(ភ្នំពេញ)៖ ការស្ថាបនាផ្លូវបេតុងឆ្អឹងដែក១ខ្សែ នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ សម្រេចបាន ៥០% ហើយនឹងការដាក់ប្រព័ន្ធលូ ស្ដារលូ ស្ថិតនៅភូមិផ្សារតូច និងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ជាមួយការជួសជុលអណ្ដូងលូ ស្ថិតនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ក៏សម្រេចបាន ៩០% ផងដែរ ក្រោយពីបានដាក់ឱ្យក្រុមហ៊ុនដេញថ្លៃកន្លងមក ហើយនឹងឈានដល់ការប្រកាស់បើកការដ្ឋានជាផ្លូវការជាបន្តបន្ទាប់ ជាគម្រោងមូលនិធិអភិវឌ្ឍន៍របស់រដ្ឋបាលសង្កាត់-ខណ្ឌ ឆ្នាំ២០២១ សម្រាប់បម្រើផលប្រយោជន៍រួមជូនប្រជាពលរដ្ឋ។

នេះបើតាមការចុះពិនិត្យជាក់ស្ដែង និងជំរុញពន្លឿនការងារបន្ថែម ហើយនឹងការបញ្ជាក់ឱ្យបានដឹងរបស់លោក ឯក ឃុនដឿន ប្រធានគណ:កម្មាធិការលទ្ធកម្មខណ្ឌប្ញស្សីកែវ និងជាអភិបាលខណ្ឌ ដែលអ្នកយកព័ត៌មានអង្គភាព Fresh News លោក ហាស់ កំសាន្ដ ទទួលបាននៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។

បើតាមលោក ឯក ឃុនដឿន ចំពោះការចុះពិនិត្យការងារលទ្ធកម្មសំណង់នេះ មានចំនួន២គំរោង៖
*គំរោងទី១ ស្ថាបនាផ្លូវបេតុងឆ្អឹងដែក ១ខ្សែ កម្រាស់០.១៥ម៉ែត្រ បណ្តោយ៨២ម៉ែត្រ និងទទឹង៨ម៉ែត្រ ស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ សម្រេចបាន ៥០%
*គំរោងទី២ ដាក់ប្រព័ន្ធលូ ១ខ្សែមុខកាត់០.៨០ម៉ែត្រ ដែលមានប្រវែង៤០០ម៉ែត្រ ស្ថិតនៅភូមិផ្សារតូច និងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១, ស្តារលូ២ខ្សែមុខកាត់០.៨០ម៉ែត្រ ដោយខ្សែទី១ ប្រវែង៩៤០ម៉ែត្រ ហើយនឹងជួសជុលអណ្តូងលូចំនួន១២អណ្តូង នៅភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ និងខ្សែទី២ ប្រវែង៥៨០ម៉ែត្រ ស្ថិតនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ដែលសម្រេចបាន ៩០% ផងដែរ ក្រោយពីបានដាក់ឱ្យក្រុមហ៊ុនដេញថ្លៃកន្លងមក ហើយនឹងឈានដល់ការប្រកាស់បើកការដ្ឋានជាផ្លូវការជាបន្តបន្ទាប់ ជាគម្រោងមូលនិធិអភិវឌ្ឍន៍របស់រដ្ឋបាលសង្កាត់-ខណ្ឌ ឆ្នាំ២០២១ សម្រាប់បម្រើផលប្រយោជន៍រួមជូនប្រជាពលរដ្ឋ៕