(ភ្នំពេញ)៖ ចម្រៀងក្រោមចំណងជើងថា «សូរិយារះហើយ» ដែលច្រៀងដោយអ្នកស្រី ស៊ុន ស្រីពេជ្រ និងនិពន្ធទំនុកបទភ្លេងដោយ ឧត្តមសេនីយ៍ឯក ម៉ិញ សុធីវណ្ណ ត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះចំនឹងខួបទី២៣ឆ្នាំ នៃទិវានយោបាយឈ្នះឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ចម្រៀងដ៏ពិរោះនេះ ត្រូវបានផលិតដោយ លោក ហេង សួរ, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅសាធារណរដ្ឋកូរ៉េ ជប៉ុន និងម៉ាឡេស៊ី (KOJAMA) ដោយមានលោក ស៊ឹម ស៊ូយុង ជាអ្នកនិពន្ធទំនុកច្រៀង ដើម្បីជារំឮកនូវគុណូបការៈរបស់សម្តេចតេជោ ក្នុងការនាំមកនូវការអភិវឌ្ឍចំរុះ និងសន្តិភាពពេញបរិបូរណ៍ជូនប្រជាជាតិកម្ពុជា។
លោក ហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅសាធារណរដ្ឋកូរ៉េ ជប៉ុន និងម៉ាឡេស៊ី បានឱ្យដឹងថា បទនេះគឺតាក់តែងឡើងដើម្បីរំឮកនូវគុណូបការៈរបស់សម្តេចតេជោ ក្នុងការខិតខំកសាងអភិវឌ្ឍជាតិ និងលើកស្ទួយកិត្តិយសជាតិលើឆាកអន្តរជាតិ។ សម្តេចតេជោនាយករដ្ឋមន្រ្តី ប្រៀបដូចជាអ្នកមានបុណ្យដែលបាននាំយកទឹកមន្តមកពន្លត់ភ្លើងសង្រ្គាមនៅកម្ពុជា និងបានប្រោះព្រំអ្វីៗនៅលើទឹកដីអង្គរឲ្យរីកស្រស់បំព្រងឡើងវិញ។
ចម្រៀងនេះក៏ជាការចូលរួមអបអរសាទរទិវាឈ្នះឈ្នះ និងដំណើរឆ្ពោះទៅថ្ងៃ៧មករាផងដែរ៕
សូមប្រិយមិត្ត និងទស្សនិកជន រីករាយស្តាប់ និងទស្សនាចម្រៀង «សូរិយារះហើយ» ដូចតទៅ៖