(ភ្នំពេញ)៖ អង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានសម្រេចបដិសេធសំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិ សុំបញ្ជូនសំណុំរឿង ០០៤ ប្រឆាំងនឹង យឹម ទិត្យ ទៅជំនុំជម្រះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ។
អង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានឱ្យដឹងថា ដោយទទួលបានសំឡេងជាឯកច្ឆ័ន្ទ អង្គជំនុំជម្រះតុលាការកំពូល បានសម្រេចថា «បណ្តឹងសាទុក្ខរបស់សហព្រះរាជអាជ្ញាអន្តរជាតិ ស្តីពី ការខកខានរបស់អង្គបុរេជំនុំជម្រះក្នុងការបញ្ជូនសំណុំរឿង ០០៤ ទៅជំនុំជម្រះដូចបានតម្រូវដោយក្របខណ្ឌគតិយុត្តរបស់ អ.វ.ត.ក» អាចទទួលយកបានក្នុងផលប្រយោជន៍យុត្តិធម៌»។
អ.វ.ត.ក បានបញ្ជាក់ថា ពាក្យស្នើសុំត្រូវបានពិចារណាដោយចៅក្រមភាគច្រើន នៃអង្គជំនុំជម្រះដែលផ្តល់ភាពច្បាស់លាស់ និងភាពជាក់លាក់ផ្នែកច្បាប់រួមមាន៖
*ទី១៖ បានបដិសេធការយល់ឃើញរបស់សហព្រះរាជអាជ្ញាអន្តរជាតិដែលថាសំណុំរឿង ០០៤ គួរត្រូវបញ្ជូនទៅជំនុំជម្រះដោយកត់សម្គាល់ថា សហចៅក្រមស៊ើបអង្កេត និងអង្គបុរេជំនុំជម្រះ មិនបានចេញដីកាបញ្ជូនរឿងទៅជំនុំជម្រះប្រឆាំងនឹង យឹម ទិត្យ អនុលោមតាមវិធាន ៧៩ (១) នៃវិធានផ្ទៃក្នុង។
*ទី២៖ បានបញ្ជាក់ថា អង្គបុរេជំនុំជម្រះបានបញ្ចប់សំណុំរឿង ០០៤ នៅពេលអង្គជំនុំជម្រះនេះបានចេញសេចក្តីពិចារណារបស់ខ្លួន។
និងទី៣៖ បានបញ្ជាក់បំភ្លឺថាសំណុំរឿង ០០៤ ត្រូវបានបញ្ចប់ដោយសារគ្មានដីកាបញ្ជូនរឿងទៅជំនុំជម្រះស្ថាពរ និងដែលអាចអនុវត្តបាន។
អ.វ.ត.ក បានគូសបញ្ជាក់ថា នៅក្នុងយោបល់ជំទាស់ដោយឡែករបស់គាត់ លោកស្រីចៅក្រម Maureen Harding Clark បានសន្និដ្ឋានថា «សេចក្តីសម្រេចរបស់អង្គបុរេជំនុំជម្រះពុំមានសុពលភា និងគួរត្រូវបានច្រានចោលដោយសារវាពុំមានសនិទានភាព […]» ហើយគួរបញ្ចប់កិច្ចដំណើរការនីតិវិធីប្រឆាំងនឹង យឹម ទិត្យ៕