(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំបើកកិច្ចប្រជុំជាមួយអាជ្ញាធរក្រុង ស្រុក និងមន្ទីរពាក់ព័ន្ធ ដើម្បីពិភាក្សាលើសេចក្តីព្រាងតម្លៃអចលនទ្រព្យ សម្រាប់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រាក្នុងខេត្ត ដែលបានរៀបចំឡើងនៅសាខាពន្ធដារខេត្តកំពង់ចាម។
កិច្ចប្រជុំបានធ្វើឡើងដោយយោងតាមលិខិតលេខ ១២២៤២ អពន ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និងពិភាក្សា ក្នុងគោលបំណងចំនួន៤ រួមមាន៖
* ទី១៖ គឺដើម្បីប្រមូលពន្ធប្រថាប់ត្រា ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យប្រកបដោយប្រសិទ្ធភាព តម្លាភាព និងសមភាព។
* ទី២៖ ពិនិត្យទៅលើឧបសម្ព័ន្ធ ដែលបានអនុវត្តនាពេលបច្ចុប្បន្ននេះ សម្រាប់កំណត់នូវមូលដ្ឋានគិតពន្ធប្រថាប់ត្រា ក្នុងខេត្តកំពង់ចាម ក្រែងមានភាពខ្វះចន្លោះ ដែលពាក់ព័ន្ធ ទៅលើផ្នែកប្រែប្រួលនៃតម្លៃអចលនទ្រព្យផងដែរ ។
* ទី៣៖ ដើម្បីពិនិត្យនិងពិភាក្សាសម្រេច លើសេចក្តីព្រាងអចលនទ្រព្យ ឧបសម្ព័ន្ធថ្មីនៃការបែងចែកភូមិសាស្រ្តថ្មី នៃតម្លៃអចលនទ្រព្យ កំណត់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា ក្នុងខេត្តកំពង់ចាម។
* ទី៤៖ ក្រោយពីការប្រជុំពិភាក្សាគ្នារួច សាខាពន្ធដារខេត្ត និងរៀបចំលិខិត ដាក់ជូនគណៈកម្មការវាយតម្លៃអចលនទ្រព្យ នៅអគ្គនាយកដ្ឋានពន្ធដារ៕