(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្ត ខណៈរដ្ឋបាលខេត្តនឹងជំរុញបន្ថែមទៀតដើម្បីឆ្ពោះសម្រេចតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាល នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូប និងសហគមន៍ ត្រូវមានទឹកស្អាតប្រើប្រាស់គ្រប់គ្នា។
កិច្ចប្រជុំនេះ បានធ្វើនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង និងមានការអញ្ជើញចូលរួមពីសំណាក់ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងសមាជិកក្រុមការងាបច្ចេករទេសវិស័យផ្គត់ផ្គង់ទឹក ការសំអាតអនាម័យជនបទថ្នាក់ខេត្ត និងតំណាងដៃគូរអភិវឌ្ឍន៍ជាតិ-អន្តរជាតិផងដែរ។
លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង បានថ្លែងថា កិច្ចប្រជុំសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់ក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្តនាពេលនេះ គឺជាការបង្ហាញឱ្យឃើញអំពីការយកចិត្តទុកដាក់ និងចាប់អារម្មណ៍ខ្លាំងលើវិស័យផ្គត់ផ្គង់ទឹកជនបទ និងអនាម័យជនបទ ដែលមានការពាក់ព័ន្ធដោយផ្ទាល់ពីស្ថាន ភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅជនបទក្នងការ ទទួលបានសេវាទឹកស្អាត និងការរស់នៅប្រកបដោយបរិស្ថានស្អាត និងមានសុខភាពល្អប្រសើរ។
លោក សយ គា បានបន្តថា តាមរយៈការខិតខំប្រឹងប្រែងរបស់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងមានការសហការពីអង្គការដៃគូអភិវឌ្ឍន៍នានា វិស័យផ្គត់ផ្គងទឹកជនបទ និងអនាម័យជនបទ មានភាពរីកចម្រើនគួឱ្យកត់សម្គាល់ ដែលជាផ្នែកមួយយ៉ាងសំខាន់ មិនអាចខ្វះបានក្នុងការគិតគូរពីសុខមាលភាពប្រជាជន និងជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅជនបទ។
លោក ដួង ពៅ បានថ្លែងថា វិស័យផ្គត់ផ្គងទឹកស្អាត និងអនាម័យ ជនបទជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជា មាននៅក្នុងផែនការយុទ្ធសាស្ត្រជាតិក្នុងការជំរុញ និងពន្លឿនវិស័យនេះឈានទៅដល់គោលដៅបានកំណត់ សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋមូលដ្ឋានឱ្យបានកាន់តែប្រសើរឡើង។
លោកអភិបាលរងខេត្តស្ទឹងត្រែង បានបន្តថា វិស័យផ្គត់ផ្គងទឹកស្អាត និងអនាម័យជនបទ សម្រាប់ខេត្តស្ទឹងត្រែង បច្ចុប្បន្នថ្នាក់ដឹកនាំខេត្តបានខិតខំប្រឹប្រែងបង្កើនកិច្ចសហប្រតិបត្តិការណ៍ជាមួយបណ្តាដៃគួអភិវឌ្ឍន៍នានាក្នុងខេត្ត រួមទាំងវិស័យឯកជន ដើម្បីសម្រេចឱ្យបាននូវយុទ្ធសាស្ត្រ ជាតិស្តីពីវិស័យផ្គត់ផ្គងទឹកស្អាត និងអនាម័យជនបទ នាឆ្នាំ២០២៣-២០២៥ ខាងមុខ។
ជាមួយគ្នានេះ លោក ដួង ពៅ ក៏បានផ្តាំផ្ញើឱ្យអង្គភាពពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បន្តកំណត់ផែនការសកម្មភាព តាមសំណូមពរតម្រូវការរបស់ប្រជាពលរដ្ឋ ឆ្ពោះសម្រេចឱ្យតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាល នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូប និងសហគមន៍ត្រូវមានទឹកស្អាតប្រើប្រាស់គ្រប់គ្នា៕