(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានបន្តបញ្ជាក់ជាថ្មីថា កងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៉ីវិល មិនអាចអព្យាក្រឹត្យរវាងរដ្ឋាភិបាល និងគណបក្សនយោបាយបានទេ។
ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដើម្បីឈ្នះបដិវត្តន៍ពណ៌ វិធីតែមួយគត់ គឺកាន់កម្លាំងប្រដាប់អាំវុធឲ្យជាប់។ យើងទទួលស្គាល់ នូវអព្យាក្រឹត្យភាព នៃកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៉ីវិល ចំពោះមុខបក្សនយោបាយ ប៉ុន្តែយើងមិនអាចអព្យាក្រឹត្យ កម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៉ីវិល រវាងរដ្ឋាភិបាល និងបក្សនយោបាយបានទេ។ សុំចាំកន្លែងនេះ»។
ការលើកឡើងរបស់សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលជាច្រើន នៅលើពិភពលោកនេះ ត្រូវបានផ្តួលរលំដោយសារបដិវត្តន៍ពណ៌ ដែលជាគំនិតរបស់សហរដ្ឋអាមេរិក ហើយបដិវត្តន៍ពណ៌នេះជោគជ័យ ដោយសារតែការរក្សាអព្យាក្រឹត្យ នូវកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៉ីវិល រវាងរដ្ឋាភិបាល និងបក្សនយោបាយ។
សម្តេចបន្តថា បដិវត្តន៍ពណ៌នៅលើពិភពលោក មិនទាន់បញ្ចប់ទេ ហើយមានចលនាជំរុញកាន់តែខ្លាំងទៀតផង។ នៅកម្ពុជានេះ បដិវត្តន៍ពណ៌ក៏មានកើតមានដែរ ប៉ុន្តែតែងតែបរាជ័យជានិច្ច ហើយត្រូវចំណុចនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន លើកឡើងថា ដើម្បីឈ្នះបដិវត្តន៍ពណ៌ មានវិធីតែមួយគត់ គឺកាន់កងកម្លាំងប្រដាប់អាវុធឲ្យជាប់។
សម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ៗថា «ពួកគេអាចធ្វើឈ្នះនៅកន្លែងមួយចំនួន ប៉ុន្តែមិនអាចធ្វើឈ្នះនៅកម្ពុជា ដោយសារអ្វី? បទពិសោធន៍នេះ ត្រូវចងចាំហើយត្រូវធ្វើបន្តទៅមុខ! យើងអព្យាក្រឹត្យ ចំពោះបណ្តាបក្សនយោបាយទាំងអស់ដូចៗគ្នា យើងការពារឲ្យដូចៗគ្នា។ ឧទាហរណ៍ថា កម្លាំងនគរបាលត្រូវការពារនូវការជួបជុំណាមួយរបស់បក្សនយោបាយ ក្នុងការឃោសនាបោះឆ្នោត ឬក្នុងកិច្ចការរបស់គេ យើងត្រូវការពារឲ្យ បក្សកាន់អំណាចក៏យើងការពារ បក្សមិនមែនកាន់អំណាចក៏យើងការពារ។ ក៏ប៉ុន្តែ រវាងរាជរដ្ឋាភិបាល ជាមួយនឹងបណ្តាបក្សនយោបាយ រាប់ទាំងបក្សកាន់អំណាច គឺអត់មានត្រូវអព្យាក្រឹត្យជាមួយទេ។ ខ្ញុំមើលឃើញនៅពេល CNN ផ្សាយបន្តផ្ទាល់ Georgia (សហរដ្ឋអាមេរិក) ក្នុងពេលដែលបាតុករ ចូលក្នុងវិមានប្រធានាធិបតី ក៏ទ័ពអត់ធ្វើអន្តរាគមន៍សោះ។ នៅកម្ពុជាដាច់ខាតអត់បាន!»។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹករឿងឯកអគ្គរដ្ឋទូតមហាអំណាចមួយ កាលពីឆ្នាំ២០១៣ ដែលបានមកបញ្ចុះបញ្ចូលកូនរបស់សម្តេចដោយប្រាប់ថា បើបាតុករចូលវិមានសន្តិភាព កុំឲ្យបាញ់។ សម្តេចតេជោ ហ៊ុន សែន ប្រាប់ឯកអគ្គរដ្ឋទូតនោះ មើលរដ្ឋធម្មនុញ្ញកម្ពុជាឲ្យបានច្បាស់។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នរណាក៏ដោយដែលធ្វើឲ្យប៉ះពាល់រដ្ឋធម្មនុញ្ញ កងកម្លាំងប្រដាប់អាវុធ ត្រូវតែកម្ទេចចោល។ សម្តេចផ្តាំថា ចំណុចស្នូលនៃមេបដិវត្តន៍ពណ៌ គឺធ្វើឲ្យអព្យាក្រឹត្យកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៉ីវិល នៅពេលពួកគេធ្វើចលនាបាតុកម្ម។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «នៅក្នុងអំណាចរបស់ខ្ញុំ មេទ័ព ឬមេទាហានណាមិនធ្វើសកម្មភាពទប់ស្កាត់ចលនាបដិវត្តន៍ ត្រូវតែដកចេញពីតំណែង»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដែរថា ការធ្វើបាតុកម្មទ្រង់ទ្រាយធំទាំងយប់ទាំងថ្ងៃ ទាមទារឲ្យសម្តេចចុះចេញពីតំណែង ក្រោយពេលជាប់ឆ្នោតមានន័យថា ជាបដិវត្តន៍ពណ៌។ សម្តេចតេជោ បានរំលឹកអំពីច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃឧត្តមក្រុមប្រឹក្សាការពារជាតិ ដោយមានតួនាទីភារកិច្ច ការពាររដ្ឋធម្មនុញ្ញ និងមេដឹកនាំដែលកើតចេញពីការបោះឆ្នោត៕