(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា អត្រា នៃការឆ្លងជំងឺកូវីដ១៩ នៅក្នុងខេត្តរបស់លោក បានវិលទៅរកភាពប្រក្រតីឡើងវិញហើយ ខណៈគ្មានអ្នកឆ្លងថ្មី អ្នកស្លាប់ ហើយសម្រាប់អ្នកជំងឺនៅសល់តិចតួចប៉ុណ្ណោះក្នុងមណ្ឌលព្យាបាល។
ការលើកឡើងដូច្នេះធ្វើឡើងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ក្នុងឱកាសអមដំណើរជាមួយនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខក្រុមគ្រូពេទ្យរបស់យោធភូមិភាគ៣ ដែលកំពុងជាប់ដៃក្នុងការផ្តល់វ៉ាក់សាំងស៊ីណូវ៉ាក់ បង្ការជំងឺកូវីដ១៩ដូសទី៣ ឬដូសជំរុញដល់កម្មករ-កម្មារិនី និយោជិតជាង១៤ម៉ឺននាក់ ក្នុងរោងចក្រស៊ីគ្លូ ក្នុងភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
លោក វ៉ី សំណាង បានថ្លែងថា «ប្រជាពលរដ្ឋនៅក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺជាង៩៩% បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២ដូសរួចរាល់។ ការចាក់បានរួចរាល់នេះបានធ្វើឱ្យអត្រា នៃការឆ្លងបានថយចុះ ពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ដំណាក់កាលចុងក្រោយនេះ គឺគ្មានអ្នកឆ្លង និងស្លាប់ដោយសារជំងឺកូវីដ១៩តែម្តង។ ហើយទន្ទឹមនិងគ្មានអ្នកឆ្លងនេះទៀត អ្នកជំងឺកំពុងសម្រាកព្យាបាលក្នុងមណ្ឌល ក៏បានជាសះស្បើយជាបន្តបន្ទាប់ រហូតដល់ពេលនេះនៅសល់ត្រឹមតែចំនួន១៧នាក់ប៉ុណ្ណោះ ដែលចំនួនដែលនៅសល់នេះ ក៏រពឹងថា នឹងជាសះស្បើយក្នុងពេលដ៏ខ្លីខាងមុខនេះដែរ»។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានអមអរសាទរចំពោះរបាយការណ៍រដ្ឋបាលខេត្តកំពង់ស្ពឺ។ នាយឧត្តមសេនីយ៍បានកោតសសើរថា ទាំងនេះគឺជាការខិតខំលះបង់អស់ម្លាំងកាយចិត្ត និងប្រាជ្ញាឈ្លាស់វៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការកៀរគរសុំជំនួយ និងបញ្ជាទិញវ៉ាក់សាំងពីប្រទេសជិតផលិត ពិសេសប្រទេសមហាមិត្តដែកថែបចិន ដើម្បីយកមកចាក់ឱ្យប្រជាពលរដ្ឋរបស់ខ្លួន នៅទូទាំងប្រទេស គេចផុតពីការឆ្លង និងស្លាប់ដោយសារជំងឺកូវីដ១៩។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា «ជំងឺកូវីដ-១៩ ជាសត្រូវលាក់មុខដែលអាចសម្លាប់យើងគ្រប់គ្នា នៅគ្រប់ពេលវេលាគ្រប់ទីកន្លែងប្រសិនជាមិនបានចាក់ថ្នាំបង្ការ និងទប់ស្កាត់វាទេ ពិសេសប្រសិនជាមិនបានចូលរួមអនុវត្ត ៣កុំ ៣ការពារ»។
លោកបន្តថា «ដោយសារតែបងប្អូនប្រជាពលរដ្ឋ បានទទួលការស្រោចវ៉ាក់សាំងនេះហើយ បានធ្វើឱ្យប្រទេសកម្ពុជាមានអត្រាឆ្លង និងស្លាប់កាន់តែតិចទៅៗ ហើយជាក់ស្តែងខេត្តកំពង់ស្ពឺ មួយរយៈចុងក្រោយនេះ គឺអត្រាឆ្លង និងស្លាប់ដោយសារជំងឺកូវីដ១៩គ្មានទាល់តែសោះ។ នេះជាជោគជ័យមួយដែលរដ្ឋបាលខេត្តកំពង់ស្ពឺ ទទួលបាន ហើយដើម្បីឱ្យភាពជោគជ័យនេះ ស្ថិតនៅគង់វង្សរហូតតទៅសូមបងប្អូនកម្មករកម្មារិនី និងប្រជាពលរដ្ឋក្នុង ក្របខណ្ឌ័ខេត្តទាំងអស់ សូមបន្តចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី៣ ឬដូសជំរុញបន្ថែមទៀតដែលរដ្ឋបាលខេត្ត បាននិងកំពុងរៀបចំនៅតាមគោលដៅមួយចំនួនដែលបានគ្រោងទុកឱ្យ បានគ្រប់គ្នា ហើយក្រោយពីការចាក់ដូសទី៣ឬដូសជម្រុញនេះទៅបងប្អូននិងអាចចាក់ដូសទី៤បន្ថែមទៀតនាពេលខាងមុខ»៕