(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បានចុះពិនិត្យមើលវឌ្ឍនភាព ការស្ថាបនាផ្លូវបេតុងនៅជុំវិញបឹងកន្សែង តភ្ជាប់ពីផ្លូវបែកជា៤ វិថីព្រឹទ្ធាចារ្យប៊ូថងរហូតដល់មាត់បឹងកន្សែង ក្នុងភូមិទេសអន្លង់ សង្កាត់ក្រុងបានលុង ខេត្តរតនគិរី ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ទៅមកជុំវិញបឹងកន្សែង។
ក្នុងឱកាសនេះលោក ញ៉ែម សំអឿន បានថ្លែងការកោតសរសើរដល់ក្រុមហ៊ុន ម៉ម សុខហ៊ីម ដែលកំពុងស្ថាបនាផ្លូវបេតុង កំរ៉ាស់២តឹក ទទឹង១២ម៉ែត្រ ស្របតាមស្តង់ដាដោយមានរៀបចំការ៉ូឡាទទឹង៤ម៉ែត្រ, រៀបចំសួនច្បារ, លូរំដោះទឹកភ្ញៀង១ខ្សែ និងលូររំដោះទឹកកខ្វក់១ខ្សែ អាចឲ្យប្រជាពលរដ្ឋធ្វើដំណើរងាយស្រួលទាំងយប់ទាំងថ្ងៃពោល គឺឈប់ឲ្យមានទឹកដក់លើដងផ្លូវតំបន់ដែលទំនាបលិចទឹកត្រូវចាក់ដីបន្ថែមឲ្យខ្ពស់ដើម្បីបង្កើននីវ៉ូទឹកបឹងកន្សែង។
ទន្ទឹមនោះដែរ លោកអភិបាលខេត្ត ក៏បានជំរុញឲ្យក្រុមការងារស្ថាបនាផ្លូវបេតុង១ខ្សែនេះ ត្រូវពន្លឿនបន្ថែមទៀត ដើម្បីឲ្យរួចរាល់ជាស្ថាពរមុនពេលចូលឆ្នាំប្រពៃណីខ្មែរខាងមុខ សម្រាប់ទទួលភ្ញៀវក្នុងខេត្តនិងមកពីបណ្តាលខេត្តផ្សេងៗមកកម្សាន្តនៅទីនេះ។ សូមបញ្ជាក់ថា ផ្លូវជុំវិញបឹងកន្សែង ដែលស្ថាបនាចាក់បេតុងនេះមានប្រវែង២,៧០០ម៉ែត្រ៕