(ភ្នំពេញ)៖ លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ដែលបានទទួលការអប់រំតាំងពីកម្រិតមធ្យមសិក្សា រហូតដល់បញ្ចប់ការសិក្សាថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក បានចេញមុខការពារប្រសាសន៍របស់ លោក ហ៊ុន ម៉ាណែត ដោយលើកឡើងថា ការលើកឡើងរបស់លោក សម រង្ស៉ី ថាសញ្ញាបត្រលោក ហ៊ុន ម៉ាណែត ជាសញ្ញាបត្រកម្រិត២ គឺខុសទាំងស្រុង ដោយគាត់មិនយល់ទាល់តែសោះអំពីប្រព័ន្ធអប់រំអាមេរិក។
តាមរយៈសារមួយផ្ញើមកកាន់ Fresh News លោក កៅ គឹមហួន បានលើកឡើងដូច្នេះថា៖ «ខ្ញុំពិតជាពេញចិត្តណាស់ចំពោះការបកស្រាយយ៉ាងក្បោះក្បាយ និងប្រកបដោយសច្ចៈភាពបំផុតរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឆ្លើយតបនឹងការនិយាយមើលងាយរបស់លោក សម រង្ស៉ី ថាសញ្ញាបត្រពីសាលា West Point របស់ឯកឧត្តមបណ្ឌិត ជាសញ្ញាបត្រកម្រិត២។ ក្នុងនាមជាអ្នកសិក្សាម្នាក់ដែលបានទទួលការអប់រំតាំងពីកម្រិតមធ្យមសិក្សា រហូតដល់បញ្ចប់ការសិក្សាថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក វាមានភាពចាំបាច់ដែលខ្ញុំត្រូវ បន្ថែមនូវទឡ្ហីករណ៍មួយចំនួនទៀត ដើម្បីបញ្ជាក់ថា ការលើកឡើងលក្ខណៈមើលងាយរបស់លោក សម រង្ស៉ី គឺខុសទាំងស្រុង»។
ក្នុងទឡ្ហីករណ៍របស់ខ្លួន លោក កៅ គឹមហួន បានលើកឡើង៣ចំណុចដូចតទៅ៖
១៖ ខ្ញុំបានសិក្សានៅសហរដ្ឋអាមេរិកតាំងពីកម្រិតវិទ្យាល័យ រហូតដល់ចប់ថ្នាក់បណ្ឌិត។ ពេលនៅវិទ្យាល័យខ្ញុំបានរៀននៅរដ្ឋ Virginia បរិញ្ញាបត្រនៅរដ្ឋ Texas បរិញ្ញាបត្រជាន់ខ្ពស់នៅរដ្ឋ Ohio ហើយថ្នាក់បណ្ឌិតនៅរដ្ឋ Hawaii។ សហរដ្ឋអាមេរិកក្នុងនាមជាប្រទេសឈានមុខគេមួយក្នុងពិភពលោកលើការអប់រំ មានស្តង់ដារអប់រំច្បាស់លាស់ មានគុណភាព ហើយគ្មានការបែងចែកនោះទេ។ ចំពោះសាលា West Point ទៀតសោត គឺអស្ចារ្យណាស់ នរណាៗក៏ចង់ចូលរៀនដែរ ហើយមាតាបិតាជាច្រើនចង់បញ្ជូនកូនទៅរៀនសាលានោះ ។
២៖ អ្វីដែលលោក សម រង្ស៉ី បានលើកឡើងគឺខុសស្រឡះ។ គាត់មិនយល់ទាល់តែសោះអំពីប្រព័ន្ធអប់រំ នៅសហរដ្ឋអាមេរិក តែហ៊ានវាយតម្លៃ។ ការលើកឡើងខុសរបស់លោក សម រង្ស៉ី បំពុលបរិយាសធ្វើឱ្យគេយល់ច្រឡំ ហើយមិនត្រឹមតែប៉ះពាល់ដល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប៉ុណ្ណោះទេ ប៉ុន្តែក៏ជះឥទ្ធិពលអវិជ្ជមានដល់កេរ្តិ៍ឈ្មោះរបស់សាលា West Point ផងដែរ។ បន្ថែមលើនេះ ការលើកឡើងបែបបន្តុះបង្អាប់របស់លោក សម រង្ស៉ី ឆ្លុះបញ្ចាំងថាគាត់មិនយល់អ្វីទាល់តែសោះ ។
៣៖ តើហេតុអ្វីបានជា លោក សម រង្ស៉ី នៅបន្តនយោបាយជ្រុលនិយមបែបនេះ? ខ្ញុំត្រូវតែការពារកិត្តិយសរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលតាមពិតយើងគួរតែមានមោទនភាពដែលមានកូនខ្មែរបានទៅរៀននៅសាលាដ៏ល្អបំផុតនៅសហរដ្ឋអាមេរិក ដោយជោគជ័យ។ យើងគួរតែមានភាពសប្បាយរីករាយ ត្រេកអរនូវកត្តាជោគជ័យរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងឱ្យប្រទេសកម្ពុជា ជាបញ្ញវន្តពិតប្រាកដ ដែលទទួលបានការបណ្តុះបណ្តាលពីសាលាដ៏អស្ចារ្យនេះ។
សូមបញ្ជាក់ថា លោក សម រង្ស៉ី កាលពីពេលថ្មីៗនេះ បានលើកឡើងថា សញ្ញាបត្ររបស់ លោក ហ៊ុន ម៉ាណែត ដែលទទួលបានពីសាលាបណ្ឌិតសភាយោធាអាមេរិក (United States Military Academy) ឬហៅកាត់ថា West Point) ជាសញ្ញាបត្រកម្រិត២ ឬសញ្ញាបត្រក្រោមស្តង់ដារ។ ការវាយប្រហារដោយការបំភ្លៃព័ត៌មាននេះ បានធ្វើឡើងបន្ទាប់ពី លោក ហ៊ុន ម៉ាណែត ត្រូវបានគណបក្សប្រជាជនកម្ពុជា សម្រេចជាឯកច្ឆន្ទជ្រើសតាំងជា បេក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ថ្ងៃអនាគត។
កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ លោក ហ៊ុន ម៉ាណែត បានចេញសារពិសេសមួយជាថ្មីម្តងទៀតផ្ញើជូន លោក សម រង្ស៉ី អ្នកនយោបាយចាស់វស្សា ដើម្បីឱ្យបញ្ជាក់ភស្តុតាង និងបបួលភ្នាល់ជុំវិញការព្យាយាមបង្ខូចកិត្តិយសសញ្ញាបត្រសាលាបណ្ឌិតសភាយោធាអាមេរិក។
រហូតមកដល់រសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ លោក សម រង្ស៉ី មេក្រុ មប្រឆាំងក្រៅច្បាប់ នៅតែមិនទាន់បង្ហាញប្រតិកម្មណាមួយចំពោះការបបួលភ្នាល់របស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅឡើយទេ៕