(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ដំណើរការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺ នៅថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ បានប្រព្រឹត្តទៅដោយរលូន និងមានសណ្តាប់ធ្នាប់ ក្រោមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព។ នេះបើតាមសេចក្ដីប្រកាស ព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។
ដំណើរការប្រឡងបាក់ឌុប ឆ្នាំ២០២១នេះ មានមណ្ឌលប្រឡងចំនួន ២០៤ ចែកចេញជា ៤ ៦១៦ បន្ទប់ និងមានបេក្ខជនចុះឈ្មោះប្រឡង សរុបចំនួន ១១៤ ១៨៥នាក់ ស្រី ៦០ ៣៩៧នាក់ ក្នុងនោះបេក្ខជនចំណេះទូទៅចំនួន ១០៤ ២៩៨ នាក់ ស្រី ៥៧ ១២៣ នាក់ និងបេក្ខជនបំពេញវិជ្ជា និងស្វៃរិនចំណេះទូទៅ ចំនួន៩៨៨៧នាក់ ស្រី ៣ ២៧៤នាក់។
បេក្ខជនថ្នាក់វិទ្យាសាស្រ្តចំនួន ៣៩ ៦១០នាក់ (ស្រី ២៣ ៦៨៣ នាក់) និងថ្នាក់វិទ្យាសាស្រ្តសង្គមចំនួន ៧៤ ៥៧៥នាក់ (ស្រី ៣៧ ៧១៤នាក់)។ មុខវិជ្ជាប្រឡងមាន ចំនួន៧ ចែកចេញជាថ្នាក់វិទ្យាសាស្ត្រ (ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ត្រខ្មែរ រូបវិទ្យា និងគណិតវិទ្យា) និងថ្នាក់វិទ្យាសាស្ត្រសង្គម (ផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា និងអក្សរសាស្ត្រខ្មែរ)។
នៅមុនដំណើរការសំណេរមួយថ្ងៃ បេក្ខជនប្រឡងបានទៅពិនិត្យឈ្មោះ ព័ត៌មានផ្ទាល់ខ្លួន លេខតុ លេខបន្ទប់ និងជាពិសេសបានវាស់កម្តៅ និងទទួលស្ទីកឃ័រ សុខភាពធម្មតា។ ក្នុងដំណើរការប្រឡងរយៈពេលពីរថ្ងៃនេះ បេក្ខជនអវត្តមានសរុប ៤ ៤៣០ នាក់ (ស្រី ១ ៨២៧ នាក់) ត្រូវជា ៣,៨៨ ភាគរយ នៃចំនួនបេក្ខជន ចុះឈ្មោះប្រឡងសរុប។
បេក្ខជនមានបញ្ហាសុខភាពចំនួន ៣៦ នាក់ ក្នុងនោះបេក្ខជនមានជំងឺកូវីដ-១៩ ដែលជាកីឡាការិនី ចំនួន ២នាក់, បេក្ខជនមានកម្តៅលើសធម្មតា ដែលត្រូវដាក់ឲ្យប្រឡង នៅបន្ទប់ដាច់ដោយឡែកចំនួន ៣នាក់, និងបេក្ខជនមានបញ្ហាសុខភាពដទៃទៀតចំនួន៣១នាក់។ ជារួមបេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់ អាចបន្តការប្រឡង រហូតដល់ចប់ ក្រោមការយកចិត្តទុកដាក់ពីគណៈមេប្រយោគ ភ្នាក់ងារសុខាភិបាល និង អាជ្ញាធរពាក់ព័ន្ធ។
គណៈកម្មការមេប្រយោគទូទាំងប្រទេស នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ សូមវាយតម្លៃថា ដំណើរការប្រឡង រយៈពេល២ថ្ងៃនេះ បានប្រព្រឹត្តទៅដោយរលូន និងមានសណ្តាប់ធ្នាប់ ក្រោមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ព្រមទាំងស្របនឹងវិធានការសុវត្ថិភាពសុខភាព។
ក្រសួងអប់រំ យុវជន និងកីឡា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានផ្តល់ អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយគតិបណ្ឌិត ក្នុងការសម្រេចចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស និងបានអនុញ្ញាត ឲ្យសិស្សានុសិស្សវិលត្រឡប់មកកាន់សាលារៀនវិញ ស្របតាមគន្លងប្រក្រតីភាពថ្មី ក្នុងវិស័យអប់រំ ព្រមទាំងការអនុញ្ញាតឲ្យរៀបចំការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឲ្យបានត្រឹមត្រូវ ដើម្បីអនាគតរបស់យុវជនកម្ពុជា។
គណៈកម្មការមេប្រយោគទូទាំងប្រទេស នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួម និងបំពេញការងារប្រកប ដោយវិជ្ជាជីវៈ, មនសិការការងារ, និងការទទួលខុសត្រូវខ្ពស់។
ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះក្រសួងមហាផ្ទៃ, អង្គភាពប្រឆាំងអំពើពុករលួយ, ក្រសួង សុខាភិបាល, អាជ្ញាធរដែនដី, កងកម្លាំង, សហភាពសហព័ន្ធយុវជនកម្ពុជា, អគ្គីសនីកម្ពុជា, ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងគ្រប់ភាគីពាក់ព័ន្ធដទៃទៀត ដែលបានចូលរួមគាំទ្រ និងផ្តល់កិច្ចសហការនៅក្នុងដំណើរការសំណេរ រយៈពេល២ថ្ងៃនេះ។
ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណ ចំពោះបេក្ខជនគ្រប់រូប ដែលបានមកចូលរួមប្រឡង និងបានគោរពយ៉ាងខ្ជាប់ខ្ជួន តាមបទប្បញ្ញត្តិជាធរមាន និងសូមថ្លែងអំណរគុណចំពោះមាតាបិតា, អ្នកអាណាព្យាបាលសិស្ស, វិស័យឯកជន, និងប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់កិច្ចសហការ និងការអនុគ្រោះ នៅក្នុងដំណើរការនេះ។
តាមការគ្រោងទុក លទ្ធផលនៃការប្រឡង នឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡង ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ និងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា facebook.com/moeys.gov.kh៕