ នៃរដ្ឋ Washington DC សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦។
ដំណើរទស្សនកិច្ចនេះ មានគោលបំណងពង្រីក កិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងបណ្ឌិត្យសភានគរបាលកម្ពុជា ជាមួយសហរដ្ឋអាមេរិច លើការងារអប់រំបណ្តុះបណ្តាលមន្រ្តីអនុវត្តច្បាប់ តាមរយៈការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ រវាងថ្នាក់ដឹកនាំមន្រ្តី គ្រូនគរបាលការធ្វើសិក្ខាសាលាការស្រាវជ្រាវ និងការទទួលស្គាល់កម្មវិធីសិក្សារួមគ្នា ដែលជាការអនវត្តស្របនឹងផែនការ យុទ្ធសាស្រ្តរយៈពេល០៥ឆ្នាំ (២០១៥-២០១៩) របស់ខ្លួន និងទិសដៅក្រសួងមហាផ្ទៃ។
ក្នុងន័យនេះទស្សនកិច្ចសិក្សាមានគោលដៅ ដូចខាងក្រោម៖
១-សិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ លើការងារដឹកនាំគ្រប់គ្រង ស្តីពីការអប់រំបណ្តុះបណ្តាល មន្រ្តីអនុវត្តច្បាប់។
២-សិក្សាស្វែងយល់អំពីវិធីសាស្រ្ត បង្ហាត់បង្រៀន និងរៀបចំផែនការតម្រូវការ គ្រូជំនាញឯកទេសបន្តវេន។
២- សិក្សាស្វែងយល់អំពីកន្លែងអនុវត្តជាក់ស្តែង ដូចជាមន្ទីរបទពិសោធន៍ និងកន្លែងហ្វឹកហាត់នានា។
៣-សិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ ស្តីពីកិច្ចសហការ រវាងអង្គភាពប្រើប្រាស់កងកម្លាំង និង អង្គភាពអប់រំ-បណ្តុះបណ្តាល ក្នុងន័យជំរុញឲ្យការងារអប់រំបណ្តុះបណ្តាល ឆ្លើយតបតម្រូវការអង្គភាព ប្រើប្រាស់កងកម្លាំង និងសភាពការណ៍សន្តិសុខរបស់ប្រទេសជាតិ។
៥-សិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ ស្តីពីការរៀបចំផែនការវគ្គបណ្តុះបណ្តាលប្រចំាឆ្នាំ រៀបចំកម្មវិធីសិក្សាតាមវគ្គ និងរបៀបគ្រប់គ្រងវគ្គសិក្សានីមួយៗ។
ក្នុងដំណើរទស្សនកិច្ចសិក្សានេះដែរ នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងសមាជិកគណៈប្រតិភូ គ្រោងជួបជាមួយថ្នាក់នាំ របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលមន្រ្តីអនុវត្តច្បាប់ រដ្ឋសហព័ន្ឋ ដែលមានបណ្ឌិត្យសភា និងអង្គភាពបណ្តុះបណ្តាលជាច្រើន ក្រោមចំណុះ និងគ្រោងជួបជាមួយ ប្រធានអង្គភាពរដ្ឋសហព័ន្ឋ ដែលអ្នកដឹកនាំបញ្ជា និងប្រើប្រាស់មន្រ្តីអនុវត្តច្បាប់៕