(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ បានបន្តជំរុញឱ្យអាជ្ញាធរយកចិត្តទុកដាក់បន្ថែមទៀត ចំពោះការផ្សព្វផ្សាយ និងចលនាប្រជាពលរដ្ឋ ឱ្យទៅទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ ដែលជាសាររំលឹកហើយរំលឹកទៀត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពជា។
ការជំរុញរបស់លោកអភិបាលខណ្ឌឫស្សីកែវ យ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីបញ្ចប់កិច្ចប្រជុំតាមប្រព័ន្ធអនឡាញ (Zoom) ដោយមានការចូលរួមពីគណៈអភិបាល គណៈនាយក ប្រធានការិយាល័យពាក់ព័ន្ធ និងអស់លោក-លោកស្រី ចៅសង្កាត់ ចៅសង្កាត់រង សង្កាត់ទាំង៧ ស្តីពីការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។
ក្នុងកិច្ចប្រជុំនេះ លោក ឯក ឃុនដឿន បានលើកឡើង ចំពោះការយកចិត្តទុកដាក់ ក្នុងការផ្លាស់ប្ដូរទំលាប់ធ្វើការងារ និងការរៀនរស់តាមបែបគន្លងថ្មី នៃបរិបទកូវីដ១៩ ពិសេសការបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឱ្យបានជាប់ជានិច្ច ក្រៅពីការផ្សព្វផ្សាយចលនាប្រជាពលរដ្ឋ ឱ្យទៅទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ ដែលជាសាររំលឹកហើយរំលឹកទៀត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពជា៕