Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំត្រួតពិនិត្យការងារសាងសង់ស្ថានីយ៍បូមទឹកឆៅនៅអាងទន្លេ វ៉ៃគោ

29-12-2021 16:04

(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារដោយមានាករចូលរួមអភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធនានាក្នុងខេត្ត បើកកិច្ចប្រជុំត្រួតពិនិត្យ ការងារសាងសង់ស្ថានីយ៍បូមទឹកឆៅ ស្ថិតនៅក្នុងអាងទន្លេ វ៉ៃគោ ស្ថិតនៅ ខាងជើងទ្វារទឹកស្ពានតាហោ សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ពាក់ព័ន្ធនឹងកិច្ចប្រជុំនេះ មន្ត្រីសាលាខេត្តស្វាយរៀង បានឱ្យដឹងថា ដើម្បីធានាបាននូវនិរន្តរភាព ក៏ដូចជាការបំពេញសេចក្តីត្រូវការលើការប្រើប្រាស់ទឹកស្អាត នៅក្នុងក្រុងស្វាយរៀង និងតំបន់ជាយក្រុងឲ្យបានគ្រប់គ្រាន់ តាមសំណូមពររបស់ប្រជាពលរដ្ឋ រដ្ឋបាលខេត្តស្វាយរៀង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជន លេខ ៣២៣២ ឥណទានសម្បទានរបស់ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) និងបដិភាគរបស់រាជរដ្ឋាភិបាល កម្ពុជា ដែលក្នុងនោះរួមមាន៖ការសាងសង់ប្រព័ន្ធ ប្រព្រឹត្តកម្មទឹកស្អាតថ្មី បន្ថែមការពង្រីកបណ្តាញចែកចាយ និងស្ថានីយ៍បូមទឹកឆៅមួយកន្លែងនេះ ស្ថិតនៅក្នុងអាងទន្លេវ៉ៃ គោ ស្ថិតនៅខាងជើងទ្វារទឹកស្ពានតាហោ សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

មន្ត្រីដដែលបានបញ្ជាក់ថា ចំពោះការសាងសង់ស្ថានីយ៍បូមទឹកឆៅនេះ ត្រូវការចាក់អាចម៍ដីបំពេញជាបណ្តោះអាសន្នប៉ុណ្ណោះ ដើម្បីសម្រួលដល់ការដឹកជញ្ជូនសម្ភារៈ ចូលក្នុងការដ្ឋាន និងការបុកគ្រឹះស្ថានីយ៍បូមទឹកឆៅ (intake) បានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ ចំពោះអាចម៍ដីដែលបានចាក់ចូលទៅក្នុងទន្លេ សម្រាប់បម្រើឱ្យ ការដ្ឋានខាងលើ នឹងត្រូវយកចេញវិញទាំងអស់ នៅពេលដែលការដ្ឋានត្រូវបានបញ្ចប់ ១០០%៕