(អាមេរិក)៖ ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត បុត្រាច្បង របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីស្វែងរកការបង្រួបបង្រួមរវាងជាតិសាសន៍ខ្មែរ នៅក្រៅប្រទេសត្រូវគេឃើញថា បានទទួលការគាំទ្រគួរកត់សម្គាល់ ក្នុងគ្រាដែលប្រជាពលរដ្ឋខ្មែរមួយចំនួនតូចនៅក្រៅប្រទេស នោះ បានធ្វើការប្រឆាំងតវ៉ាក៏ដោយ ។ លោក ហ៊ុន ម៉ាណែត បានធ្វើដំណើរឆ្លងកាត់ទ្វីបចំនួន៣ ក្នុងរយៈពេលមិនដល់មួយឆ្នាំផងនោះទេ ដើម្បីជួបប្រជាពលរដ្ឋខ្មែរជាច្រើនពាន់នាក់ ។ ដែលដំណើរចុងក្រោយនេះគឺបានបញ្ចប់នៅសហរដ្ឋអាមេរិក និងកាណាដា ដែលផ្ទុយពីការផ្សាយ មួយចំនួនដែលលើកឡើងថា លោក ហ៊ុន ម៉ាណែត ត្រូវអាជ្ញាធរអាមេរិក ឃាត់សួរនាំពាក់ព័ន្ធនឹងករណីចោទប្រើអំពើហិង្សា ឬករណីចោទ ទៅតុលាការ ICC នោះទេ ។
ក្នុងដំណើរទៅកាន់ប្រទេសចំនួន៤ ក្នុងទ្វីបអឺរ៉ុប ដើម្បីជួបប្រជាពលរដ្ឋខ្មែរ រួមមានប្រទេសបារាំង អាល្លឺម៉ង់ ស្វីស និងប៊ែលហ្សីក លោកបាន ទទូលការស្វាគមន័ពីបងប្អូនខ្មែរជាច្រើននាក់នៅទីនោះ និងលោក បានលើកឡើងអំពីការអភិវឌ្ឍន៍ និងស្ថានភាពពិតរបស់ប្រទេសកម្ពុជាបច្ចុប្បន្ន ដែលមិនមែនជាស្ថានភាពកម្ពុជាគ្រាន់តែលើសារព័ត៌មានប៉ុណ្ណោះទេ។ បន្ទាប់ពីដំណើរទស្សនកិច្ចនៅអ៊ឺរ៉ុបកាលពីចុងឆ្នាំ២០១៥ លោក ហ៊ុន ម៉ាណែត បានអញ្ជើញធ្វើដំណើរទៅកាន់ប្រទេសចិន។ និងក្រោយមក ក្នុងខែមេសាឆ្នាំ២០១៦ លោកបានបន្តដំណើទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីជួបពលករខ្មែរ ដែលកំពុងធ្វើការនៅទីនោះ បើទោះបីជាមានការគម្រាម ធ្វើបាតុកម្មប្រឆាំងនោះក្តី ប៉ុន្តែការធ្វើបាតុកម្មមិន អាចកើតមានឡើងនោះឡើយ ដោយសារតែភាពចាស់ទុំខាងនយោបាយ របស់លោក ភាពសាមញ្ញរបស់លោក បានរឹតតែញ៉ាំងឲ្យក្រុមបាតុករមកជួបលោក និងងាកមកជួបជុំគ្នា និងស្វែងយល់អំពីការពិត ដែលកើតមានឡើងមិនដូចអ្វី ដែលសារព័ត៌មានផ្សព្វផ្សាយមិនពិតនោះទេ ។
នៅទីនោះ លោក ហ៊ុន ម៉ាណែត បានសន្យាជួយបង្កើនពលករឲ្យបានច្រើន ក្នុងឆ្នាំ២០១៦នេះ និងសន្យាសម្រួលភាពលំបាករបស់ពលករខ្មែរ បញ្ចប់នូវបញ្ហាមិនប្រក្រតីនានា ពិសេសក៏មានការផ្លាស់ប្តូរ ឯកអគ្គរាជ ទូតថ្មីប្រចាំនៅប្រទេសកូរ៉េខាងត្បូងថែមទៀត ។ នៅខែមេសាដដែល ក្នុងគ្រាដែល ប្រជាពលរដ្ឋនានាក្នុងប្រទេសកម្ពុជាអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ជួបជុំក្រុមគ្រួសារនោះ លោក ហ៊ុន ម៉ាណែត ត្រូវគេឃើញថា បានដឹកនាំក្រុមការងារចេញទៅទ្វីបអាមេរិក ចំនួន៤រដ្ឋ ដើម្បីប្រារព្វពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ជាមួយបងប្អូនខ្មែរនៅក្រៅ ប្រទេសនោះទៅវិញ បើទោះបីជាដឹងថា ក្រុមបាតុករជាច្រើនបានត្រៀមប្រឆាំងរូបលោកនោះក្តី។
រដ្ឋទី១៖ ដែលលោកទៅដល់គឺរដ្ឋ កាលីហ្វញ៉ា បើទោះបីជាក្រុមបាតុករបានប្រើអំពើហិង្សា ប៉ុន្តែលោក ហ៊ុន ម៉ាណែត និងក្រុមការងារបានធ្វើពិធីជួបជុំ បងប្អូនខ្មែរដោយជោគជ័យ និងមានអ្នកចូលរួមគាំទ្រលើសពីការគ្រោងទុក។ លោក ហ៊ុន ម៉ាណែត និងក្រុមការងារ រួមទាំងអ្នកចូលរួមទាំងអស់ បានរងការប្រើហិង្សារបស់បាតុករដោយសារចោលវត្ថុរឹងទៅលើ និងរហូត ដល់ប្រើផ្សែងម្រេច បាញ់បង្ហូរទឹកភ្នែក ក៏ពួកគេនៅតែអាចចូល ទៅជួបបងប្អូនខ្មែរ និងបានសំណេះសំណាល លើកឡើងនូវរឿងរ៉ាវពិតរបស់កម្ពុជាជូនដល់បងប្អូនខ្មែរដែលចូលរួមស្តាប់។
ក្នុងរដ្ឋកាលីហ្វញ៉ា លោក ហ៊ុន ម៉ាណែត បានទទួលការស្វាគមន៍ពីអាជ្ញាធរអាមេរិក នៃសង្កាត់ Signal Hill ជុំវិញការធ្វើពិធីដង្ហែក្បួនព្យុះហយាត្រា ចូលឆ្នាំខ្មែរនៅទីក្រុង Long Beach រដ្ឋកាលីហ្វញ៉ា។ លោក ហ៊ុន ម៉ាណែត បើទោះបីជាមិនបានចូលរួមក្នុងពិធីដង្ហែក្បួន ដើម្បីកុំឲ្យខ្មែរមាន ជម្លោះរវាងខ្មែរ និងខ្មែរនោះក្តី លោកនៅបានប្រគល់សម្ភារៈ សម្រាប់ដង្ហែក្បួន ដើម្បីបង្ហាញអំពីប្រពៃណីវប្បធម័របស់ខ្មែរ ក្នុងទឹកដីអាមេរិក ពិសេសគឺការរៀបចំឲ្យ មានការតាំងពិពណ៌ដែលមានការចូលរួមពីក្រសួង ស្ថាប័ននានា ដូចជាក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ សភាពាណិជ្ជកម្ម និងអង្គការសមាគមន័មួយចំនួនទៀត ។
រដ្ឋទី២៖ លោក ហ៊ុន ម៉ាណែត បានធ្វើដំណើរទៅកាន់រដ្ឋ Washington State ជួបបងប្អូនខ្មែរនៅ Seattle និង Tacoma ដែលភាគច្រើនជា ជនជាតិអ៊ីស្លាម។ ក្នុងពិធីជួបជុំពិសារអាហារសាមគ្គីមហាគ្រួសារខ្មែរមួយ លោក ហ៊ុន ម៉ាណែត បានលើកឡើងអំពីសិទ្ធសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ និងការអភិវឌ្ឍ នានានាពេលបច្ចប្បន្ន (សម្លេង)។ លោក ហ៊ុន ម៉ាណែត បានជួបជាមួយតំណាងព្រឹទ្ធសភាអាមេរិក នៅទីនោះ និងអភិបាល ក្រុងSeattle ដែលបានជជែកច្រើនទៅលើកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំង២ និងគ្រោងផ្សារភ្ជាប់ឲ្យក្លាយជាSister City ថែមទៀត។
រដ្ឋទី៣៖ ទីរដ្ឋ តិចសាស ដែលលោក ហ៊ុន ម៉ាណែត គឺលោកបានធ្វើដំណើរបន្តទៅកាន់រដ្ឋតិចសាស់ ដើម្បីជួបបងប្អូនខ្មែរ ពិសេសជួបជាមួយ ពាណិជ្ជកររបស់រដ្ឋតិចសាស និងអភិបាលក្រុង Houston ។ ប្រជាពលរដ្ឋខ្មែរបានសម្តែងការគាំទ្រដំណើរមកដល់របស់លោក ហ៊ុន ម៉ាណែត។
រដ្ឋចុងក្រោយនៃដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក លោក ហ៊ុន ម៉ាណែត បានធ្វើដំណើរទៅ កាន់រដ្ឋម៉ាសាឈូសេត ដែលជារដ្ឋសំខាន់មួយទៀត មានប្រជាពលរដ្ឋខ្មែររស់នៅច្រើន បន្ទាប់ពីរដ្ឋកាលីហ្វញ៉ា។ ក្រុមបាតុករបាននាំគ្នាប្រឆាំងតវ៉ារូបលោកក៏ពិតមែន ប៉ុន្តែពុំបានធ្វើឲ្យប៉ះពាល់ដល់ដំណើរ ស្វែងរកការបង្រួបបង្រួមគ្នានោះទេ។ លោកបានឡើងធ្វើបឋកថា ចំពោះនិស្សិតនៅសកលវិទ្យាល័យ មួយក្នុងទីក្រុង River Fall ក្នុងប្រធានបទ ដែលកម្ពុជាឆ្លងកាត់ របបប្រល័យពូជសាសន័ខ្មែរក្រហម និងបានរីកចំរើនមកដល់ពេលនេះ ។ លោកនិងក្រុមការងារ បានជួបជាមួយតំណាងរាស្ត្រ ព្រឹទ្ធសភាអាមេរិកក្នុងទីក្រុង Rodhe Island និងបានទទួលការស្វាគមន័ ការពារយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរអាមេរិក ។
ក្នុងរដ្ឋម៉ាសាឈូសេត លោក ហ៊ុន ម៉ាណែត បានជួបជាមួយប្រជាពលរដ្ឋច្រើនរយនាក់ ក្នុងពិធីជួបជុំពិសារអាហារសាមគ្គី ។ បន្ទាប់ពីសហរដ្ឋអាមេរិក លោក ហ៊ុន ម៉ាណែត បានធ្វើដំណើរទៅកាន់ប្រទេសកាណាដា ដើម្បីបន្តដំណើរបង្រួបបង្រួមគ្នាបន្ថែមទៀត កាលពីថ្ងៃទី២១ ខែមេសា លោក ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារ ជាមួយលោក Peter Schiefke សមាជិកសភា និងជាជំនួយការផ្ទាល់ របស់នាយករដ្ឋមន្រ្តីកាណាដា ទទួលបន្ទុកការងារយុវជន និងលោក Peter McArthur អគ្គនាយក អគ្គនាយកដ្ឋានកិច្ចការអាស៊ី នៃក្រសួងការបរទេសកាណាដា នៅព្រឹកថ្ងៃទី២១ ខែមេសាឆ្នាំ២០១៦ នៅទីក្រុងអូតាវ៉ា ប្រទេសកាណាដា។ នេះបើតាមការបង្ហោះឲ្យដឹង នៅលើបណ្តាញសង្គម Facebook របស់លោក ហ៊ុន ម៉ាណែត កូនប្រុសរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីននៃកម្ពុជា។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងកិច្ចពិភាក្សានោះ លោកបានស្នើសុំឲ្យកាណាដាពិចារណាក្នុងការ៖ ១, ផ្តល់ទិដ្ឋកាការងារដល់ប្រជាជនខ្មែរ ដើម្បីឲ្យប្រជាជនខ្មែរ មានឱកាសបានមកធ្វើការនៅប្រទេសកាណាដា ក្នុងរយៈពេលខ្លី និង ២, សុំឲ្យរដ្ឋាភិបាលកាណាដាជួយ ពង្រីកការផ្តល់អាហារូបករណ៏ដល់និស្សិតខ្មែរដើម្បី បានមកសិក្សានៅប្រទេសកាណាដា ។ ក្នុងដំណើរបំពេញបេសកកម្មនៅសហរដ្ឋអាមេរិក និង កាណាដា លោក ហ៊ុន ម៉ាណែត បានជួបជាមួយអ្នកវិនិយោគ របស់អាមេរិក និងកាណាដា ដើម្បីប្រាប់អំពីស្ថានភាពការអភិវឌ្ឍន័៍ ស្ថានភាពកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីស្វែងការវិនិយោគមកកាន់ប្រទេសកម្ពុជានេះ ។ លោក ហ៊ុន ម៉ាណែត ក៏ត្រូវបាន វិទ្យុនិងទូរទស្សន៍ជាច្រើនសម្ភាសន៏ទាំងក្នុងសហរដ្ឋអាមេរិក និងកាណាដាផងដែរ ។
ដំណើរស្វែងរកការបង្រួបបង្រួមជាតិដោយលោក ហ៊ុន ម៉ាណែត ត្រូវគេឃើញថា បានក្លាយជាដំណើរជាប្រវត្តិសាស្ត្រប្រកបដោយជោគជ័យ ដើម្បីកុំឲ្យខ្មែរ ឈ្លោះប្រកែកគ្នា និងងាកមករួបរួមសាមគ្គីភាពគ្នានៅក្រៅប្រទេសនោះ៕