(ព្រះវិហារ)៖ អាគារសាលាបឋមសិក្សាវត្តពោធិ៥០០០ដើម ចំណុចអូរដូនស្ងួន ក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារនិងសមិទ្ធិផលនានា ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ។
ពិធីនេះធ្វើឡើង ក្រោមវត្តមានលោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការនិងប្រជាពលរដ្ឋជាច្រើនរូបទៀត។
បើតាមព្រះតេជគុណព្រះសីមានុចារី សៀន គុណលាភ ព្រះបាឡាត់គណខេត្តព្រះវិហារ និងជាព្រះអនុគណស្រុកគូលែន បានមានសង្ឃដីកាថា សាលាបឋមសិក្សាវត្តពោធិ៥០០០ដើម១ខ្នង មានចំនួន៦បន្ទប់ អណ្តូងទឹក១ បន្ទប់ទឹក៤បន្ទប់ ដែលរៀបចំបញ្ចុះសិលាសាងសង់នៅពេលនេះ មានចំងាយជាង១២គីឡូម៉ែត្រ ពីទីរួមស្រុកគូលែន និងពីសាលានេះទៅឃុំស្រយ៉ង់ជាង ១២គីឡូមម៉ែត្រទៀត។
យោងលើស្ថានការជាក់ស្តែងបានបង្ហាញថា តំបន់នេះជាតំបន់ដាច់ស្រយ៉ាលឆ្ងាយខ្លាំង ពីចន្លោះសាលារៀនស្រុកគូលែន និងសាលារៀនឃុំស្រយ៉ង់រហូតជាង២០គីឡូម៉ែត្រ។
ព្រះតេជគុណបានមានសង្ឃដីកាបញ្ជាក់ទៀតថា ក្នុងទិសដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស ធនធានចំណេះដឹង ពិសេសដើម្បីឲ្យសាលារៀនបានសាងសង់លើតំបន់ដាច់ស្រយ៉ាលមួយនេះ ព្រះតេជគុណបានបរិច្ចាកដីវត្តមួយចំនួន និងចូលបច្ច័យសាងសង់សាលារៀននេះចំនួន ២ម៉ឺនដុល្លារ លោក ស៉ី គីរី សមាជិកក្រុមប្រឹក្សាខេត្តព្រះវិហារ និងក្រុមគ្រួសារចូលរួម ១ម៉ឺនដុល្លារ និងសប្បរសជនជាច្រើនរូបទៀត។
នៅក្នុងឱកាសនេះដែរ លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងនូវការកោតសរសើរចំពោះទឹកព្រះទ័យរបស់ព្រះតេជគុណ សៀន គុណលាភ និងសប្បុរសជនជាច្រើនរូបទៀត ដែលបានបរិច្ចាគបច្ច័យ ថវិកា និងដីចូលរួមចំណែកសាងសង់សាលាបឋមសិក្សាវត្តពោធិ៥០០០ដើមនេះ។ លោកទេសរដ្ឋមន្ត្រីថា ទាំងវិស័យពុទ្ធចក្រនិងវិស័យអាណាចក្រនៅទីនេះ គឺមានការរីកចម្រើនខ្លាំងណាស់ សូម្បីតែដីវត្តនៅទីនេះធំជាងគេហើយដាំដើមពោធិរហូត ៥០០០ដើម និងរូបបដិមា៥០០០អង្គ ធ្វើអំពីថ្មសុទ្ធ ចំពោះសាលាឆាន់ក៏ធ្វើអំពីឈើធំៗទៀត។
លោកទេសរដ្ឋមន្ត្រី បានថ្លែងជម្រាបជូនលោកតា លោកយាយនិងប្រជាពលរដ្ឋពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសុខសន្តិភាពដែលមានសព្វថ្ងៃនេះឲ្យនៅគង់វង្សយូរអង្វែង ដើម្បីឲប្រទេសជាតិយើង កាន់តែមានការអភិវឌ្ឍរីកចម្រើនថែមទៀត និងត្រូវបន្តគាំទ្រកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល ចូលរួមអនុវត្តន៍កម្មវិធីគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង ៧ចំណុចឲ្យមានប្រសិទ្ធិភាព។
សូមបញ្ជាក់ថា នៅក្នុងពិធីនេះ ក៏មានការចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន៦០គ្រួសារ។ ក្នុងនោះលោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ ក៏បានឧបត្ថម្ភអាវរងារចំនួន ១០០អាវស្មើនឹងទឹកប្រាក់ចំនួន ២០០០ដុល្លារ សម្រាប់ចែកជូនប្រជាពលរដ្ឋផងដែរ៕