(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទម្លាក់ថវិកាមួយចំនួន ដើម្បីឧបត្ថម្ភដល់ការអន្តរាគមន៍ដឹកជញ្ជូនទឹក ផ្តល់ជូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់ដែលខ្វះទឹក ប្រើប្រាស់។
ថ្លែងសារតាមរយៈ Facebook នៅយប់មិញនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដូច្នេះថា «ខ្ញុំបានបញ្ជាទៅក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុផ្តល់ថវិកា ទៅតាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីទិញប្រេងដឹកទឹកជូនប្រជាជន ប្រើប្រាស់បន្ថែម ដោយក្រសួងធនធានទឹក និងឧតុនិយមខិតខំបូមទឹក នៅតំបន់មានប្រភពទឹក។ ទន្ទឹមនឹងនេះសូមបងប្អូនកាត់បន្ថយការប្រើប្រាស់ទឹកកុំខ្ជះខ្ជាយ ក្នុងពេលដែលកំពុងមានការខ្វះខាតទឹកប្រើប្រាស់»។
សម្តេចតេជោ បានបញ្ជាក់ថា យ៉ាងហោចណាស់ មានបណ្តាខេត្តចំនួន១០ ក្នុងចំណោម២៥ រាជធានី-ខេត្តរបស់កម្ពុជា កំពុងប្រឈមនឹងបញ្ហាខ្វះទឹក ក្នុងនោះមានបន្ទាយមានជ័យ ព្រៃវែង កែប កំពត កំពង់ធំ ស្វាយរៀង កំពង់ស្ពឺ ព្រះវិហារ ឧត្តរមានជ័យ និង សៀមរាបជាដើម។
កាលពីខែកុម្ភៈ ឆ្នាំ២០១៦ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា នៅឆ្នាំ២០១៦នេះ កម្ពុជានឹងមានកំដៅក្តៅហួតហែងជាងឆ្នាំមុនៗ ហើយបរិមាណទឹកភ្លៀង ក្នុងឆ្នាំនេះ ក៏មានចំនួនតិចតួចផងដែរ។
ក្រសួងធនធានទឹកបានបញ្ជាក់ថា ៖ -នៅរដូវប្រាំង៖ ក្នុងខែមីនា និងខែមេសា ធាតុអាកាសនឹងក្តៅហួតហែងខ្លាំង បរិមាណទឹកភ្លៀងកក់ខែមានចំនួនតិចតួច ហើយបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ នឹងកើតឡើងច្រើន។ -នៅដើមរដូវវស្សា៖ ចាប់ពីខែឧសភា ដល់ខែកក្កដា មានភ្លៀងតិច មានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន។ កូនរដូវប្រាំងនឹងកើតមាន ចាប់ពីពាក់កណ្តាលខែកក្កដា ដល់ចុងខែកក្កដា។ របាយទឹកភ្លៀងនឹងចាប់ផ្តើមធ្លាក់ច្រើន ហើយរាយប៉ាយបានល្អ ចាប់ពីពាក់កណ្តាលរដូវវស្សា រហូតដល់ចុងរដូវវស្សា (ចាប់ពីខែសីហា ដល់ចុងខែវិច្ឆិកា)៕