(កំពត)៖ បន្ទាប់ពីមានការចុះជួបសួរសុខទុក្ខស្វែងយល់ ពីស្ថានភាពលក់ដូរ និងបញ្ហាប្រឈមនានារបស់អាជីវករ ក្នុងផ្សារត្រពាំងរពៅ ក្រុងបូកគោ កាលពីពេលថ្មីៗកន្លងមកនេះ ហើយមានសំណូមពរចេញពីក្រុមអាជីវករ សុំឲ្យមានការអន្តរាគមន៍សម្របសម្រួលបញ្ចុះលើតម្លៃ តូប ទឹក ភ្លើង និងអគ្គិសនី ពីម្ចាស់ផ្សាររួចមក គឺលោក ម៉ៅធនិន អភិបាលខេត្តកំពត នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បានបើកវេទិការកដំណោះស្រាយ តាមយុទ្ធសាស្រ្តឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សំដៅបញ្ចប់លើជុំវិញបញ្ហានេះ។
ក្នុងឱកាសនោះ ពាក់ព័ន្ធនឹងការលើកឡើង បញ្ហាប្រឈម និងសំណូមពររបស់ក្រុមអាជីវករ រួមមាន បញ្ហាការសុំបញ្ចុះតម្លៃបង់តូបប្រចាំខែ បញ្ចុះទឹក ភ្លើង និងអគ្គីសនី ដោយសារពួកគាត់លក់មិនសូវដាច់ ក្នុងស្ថានភាពវិបត្តិជុំងឺកូវីដ-១៩ កន្លងមក និងការស្នើសុំម្ចាស់ផ្សារធ្វើកិច្ចសន្យានៃការជួលតូប ឱ្យមានរយៈពេលមួយច្បាស់លាស់ផងដែរ។ ចំណែកការលើកឡើងដោយភាគីអ្នកវិនិយោគផ្សារវិញ គឺមានបញ្ហា ខាងក្រុមអាជីវករមួយចំនួន មានការបង់ថ្លៃតូបយឺតយ៉ាវ អូសបន្លាយពេលវេលា មានរយៈពេលច្រើនខែ ឬបោះបង់នៃការបង់ថ្លៃតូបទាំងស្រុង ដែលនាំឲ្យមានការលំបាកដល់រូបគាត់ដែលជាអ្នកវិនិយោគផ្សារត្រពាំងរពៅនេះ លើការប្រមូលចំណូល សម្រាប់សងប្រាក់ខ្ចីពីធនាគារ និងអាជីវករមួយចំនួនទៀត មិនមានការចូលរួមសហការ ក្នុងការរៀបចំសោភ័ណភាព សណ្ដាប់ធ្នាប់ និងអនាម័យក្នុងផ្សារ ជាមួយនឹងអ្នកគ្រប់គ្រងផ្សារ។
ជាលទ្ធផលក្នុងការដោះស្រាយ ក្រោមវត្តមានលោកអភិបាលខេត្ត ដោយទទួលយកបានទាំងអាជីវករ និងម្ចាស់ផ្សារ នាឱកាសនោះ រួមមាន បញ្ហាចុះតម្លៃបង់កូប ត្រូវបានម្ចាស់ផ្សារព្រមព្រៀង បញ្ចុះតម្លៃក្នុងតូបមួយ ៥ដុល្លារ ក្នុងរយៈពេល ៦ខែ គឺចាប់អនុវត្ត ពីខែ មករា ឆ្នាំ២០២២ តទៅ។ ប៉ុន្តែក្នុងតម្លៃចុះនេះ មានការបាត់បង់ចំណូលសម្រាប់ម្ចាស់ផ្សារ ដែលមានអាជីវករលក់ដូរ ចំនួនតូប ៣៦០តូប ស្មើនឹងប្រាក់ចំនួន ១.៨៣០ ដុល្លារ ក្នុងមួយខែ ក្នុងនោះលោកអភិបាលខេត្ត បានសម្របសម្រួលជួយចំណាយជាមួយម្ចាស់ផ្សារ ចំនួន ៥០០០ដុល្លា រយៈពេល៦ខែ។
ចំណែកការដោះស្រាយបញ្ហាតម្លៃភ្លើង អគ្គិសនី ដែលមានតម្លៃធម្មតា ក្នុងមួយគីឡូវ៉ាត់ ១៥០០រៀល គឺខាងវិនិយោគម្ចាស់ផ្សារ បានប្រគល់ទៅឲ្យខាងភ្នាក់ងារអគ្គិសនីជាអ្នកទទួលខុសត្រូវលើការផ្គត់ផ្គង់ ដោយព្រមព្រាងទទួលដាក់តម្លៃរដ្ឋ នៅត្រឹមតែ ៧៣០រៀល ក្នុងមួយគីឡូវ៉ាត់។ ឯបញ្ហាទឹកវិញ ដោយសារអាជីវករ មានចំនួនប្រើប្រាស់តិចតួច និងដើម្បីលើកទឹកចិត្តឲ្យម្ចាស់ផ្សារ ក្នុងការសំអាតអនាម័យសោភ័ណភាពក្នុងផ្សារផង ត្រូវរក្សាឲ្យម្ចាស់ផ្សារផ្គត់ផ្គង់ និងព្រមព្រៀងតាមតម្លៃចាស់ដដែល។
ក្នុងឱកាសនេះដែរ លោក ម៉ៅ ធនិន ក៏បានលើកបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមរូបលោកផ្ទាល់ ជាសមាជិកក្នុងគ្រួសារតែមួយ ជាមួយប្រជាពលរដ្ឋក្នុងខេត្ត គឺលោកត្រូវតែដឹងសុខ ដឹងទុក្ខ និងមានការទទួលដោះស្រាយ ដោយចំហរឈរលើផ្លូវកណ្ដាល ពីបញ្ហាប្រឈម ការលំបាក និងសំណូមពរផ្សេងៗ រវាងម្ចាស់ផ្សារ និងប្រជាពលរដ្ឋជាអាជីវករ ពីព្រោះការពាក់ព័ន្ធនឹងការសំណូមពររបស់អាជីវករក្នុងផ្សារត្រពាំងរពៅនេះ ធម្មតាអ្នកវិនិយោគ តែងតែចង់បានស្វែងរកប្រាក់ចំណេញ ឯអាជីវករក៏ដូចគ្នាដែរ ក្នុងការរកចំណូលចំណាយសម្រាប់ប្រចាំគ្រួសារផងដែរ។ ប៉ុន្តែទោះបីយ៉ាងណា រវាងម្ចាស់ផ្សារនិងអាជីវករត្រូវតែមានគុណធម៌យោគយល់គ្នា ទើបចេះរស់នៅរកស៉ីជាមួយគ្នាបាន។
លោក ម៉ៅ ធនិន ក៏បានថ្លែងអរគុណ និងកោតសរសើរ ចំពោះគុណធម៌ដ៏ប្រពៃ របស់ម្ចាស់ផ្សារ ក៏ដូចជាអាជីវករទាំងអស់ដែលបានយោគយល់ ព្រមព្រៀង សម្បទានរវាងទៅវិញទៅមក ក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ។ លោកក៏បានសំណូមពរដល់អាជីវករ ត្រូវចូលរួមសហការអនុវត្ត ជាមួយអ្នកគ្រប់គ្រង ឬម្ចាស់ផ្សារផងដែរ។ ពិសេសការចូលរួមអនុវត្តនិងគោរពតាមកិច្ចសន្យា រវាងម្ចាស់ផ្សារ និងក្រុមអាជីវករ និងការចូលរួមរក្សាសណ្ដាប់ធ្នាប់ សោភណ្ឌភាព អនាម័យក្នុងផ្សារឲ្យបានកាន់តែល្អប្រសើរថែមទៀត៕