(ភ្នំពេញ)៖ លោកផ្កាយ៣ អ៊ិន បូរ៉ា ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ក្រសួងមហាផ្ទៃ បានថ្លែងការកត់សម្គាល់របស់ខ្លួនថា ការបង្រ្កាបបទល្មើសសេដ្ឋកិច្ច ដូចជាការបង្រ្កាបផលិតផលក្លែងក្លាយ និងខូចគុណភាព នៅមិនទាន់ចុះសម្រុងគ្នារវាងកម្លាំងនគរបាលសេដ្ឋកិច្ច និងកម្លាំងសមត្ថកិច្ចគយនៅឡើយទេ។ បើតាមលោក អ៊ិន បូរ៉ា ការមិនចុះសម្រុងគ្នានេះ ដោយសារតែអង្គភាពនីមួយៗចង់ដណ្តើមធ្វើតួឯក។
ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចសហប្រតិបត្តិការបង្ការបង្ក្រាបបទល្មើសសេដ្ឋកិច្ច ប្រចាំឆ្នាំ២០១៥ និងលើកទិសដៅបន្តឆ្នាំ២០១៦ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ លោក អ៊ិន បូរ៉ា បានថ្លែងថា ការងារបង្ការ បង្ក្រាបបទល្មើសសេដ្ឋកិច្ច និងទប់ស្កាត់ការហូរចូលផលិតផលក្លែងក្លាយ ទំនិញអស់គុណភាពមកពីក្រៅប្រទេស អគ្គស្នងការនគរបាលជាតិ តែងចេញបញ្ជាឲ្យកង កម្លាំងនគរបាលពាក់ព័ន្ធសហការជាមួយមន្ត្រីអង្គភាពគយ និងរដ្ឋាករ នៅតាមមូលដ្ឋានចូលរួមសហការគ្នាបង្ក្រាប តែការខ្វែងគំនិត គ្នាហាក់នៅតែកើតមាន។
លោក អ៊ិន បូរ៉ា បានថ្លែងបញ្ជាក់ដូច្នេះ «សកម្មភាពបង្ក្រាបផលិតផលក្លែងក្លាយ ទំនិញអស់គុណភាព គឺនៅមិនទាន់មានការឯកភាពទាំងស្រុងទេ រវាងនគរបាលសេដ្ឋកិច្ច និងមន្ត្រីគយ នៅតាមមូលដ្ឋាន។ ការមិនទាន់មានឯកភាពគ្នានោះ ទំនងមកពីអង្គភាពនីមួយៗ ចង់ធ្វើតួឯក យកមុខមាត់ លើការងារបង្ក្រាបនោះ»។
តាមរបាយការណ៍ ក្នុងឆ្នាំ២០១៥ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះស្រាវជ្រាវបង្ក្រាបបទល្មើសសេដ្ឋកិច្ចគ្រប់ប្រភេទ បានចំនួន៥០៣ករណី ហើយតាមរយៈការបង្ក្រាបនោះ អង្គភាពគយ និងរដ្ឋាករកម្ពុជា រកចំណូលចូលរដ្ឋបានប្រមាណ ១៥០០លានដុល្លាអាមេរិក។ ដោយឡែកក្នុងរយៈពេលបីខែ ដើមឆ្នាំ២០១៦នេះ គយ និងរដ្ឋាករ រកចំណូលចូលរដ្ឋបានប្រមាណជិត ៥០០លានដុល្លារ៕