(ភ្នំពេញ)៖ លោក ប៉ោ ប៊ុនស្រ៊ឺ អតីតអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដែលជាសហស្ថាបនិកមួយរូបរបស់បក្សនេះ បានចេញមុខប្រកាសគាំទ្រ និងដង្ហែព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាប្រធានគណបក្សហ៊្វុនស៊ិន ដើម្បីតបស្នងព្រះគុណូបការៈរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងសុំដង្ហែ ព្រះអង្គម្ចាស់ជា ព្រះប្រធានគណបក្ស គ្រប់កាលៈទេសៈ ដរាបលុះថ្ងៃអសាន្តនៃជីវិត។ នេះបើតាម លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ។
ការចេញមកគាំទ្ររបស់ លោក ប៉ោ ប៊ុនស្រ៊ឺ បានធ្វើឡើងបន្ទាប់ពីក្រុមគណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិច និងមន្ត្រីមួយចំនួនទៀត កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានសម្រេចយាងសម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អារុណរស្មី មកដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច។ ប៉ុន្តែសម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អារុណរស្មី នៅមិនទាន់សម្រេចព្រះទ័យ យ៉ាងណានៅឡើយទេ ដោយសារព្រះអង្គ កំពុងតែនៅសហរដ្ឋអាមេរិក។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឯកឧត្តម ប៉ោ ប៊ុនស្រ៊ឺន អតីអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដែលជាស្ថាបនិក អ្នកចាស់ទុំ បន្ទាប់ពីបែកបាក់ខ្វែងគំនិតកន្លងមក បានធ្វើការប្រកាសគាំទ្រព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាប្រធានគណបក្សហ៊្វុនស៊ិន ដើម្បីតបស្នងព្រះគុណូបការៈរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងសុំដង្ហែ ព្រះអង្គម្ចាស់ជា ព្រះប្រធានគណបក្ស គ្រប់កាលៈទេសៈ ដរាបលុះថ្ងៃអសាន្តនៃជីវិត»។
បើតាមលោក ញឿន រ៉ាដែន, លោក ប៉ោ ប៊ុនស្រ៊ឺន បានប្រកាសនប្តេជ្ញាថែរក្សាកេរដំណែលសម្តេចតា និងក្នុងនាមលោកជាសហស្ថាបនិកម្នាក់របស់គណបក្សហ្វ៊ុនស៊ិនប៉ិច ជាពិសេសលោកនឹងដង្ហែព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ស្របទៅតាមព្រះតម្រិះដ៏ថ្លៃថ្លារបស់សម្តេចក្រុមព្រះ ហើយលោកនឹងបន្តប្រមូលអ្នករាជានិយម សីហនុនិយម ដើម្បីតាមដង្ហែព្រះម្ចាស់ នរោត្តម ចក្រាវុធ ដើម្បីចូលរួមលើកស្ទួយកិត្យានុភាពគណបក្សហ្វ៊ុនស៊ិនប៉ិច ឡើងវិញ។
លោក ញឿន រ៉ាដែន បានបញ្ជាក់បន្ថែមថា៖ «ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ លោកទទួលសិទ្ធិ ពីសម្តេចក្រុមព្រះក្នុងការដឹកនាំ ហើយការសម្រេចយ៉ាងណាទៀត គណបក្សនឹងជូនដំណឹងនៅពេលក្រោយ»។
គណបក្សហ៊្វុនស៊ិនប៉ិច ដែលធ្លាប់ជាគណបក្សធំមួយ ទទួលបានអសនៈក្នុងរដ្ឋសភា និងចូលរួមដឹកនាំរដ្ឋាភិបាល បានបែកបាក់ជាបន្តបន្ទាប់ និងមិនមានអសនៈទៀតឡើយ នៅក្នុងរដ្ឋសភា នាពេលបច្ចុប្បន្ននេះ៕