(ភ្នំពេញ)៖ សម្តេចជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ បានថ្លែងប្រកាសខ្លាំងៗថា នរណាក៏ដោយដែលធ្វើឱ្យប៉ះពាល់រដ្ឋធម្មនុញ្ញ កងកម្លាំងប្រដាប់អាវុធ ត្រូវតែកម្ទេចចោល ដូចជាការធ្វើបដិវត្តពណ៌ តាមរយៈការធ្វើរដ្ឋប្រហារជាដើម គឺកម្លាំងប្រដាប់អាវុធត្រូវតែកម្ទេចចោលជាបន្ទាន់។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះ ឆ្លើយតបចំពោះការលើកឡើងគ្មានមូលដ្ឋានរបស់ជនមួយចំនួន អំពីសិទ្ធិបញ្ជាកងទ័ពរបស់សម្តេច។ សម្តេចបញ្ជាក់យ៉ាងច្បាប់ថា សិទ្ធិបញ្ជាកងទ័ពរបស់សម្តេច ធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយដរាបណា សម្តេចនៅតែធ្វើជានាយករដ្ឋមន្ត្រី សម្តេចនៅតែបញ្ជាកងទ័ព។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលក្រសួងការពាជាតិ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «អ្នកឯងមិនចង់ឲ្យខ្ញុំបញ្ជាទ័ព អ្នកឯងចង់ដកសិទ្ធិខ្ញុំ ដែលនិយាយអំពីនាយករដ្ឋមន្ត្រីពាក់ខោអាវទាហាន បញ្ជាទាហាន ខ្ញុំធ្វើតាមក្របខណ្ឌរដ្ឋធម្មនុញ្ញ។ អ្នកណាក៏ដោយដែលប៉ះពាល់ដល់រដ្ឋធម្មនុញ្ញ កម្លាំងប្រដាប់អាវុធត្រូវកម្ទេចចោល។ ឧទាហរណ៍រដ្ឋប្រហារចេញ មិនថាមកពីកន្លែងណាទេ ត្រូវធ្វើសកម្មភាពភ្លាម បំផ្លាញចោល អត់មានឲ្យអ្នកឯងមកបង្កើតបដិវត្តពណ៌ ចំណុចស្នូលនៃមេបដិវត្តពណ៌ ត្រូវក្តាប់វា គឺការធ្វើអព្យាក្រឹត្យកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៉ីវិល»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីឈ្នះបដិវត្តពណ៌ វិធីតែមួយគត់ គឺកាន់កម្លាំងប្រដាប់អាវុធឲ្យជាប់ និងគ្រប់គ្រងរដ្ឋបាលស៉ីវិលឲ្យបាន។
សម្តេចតេជោ ហ៊ុន សែន ថ្លែងទៀតថា «យើងទទួលស្គាល់នូវអព្យាក្រឹត្យភាពនៃកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល ចំពោះមុខបក្សនយោបាយ ប៉ុន្តែយើងមិនអាចអព្យាក្រឹត្យកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៉ីវិល រវាងរដ្ឋាភិបាល និងបក្សនយោបាយបានទេ ពួកគេអាចធ្វើឈ្នះនៅកន្លែងមួយចំនួន ប៉ុន្តែមិនអាចធ្វើឈ្នះនៅកម្ពុជា ដោយសារអ្វី ? បទពិសោធន៍ត្រូវចងចាំ និងត្រូវធ្វើតទៅមុខ យើងត្រូវអព្យាក្រឹត្យ ចំពោះមុខបក្សនយោបាយទាំងអស់ដូចៗគ្នា យើងការពារឲ្យដូចគ្នាៗ [...] ក៏ប៉ុន្តែរវាងរាជរដ្ឋាភិបាល ជាមួយបក្សនយោបាយ រួមទាំងបក្សកាន់អំណាច គឺអត់មានត្រូវអព្យាក្រឹត្យជាមួយទេ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ក្នុងអំណាចរបស់សម្តេច ប្រសិនមេទ័ព ឬមេនគរបាលណា ដែលមិនធ្វើសកម្មភាពប្រឆាំងនឹងបដិវត្តពណ៌ទេ នឹងត្រូវដកចេញភ្លាមៗ បើអនុក្រឹត្យត្រឹមតែរយៈពេលតែ៥នាទី ទៅ១៥នាទីប៉ុណ្ណោះ គឺត្រូវដកចោលតែម្តង រួមទាំងចៅហ្វាយខេត្តផងដែរ ក៏ដូចគ្នា៕