(កំពង់ធំ)៖ លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារចុះធ្វើការនៅខេត្តកំពង់ធំ តំណាងឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានប្រគល់គ្រាប់ត្នោតចំនួន៣ម៉ឺនគ្រាប់ ជូនរដ្ឋបាលខេត្តកំពង់ធំ សម្រាប់យកទៅដាំនៅក្នុងតំបន់៣ ជុំវិញបឹងទន្លេសាប។
ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែធ្នូឆ្នាំ២០២១នេះ ដោយមានការទទួលពីលោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ។
ជាមួយគ្នានេះ លោក សុក ហៃ បានថ្លែងអំណរគុណឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រួមទាំងក្រុមការងារ ដែលបានផ្តល់គ្រាប់ត្នោតសម្រាប់យកទៅដាំក្នុងតំបន់៣ ជុំវិញបឹងទន្លេសាប។
លោកបានបន្តថា មានគ្រាប់ត្នោតដែលបានទទួលនៅថ្ងៃនេះ ត្រូវបានចែកចាយទៅតាមបណ្ដាស្រុកក្រុង សម្រាប់យកទៅដាំដុះនៅតាមព្រំប្រទល់តំបន់៣ ដោយក្នុងមួយក្រុងស្រុកទទួលបានចំនួន ៤ពាន់គ្រាប់ និងកងកម្លាំងទាំង៣ ទទួលបាន ១០០០ពាន់គ្រាប់ ហើយការដាំដុះគ្រាប់ត្នោតនេះ គឺចន្លោះពីដើមមួយទៅដើមមួយចម្ងាយ៧ម៉ែត្រ។
នាឱកាសនោះលោក សុក ហៃ បានឱ្យដឹងថា គ្រាប់ត្នោត ដែលបានចែកជូនទៅនេះ គឺតម្រូវឱ្យអាជ្ញាធរក្រុងស្រុកត្រូវដាក់ផែនការឱ្យបានជាក់លាក់ច្បាស់លាស់នឹងរៀបចំក្រុមការងារចុះទៅតាមផែនការដែលបានកំណត់ គឺមិនត្រូវទុកគ្រាប់ត្នោតនេះចោលជាដាច់ខាតដូចនេះ អាជ្ញាធរខណ្ឌទាំងអស់ត្រូវមានការទទួលខុសត្រូវខ្ពស់ និងអនុវត្តតាមការណែនាំប្រកបដោយប្រសិទ្ធភាពខ្ពស់។
ជាចុងក្រោយលោក សុក ហៃ បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវតាមដាន និងចុះអនុវត្តជាប្រចាំដើម្បីកុំឱ្យមានការរុករៀនទន្ទ្រានយកដីនៅក្នុងតំបន់៣ មកធ្វើជាកម្មសិទ្ធិក៏ខ្លួនក្នុងករណីមានការរំលោភយកអាជ្ញាធរ ត្រូវតែមានវិធានការផ្លូវច្បាប់ជាធរមានដោយអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕