(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប បានចុះពិនិត្យមើលផ្ទាំងផែនទីតំបន់៣នៃបឹងទន្លេសាប ក្នុងភូមិសាស្ដ្រសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដើម្បីបង្ហាញដល់សាធារណជនបានដឹង។
នៅថ្ងៃទីខែ២៧ ខែធ្នូ ឆ្នាំ២០២១ លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោក លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានចុះពិនិត្យមើលផ្ទាំងផែនទីតំបន់៣ នៃបឹងទន្លេសាប ក្នុងភូមិសាស្ត្រត្រង់ចំណុចចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ។ ក្រុមការងារចម្រុះចុះស្រាវជ្រាវកំណត់និយមការ និងបានបង្កើតនូវផែនទីនេះឡើង ដើម្បីឲ្យសាធារណ:ជនបានដឹង និងយល់ក្នុងការកំណត់ព្រំប្រទល់ បោះបង្គោលឡាក់ ដែលបានបញ្ជាក់នៅក្នុងផែនទីទិន្នន័យផ្ទៃដីក្នុងតំបន់២និងតំបន់៣ ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលក្រុងសៀមរាប។ ការងារនេះធ្វើឡើង ដើម្បីទប់ស្កាត់ជនខិលខូច ដែលលួចកាប់បំផ្លាញតំបន់ព្រៃលិចទឹកបឹងទន្លេសាប។
លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានលើកឡើងថា ផ្ទាំងផែនទីទិន្នន័យនៃផ្ទៃដីក្នុងតំបន់២និងតំបន់៣ បានដាក់តាំងបង្ហាញឲ្យសាធារណ:ជនបានដឹងបានយល់ក្នុងការកំណត់ព្រំប្រទល់ នឹងបោះបង្គោលឡាក់ ដែលបានបញ្ជាក់នៅទីនេះស្រាប់ ក្នុងគោលបំណងចួលរួមទប់ស្កាត់ការពារបឹងទន្លេសាបដែលកំពុងតែរងគ្រោះដោយគោករាក់ និងបាត់បង់ព្រៃលិចទឹកជាបណ្តើរៗ ដោយសារការបំផ្លិចបំផ្លាញពីក្រុមជន អនាធិបតេយ្យ គឺចាំបាច់ត្រូវតែមានវិធានការណ៍ របស់រាជរដ្ឋាភិបាល ដែលបានដាក់បទបញ្ជារឲ្យអាជ្ញាធរខេត្ត ជុំវិញបឹងទន្លេសាបទាំងអស់ គឺទទួលខុសត្រូវទៅលើបញ្ហានេះ។
លោកអភិបាលខេត្ត បានបន្តទៀតថា ព្រៃលិចទឹកនេះមាន សារៈសំខាន់សម្រាប់ទីជម្រកត្រីពងកូន និងជីវៈចម្រុះនៅក្នុងបឹងទន្លេសាប ប្រសិនបើព្រៃលិចទឹកបាត់បង់ជារៀងរាល់ឆ្នាំ វានឹងធ្វើឲ្យមានផលប៉ះពាល់យ៉ាងច្រើនដល់ជីវៈចម្រុះជាពិសេសទិន្នផលត្រី និងមានការថយចុះ ជារៀងរាល់ឆ្នាំ ព្រមទាំងសត្វស្លាបផងដែរ ។
គួរបញ្ជាក់ផងដែរ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់សម្ដេច តេជោ ដែលបានផ្តល់ឱកាសឲ្យអាជ្ញាធរខេត្តបញ្ចប់នៃការកាប់ទន្ទ្រានព្រៃលិចទឹកបន្តទៀត នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ពីព្រោះព្រៃលិចទឹក មិនត្រឹមតែជាសក្តានុពលត្រីប៉ុណ្ណោះទេ នៅក្នុងខេត្តសៀមរាបនេះ ក្រៅពីដំណើរទស្សនាកម្សាន្តនៅតាមប្រាង្គប្រាសាទនានា និង រមណីយដ្ឋានធម្មជាតិក្នុងខេត្ត ភ្ញៀវក៏អាចមកទស្សនាកម្សាន្តនៅតំបន់បឹងទន្លេសាបនូវព្រៃលិចទឹក និងសត្វស្លាបទៀតផងដែរ៕