(ថៃ)៖ ដោយទ្រាំមិនបានចំពោះការចោទប្រកាន់ ពីនាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូរឆា ដែលទម្លាក់កំហុសទៅលើពីការបង្កអសន្តិសុខ និងភាពចលាចលនៅក្នុងសង្គមថៃនោះ អតីតនាយករដ្ឋមន្រ្តី ដែលត្រូវគេធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចកាលពីឆ្នាំ២០០៦ លោក ថាក់សីុន សីុណាវ៉ាត់ត្រា បានចេញមកប្រដៅខ្លាំងៗ ពីការមិនទទួលខុសត្រូវរបស់លោក ចាន់អូរឆាដែលនាំឲ្យសេដ្ឋកិច្ចថៃ បញ្ហាសន្តិសុខសង្គមនៅក្នុងប្រទេសទាំងមូល មានការធ្លាក់ចុះយ៉ាងខ្លាំង។
លោក ថាក់សីុន ដែលបានស្ងាត់ស្ងៀមលើការបញ្ចេញទស្សន: និងយោបល់នៅ Facebook អស់ជាយូរហើយនោះ ស្រាប់តែនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ បានចេញមុខមកវាយប្រហារដោយពាក្យសម្តីដ៏មឺុងម៉ាត់ តែទន់ភ្លន់ទៅលើ នាយករដ្ឋមន្រ្តី បច្ចុប្បន្នលោក ប្រាយុទ្ធ ចាន់អូរឆា ធ្វើឲ្យមានការផ្អើលពេញផ្ទៃប្រទេស ចំពោះប្រជាជនថៃ ពីព្រោះគ្រាន់តែលោក ថាក់សីុន បង្ហោះតាំងពីថ្ងៃម្សិលមិញ រហូតមកដល់ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នេះ មានអ្នក Like Comments និង Share រាប់មឺុននាក់ ដែលនេះបង្ហាញឲ្យឃើញពីការនៅតែស្រឡាញ់ អាណិត និងពេញចិត្ត ចំពោះអតីតនាយករដ្ឋមន្រ្តីដ៏មានប្រជាប្រិយភាពរូបនេះ។
ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុងរបស់លោក ថាក់សីុន នៅលើ Facebook Page របស់លោក (បកប្រែពីភាសាថៃ)៖
សព្វថ្ងៃនេះខ្ញុំសង្ងំមករហូត តាំងចិត្តមិនសំដែង យោបល់អ្វីទាំងអស់ ស្តីពីបញ្ហាផ្សេងៗ ដោយចង់ឲ្យគ្រប់ភាគី តាំងចិត្តដោះស្រាយជូនប្រជាជន ប៉ុន្តែនៅសុខៗ ខ្ញុំបែរជាត្រូវគេវាយប្រហារយ៉ាងធ្ងន់ធ្ងរ រហូតដល់ទប់អារម្មណ៍មិនបាន ត្រូវនិយាយចេញមកតែម្តង។
ការដោះស្រាយបញ្ហាក្នុងប្រទេស ក្រោមការដឹកនាំរបស់រដ្ឋាភិបាលរបបយោធា ក្នុងពេលនេះ បើមានបញ្ហាអ្វីកើតឡើង ត្រូវទំលាក់កំហុសទៅលើតែអ្នកដទៃ ដោយខ្លួនឯងមិនទទួលខុសត្រូវអ្វីទាំងអស់ មិនចេះធ្វើអ្វីខុស គិតតែខ្លួនឯងល្អគ្រប់យ៉ាង ដូចជាគ្រោះរាំងស្ងួត ក៏និយាយថា ដោយសាររដ្ឋាភិបាលមុន តំលៃទិន្នផលកសិកម្ម ធ្លាក់ចុះលក់មិនចេញ ដូចជាកៅស៊ូ បែជាប្រាប់ឲ្យទៅលក់នៅភពអង្គារដឹកនាំប្រទេសបែបនេះ នរណានរណាក៏គេដឹកនាំបានដែរ នាយករដ្ឋមន្ត្រីប្រទេសថៃ។
រដ្ឋាភិបាលនេះ បានទទួលអំណាចមក ដោយការធ្វើរដ្ឋប្រហារ គ្រប់គ្រងប្រទេសមក២ឆ្នាំហើយ តើបានធ្វើជាប្រយោជន៍ ផ្លែផ្កាអ្វីខ្លះឲ្យពិភពលោក បានឃើញ ព័ត៌មានដែលផ្សព្វផ្សាយចេញទៅ មានតែការប្រើអំណាច រំលោភសិទ្ធិមនុស្ស ហើយច្បាប់អន្តរជាតិមិនដែលមានទេ នៅក្នុងប្រទេសនេះ កាលពីមុនមកនៅពេលដែលអារិយប្រទេសនានា និងអង្កការអន្តរជាតិផ្សេងៗ គេបានមើលឃើញ ថាជារឿងដែលមិនត្រឹមត្រូវ ហើយគេបានធ្វើការព្រមាន វាក្លាយជារឿងធម្មតាទៅហើយ សំរាប់ប្រទេស ដែលមានមេដឹកនាំប្រើអំណាចមិនត្រឹមត្រូវ។ នៅពេលដែលមេដឹកនាំប្រទេសរបស់យើង មិនខ្វល់ពីការព្រមាននោះប្រទេសគេតែងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ដូចជា ការបញ្ឈប់ការធ្វើវិនិយោគ និងទណ្ឌកម្មផ្សេងៗទៀត ព្រមទាំងការផ្លាស់ប្តូូរទីតាំងការផលិត ទៅកាន់ប្រទេសទី៣ កត្តាទាំងនេះធ្វើ ឲ្យរងការប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសថៃយ៉ាងខ្លាំង ហើយការប៉ះទង្គិចនេះ វាអូសបន្លាយបន្តទៅមុខ ជាច្រើនឆ្នាំទៀត។
ប៉ុន្តែមេដឹកនាំរបស់យើង មិនព្រមទទួលខុស បែរជាដោះស្រាយបញ្ហាទាំងនេះ បន្ថែមលើខុស បែរជាចោទថាខ្ញុំទៅជួលពួកលុបប៊ីយីហ្វ ដើម្បដើរលុបប៊ី(អុជអាល) ប្រទេសផ្សេងៗ ឲ្យប្រឆាំងរបបប្រទេសថៃពុទ្ធោ! ចេះគិតទៅរួចដែរ។
ខ្ញុំចង់ប្រាប់ថា ខ្ញុំមិនបាច់ទៅជួលនរណាឲ្យអស់លុយកាក់ ដើម្បីវាយប្រហារ នាយករដ្ឋមន្ត្រីប្រទេសថៃ ខូចកិត្តិយសរបស់ប្រទេសនោះទេ ប្រវត្តិសាស្ត្រ បានបង្រៀនឲ្យយើងដឹងថា របបផ្តាច់ការដែលងប់ងល់និងអំណាច ដើរជេគេ ដែលនិយាយស្តីមិនត្រូូវចិត្ត មើលងាយអ្នកក្រថាល្ងង់ ប្រើអំណាចហួសដែនកំណត់ ហើយគ្រប់គ្រងប្រទេសដោយ មិនមើលប្រជាជននោះ សុទ្ធតែគ្រោះភ័យសំរាប់ខ្លួនឯងទាំងអស់។
បើចង់ធ្វើមេដឹកនាំប្រទេស ហើយគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបាន ប្រើអារម្មណ៍ជេគេជេរឯង ដើម្បីយកឈ្នះ ស្រែកគំហគដាក់អ្នកសារព័ត៌មាន ឲ្យគេបិតមាត់បិតត្រចៀក ហើយសសេរព័ត៌មានឲ្យត្រូវចិត្តរបស់ខ្លួន ធ្វើបែបនេះកុំសង្ឃឹមឲ្យសោះ ថាមនុស្សភាគច្រើនរបស់ប្រទេសនេះ គេធ្វើតាម បើចង់ដឹងខ្លួនឯងយ៉ាប់ប៉ុណ្ណា សូមយកខ្សែអាត់ ដែលលោកបាននិយាយរៀងរាល់ថ្ងៃ មកចាក់ស្តាប់សារឡើងវិញ ហើយលោកហ្នឹងដឹងថា (គ្មានលុបប៊ីយីហ្វនៅលើលោកណាម្នាក់ ដែលមានសមត្ថភាពអាចបំផ្លាញលោកបាន ស្មើនិងលោកបំផ្លាញខ្លួនឯងនោះទេ ) ដូច្នេះនៅពេលដែលលោកជឿជាក់ថា លោកជាមនុស្សល្អ ចូរឱនលំទោន ធ្វើជាអ្នកដោះស្រាយបញ្ហាវិញទៅ កុំធ្វើខ្លួនឯងដូចរយៈពេលកន្លងមក៕