(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិលើកទី២ សម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២២ ដោយមានការចូលរួមពីតំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូ។
បើតាម Facebook របស់លោក ប្រាក់ សុខុន បញ្ជាក់ថា នៅក្នុងកិច្ចប្រជុំគណៈកម្មការជាតិសម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២២ គឺលោកបានដឹកនាំកិច្ចប្រជុំពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាមួយចំនួនរួមមាន ខ្លឹមសារ ភ័ស្តុភារ ពិធីការ សន្តិសុខ ពត៌មាន ហិរញ្ញវត្ថុ ព្រឹត្តិការណ៍អម និងការគ្រប់គ្រងជំងឺកូវីដ១៩។
លោកបន្ថែមថា ការងារទាំងអស់នេះតម្រូវឱ្យមានការទទួលខុសត្រូវខ្ពស់ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ និងដើម្បីកិត្តិយសជាតិទាំងមូល៕