(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ស្ថាប័នរាជរដ្ឋាភិបាល មិនត្រូវស្កប់ស្កល់ នឹងលទ្ធផលដែលខ្លួន ទទួលបាននោះទេ ដរាបណាជំងឺគ្រុនចាញ់ នៅតែជាបន្ទុកធ្ងន់ធ្ងរនៅឡើយ ហើយមិនទាន់ត្រូវបានលុបបំបាត់អស់នៅកម្ពុជា។
របាយការណ៍ដែលបង្ហាញក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន ផ្ញើទៅកាន់ជនរួមជាតិ ក្នុងឱកាសទិវាជាតិប្រយុទ្ធ នឹងជំងឺគ្រុនចាញ់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិ លុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១១-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា អត្រាជំងឺគ្រុនចាញ់នៅកម្ពុជា បានធ្លាក់ចុះជាលំដាប់។
របាយការណ៍នេះ បន្ថែមថា ករណីជំងឺគ្រុនចាញ់បានថយចុះពី ៦២.៦៩០ករណី នៅឆ្នាំ២០១១ មកនៅត្រឹម ៣៤.៨៩២ករណី នៅឆ្នាំ២០១៥ ហើយចំនួនករណីដែលបានព្យាបាលនៅមូលដ្ឋានសុខាភិបាលសាធារណៈ ក្នុងចំណោម១០០នាក់ បានកាត់បន្ថយពី ៤,៥% នៅឆ្នាំ២០១១ មកនៅ ២,២៦% នៅឆ្នាំ២០១៥។ ដោយឡែកអត្រាស្លាប់ក្នុងចំណោមមនុស្ស១០០.០០នាក់ គឺថតចុះពី ០,៦៥នាក់ នៅឆ្នាំ២០១១ មកនៅ ០,០៦នាក់នៅឆ្នាំ២០១៥ដែរ។
តាមរយៈសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «យើងមិនត្រូវភ្លេចខ្លួន ហើយស្កប់ស្កល់នឹងលទ្ធផលដែលយើងទទួល បាននេះទេ ព្រោះថាជំងឺគ្រុនចាញ់នៅតែជាបន្ទុកដ៏ធ្ងន់ធ្ងរមួយរបស់កម្ពុចាំ ហើយបើយើងមិនទាន់លុបបំបាត់មេរោគគ្រុនចាញ់ ឱ្យអស់ពីក្នុងខ្លួនមនុស្សគ្រប់រូបទេនោះ»។
ទោះជាយ៉ាងនេះក្តី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តអំពាវនាវឱ្យក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន វិស័យឯកជន អង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ រួមទាំងប្រជាពលរដ្ឋ ចូលរួមគាំទ្រដល់បេសកកម្មរបស់ក្រសួងសុខាភិបាល ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ ឱ្យទទួលបានជោគជ័យ និងសម្រេចតាមគោលដៅយុទ្ធសាស្រ្តជាតិ លុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១១-២០២៥បន្តទៀត៕
ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ឆ្នាំ២០១៦៖