(ភ្នំពេញ)៖ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានប្រកាសជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលជាមាតាបិតា-អាណាព្យាបាល អ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ ព្រមទាំងសាធារណៈជនក្នុងមូលដ្ឋានខណ្ឌទាំងអស់ បញ្ជូនបុត្រធីតា និងសាច់ញាតិ អាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ឱ្យមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជម្រុញ ឫដូសទី៣ ក្រោយពីបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងយុទ្ធនាការ ដូសទី១ និងដូសទី២រួចរាល់ហើយមានគម្លាតរយៈពេល៤ខែឡើង ចំនួន៤ទីតាំង ក្នុង៥សង្កាត់ផ្សេងៗគ្នា ចាប់ផ្ដើមពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ។
សូមជម្រាបថា សម្រាប់មណ្ឌលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលមានចំនួន៤ទីតាំង ក្នុង៥សង្កាត់ផ្សេងៗគ្នា នៃរដ្ឋបាលខណ្ឌព្រែកព្នៅ រួមមាន៖ សង្កាត់ព្រែកព្នៅ ស្ថិតនៅមន្ទីរពេទ្យបង្អែកព្រែកព្នៅ, សង្កាត់សំរោង ស្ថិតនៅមណ្ឌលសុខភាពសំរោង, សង្កាត់ពញាពន់ និងសង្កាត់ពន្សាំង ស្ថិតនៅមណ្ឌលសុខភាពពញាពន់, និងសង្កាត់គោករកា ស្ថិតនៅមណ្ឌលសុខភាពគោករកា។
បន្ថែមពីនេះ លោក សុខ សម្បត្តិ ក្នុងនាមក្រុមការងារចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៃរដ្ឋបាលខណ្ឌព្រែកព្នៅ ដោយទទួលបានការប្រគល់ភារកិច្ច ពីអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌរាជធានីភ្នំពេញ បានជម្រាបថា សម្រាប់កុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវភ្ជាប់មកជាមួយនូវឯកសារ រួមមាន៖ ប័ណ្ណ (កាត) ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩, សំបុត្រកំណើតឫអត្តសញ្ញាណ្ណប័ណ្ណសញ្ជាតិខ្មែរ, សៀវភៅស្នាក់នៅ, សៀវភៅគ្រួសារ, ឫលិខិតឆ្លងដែន ដែលបានប្រើប្រាស់ក្នុងការចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១។
បន្ថែមពីនេះទៀត លោកអភិបាលខណ្ឌព្រែកព្នៅ សូមក្រើនរំលឹកចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជាមាតាបិតា-អាណាព្យាបាល អ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ ព្រមទាំងសាធារណៈជនអញ្ជើញមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវប្រកាន់ភ្ជាប់ឱ្យបានជាដាច់ខាតនូវការតក្សាគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរហើយត្រូវបន្តអនុវត្តនូវវិធានការសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕