(ភ្នំពេញ)៖ ក្រុមហ៊ុនហ្គ្រីនត្រេដ ដែលជាសហគ្រាស ស្ថិតនៅក្រោមក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ ដោយទទួលបន្ទុកគ្រប់គ្រងសន្និធិស្បៀងត្រៀមបម្រុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល បានត្រៀមលក្ខណ:សម្បត្តិគ្រប់គ្រាន់ ក្នុងការរៀបចំស្បៀងទាំងបរិមាណ និងគុណភាព រួមទាំងមធ្យោបាយដឹកជញ្ជូន ប្រសិនបើរដ្ឋាភិបាលមានតម្រូវការប្រើប្រាស់ស្បៀងអាហារបន្ទាន់ នៅពេលមានគ្រោះមហន្តរាយផ្សេងៗកើតឡើងជាយថាហេតុ ជាពិសេសក្នុងបរិបទនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩។ នេះបើការបញ្ជាក់របស់ក្រុមហ៊ុន ដែលបណ្តាញព័ត៌មាន Fress News ទទួលបាននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ។
ស្តុកសន្និធិស្បៀងត្រៀមបម្រុងយុទ្ធសាស្ត្រជារូបវ័ន្តរបស់រាជរដ្ឋាភិបាលរួមមាន ៖ អង្ករ មី ត្រីខកំប៉ុង ទឹកសុទ្ធ ទឹកត្រី និងទឹកស៊ីអ៊ីវ ដែលក្រុមហ៊ុនមានគ្រប់គ្រាន់ស្របតាមបរិមាណដែលរាជរដ្ឋាភិបាលបានកំណត់ ក្នុងនោះស្តុកអង្ករមានជាង១.២ម៉ឺនតោន។
ក្រុមហ៊ុននេះបញ្ជាក់ថា «ចំពោះក្រុមហ៊ុនហ្គ្រីនត្រេដនៃក្រសួងពាណិជ្ជកម្ម នៅឆ្នាំ ២០២២ ខាងមុខនេះ ពាក់ព័ន្ធស្តុកសន្និធិស្បៀងត្រៀមបម្រុង របស់រាជរដ្ឋាភិបាលរួមមាន៖ អង្ករ មី ត្រីខកំប៉ុង ទឹកសុទ្ធ ទឹកត្រី និងទឹកស៊ីអ៊ីវ ក្រុមហ៊ុនមានផែនការទិញចូល និងរក្សាទុកស្របតាមបរិមាណគ្រប់គ្រាន់ ដែលរាជរដ្ឋាភិបាលបានកំណត់រួចហើយ។ ដោយឡែកតួលេខអង្ករដែលបានបង្ហាញក្នុងរបាយការណ៍សន្និបាតក្រសួង ដែលត្រៀមទិញអង្ករចូលចំនួន ៤ ៧០០តោន គឺជាផែនការអាជីវកម្មរបស់ក្រុមហ៊ុនទេ មិនមែនផែនការសម្រាប់ប្រើប្រាស់ជាស្តុកសន្និធិស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលនោះទេ»។
បន្ថែមលើសពីនេះ ក្រុមហ៊ុនក៏បាន និងកំពុងរួមសហការជាមួយដៃគូ និងស្ថាប័នពាក់ព័ន្ធជាពិសេសជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ កុំឲ្យមានការព្រួយបារម្ភលើបញ្ហាកង្វះអង្ករ ដែលជាហេតុនាំឲ្យជនឆ្លៀតឱកាសនិយមមួយចំនួនដំឡើងថ្លៃអង្ករបាន។
កាលពីឆ្នាំ២០២០ ក្រុមហ៊ុនហ្គ្រីនត្រេដនៃក្រសួងពាណិជ្ជកម្ម បានបញ្ចេញស្តុកសន្និធិស្បៀងត្រៀមបម្រុងយុទ្ធសាស្រ្តជារូបវ័ន្ត ស្របតាមតម្រូវការរបស់រាជរដ្ឋាភិបាលរួមមាន៖ អង្ករ មីកញ្ចប់ ទឹកសុទ្ធ ត្រីខកំប៉ុង ទឹកត្រី និងទឹកស៊ីអ៊ីវ ជូនគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ និងផ្តល់ជូនក្រសួងសុខាភិបាល ដើម្បីចែកជូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដោយសារការឆ្លងរាតត្បាតជាសកលនៃជម្ងឺកូវីដ-១៩ និងក្នុងអំឡុងពេលធ្វើចត្តាឡីស័កពលករ នៅតាមបណ្តាខេត្តជាប់ព្រំប្រទល់ប្រទេសថៃ។
សូមជម្រាបថា ក្រុមហ៊ុនហ្គ្រីនត្រេដ ជាសហគ្រាសសាធារណ:ស្ថិតក្រោមអាណាព្យាបាលក្រសួងពាណិជ្ជកម្មផ្នែកបច្ចេកទេស និងផ្នែកហិរញ្ញវត្ថុស្ថិតក្រោមអាណាព្យាបាលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានតួនាទី និងភារកិច្ចជាចំបង គឺគ្រប់គ្រងសន្និធិស្បៀងបម្រុង របស់រាជរដ្ឋាភិបាល ស្ថិតក្រោមប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដែលហៅកាត់ថា «បសបក» សម្រាប់ប្រើប្រាស់ក្នុងគ្រាមានគ្រោះមហន្តរាយផ្សេងៗ កើតឡើងដោយយថាហេតុ។ បន្ថែមលើសពីនេះក្រុមហ៊ុនក៏ធ្វើពាណិជ្ជកម្ម ផលិតកម្ម សេវាកម្ម លើមុខទំនិញស្បៀង និងម្ហូបអាហារជាមូលដ្ឋានដោយផ្ទាល់ផងដែរ៕