(ភ្នំពេញ)៖ សមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀនកម្ពុជា និងចិន សហការស្រាវជ្រាវបង្ក្រាបឧក្រិដ្ឋជួញដូរគ្រឿងញៀនឆ្លងដែន១ក្រុម ចាប់ខ្លួនជនសង្ស័យ៩នាក់ និងរឹបអូសគ្រឿងញៀនជិត៣៥០គីឡូក្រាម នៅរាជធានីភ្នំពេញ។
ប្រតិបត្ដិការនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។
ការចុះបង្ក្រាបនេះ ធ្វើឡើងនាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៧៖៥៥នាទី សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ លោកវរៈសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនា នាយករងមន្ទីរ, លោកវរៈសេនីយ៍ទោ ហុង សុវណ្ណារិទ្ធ នាយការិយាល័យ (ក១) ចូលរួមសហការពីកម្លាំងជំនាញ នៃនាយកដ្ឋានស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេស សមត្ថកិច្ចគយកំពង់ផែព្រះសីហនុ និងកម្លាំងជំនាញស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវបង្ក្រាប។
ករណីនេះ ផ្ដើមចេញពីកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ចចិន។ សមត្ថកិច្ចកម្ពុជា ទទួលបានព័ត៌មានជំនាញហើយ បានបើកការស៊ើបអង្កេតអស់រយៈពេលជាង៤ខែ ទើបឈានទៅបង្ក្រាបព្រមគ្នានេះ សមត្ថកិច្ចចិនក៏បានបង្ក្រាបក្រុមឧក្រឹដ្ឋជនពាក់ព័ន្ធ នៅឯប្រទេសចិនផងដែរ។
ជាលទ្ធផល កិច្ចប្រតិបត្តិការ នៅ២គោលដៅផ្សេងគ្នា (នៅចំណុចវីឡាភ្លោះលេខ២១ ផ្លូវលេខ R03 ស្តាផ្លាទីនឹម បុរីប៉េងហូតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅនិង នៅចំណុច ភោជនីយដ្ឋានអីយិនម៉ាថូវ សង្កាត់បឹងព្រលឹត ខណ្ឌ ៧មករា រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ៩នាក់៖
១៖ ឈ្មោះ HUANG RUI MING ភេទប្រុស កើតឆ្នាំ១៩៦៣ (មេក្លោង)
២៖ ឈ្មោះ LI YI NAN ភេទប្រុស កើតឆ្នាំ១៩៨៣
៣៖ ឈ្មោះ SUN LIANG ភេទប្រុស កើតឆ្នាំ១៩៧៩
៤៖ ឈ្មោះ SUN HAI TAO ភេទប្រុស កើតឆ្នាំ១៩៨០
៥៖ ឈ្មោះ LIU WEI CHENG ភេទប្រុស កើតឆ្នាំ១៩៦៩
៦៖ ឈ្មោះ CHEN ZHI QUAN ភេទប្រុស កើតឆ្នាំ១៩៥៥
៧៖ ឈ្មោះ WANG LEI ភេទប្រុស កើតឆ្នាំ១៩៩០
៨៖ ឈ្មោះ WANG YUE ភេទប្រុស កើតឆ្នាំ១៩៨២
៩៖ ឈ្មោះ ZHU XIAO FEI ភេទប្រុស កើតឆ្នាំ១៩៨២
ចាប់យកវត្ថុតាង៖ គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ICE) សរុបរួមទម្ងន់ ៣៤៧គីឡូក្រាម ៤២៧,៩៩ក្រាម (លាក់ក្នុងបំពង់ដែក ៣៦៧ដើម និង៦១កញ្ចប់ធំ) ជញ្ជីងថ្លឹងគ្រឿងញៀន ២គ្រឿង និងសម្ភារៈវេចខ្ចប់មួយចំនួន ។ ចាប់យកទ្រព្យសម្បត្តិ រថយន្ត១គ្រឿង ម៉ាក TOYOTA ALPHARD ពាក់ស្លាក់លេខ ភ្នំពេញ 2BE-2973, ម៉ូតូមួយគ្រឿងម៉ាក HONDA PCX ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1FE-5946, ទូរស័ព្ទដៃ ចំនួន ១០គ្រឿង, ប្រាក់៣០០ដុល្លារអាមេរិក។
ក្រុមឧក្រឹដ្ឋជន បានរៀបចំបញ្ជូនបំពង់ដែកមកកម្ពុជា ហើយលួចច្រកគ្រឿងញៀន បំរុងបញ្ជូនតាមផ្លូវសមុទ្រទៅប្រទេសទី៣។ បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕