(ភ្នំពេញ)៖ ថ្វីបើមានការផ្លាស់ប្តូរ និងបរិវត្តកម្មក្នុងប្រទេស និងអន្តរជាតិយ៉ាងណាក្តី ក៏ទំនាក់ទំនងទ្វេរភាគីរវាងកម្ពុជា និងវៀតណាមបានឆ្លងកាត់ដំណាក់កាលសាកល្បង ហើយកាន់តែមានភាពធន់ក្នុងការប្រឈមមុខនឹងព្យុះភ្លៀងភូមិសាស្ត្រនយោបាយបណ្តាលមកពីការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរបស់មហាអំណាច ដែលមិនច្បាស់លាស់និងផុយស្រួយ។ ជាការពិតណាស់ទំនាក់ទំនងទ្វេភាគីរបស់យើងបានចាក់ឬសយ៉ាងជ្រៅក្នុងប្រវត្តិសាស្រ្ត យើងត្រូវបានដឹកនាំដោយបាវចនា «អ្នកជិតខាងល្អ មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពនិងយូអង្វែង»។
ការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នាទៅវិញទៅមក និងផលប្រយោជន៍ទៅវិញទៅមកដែលមេដឹកនាំនៃប្រទេសទាំងពីរ បានចិញ្ជឹមបីបាច់និងអភិវឌ្ឍ គឺជាការគោលការណ៍ស្នូលក្នុងការរក្សាទំនាក់ទំនងមិត្តភាពទ្វេភាគីនៃប្រទេសទាំងពីរ។
ការជឿទុកចិត្តផ្នែកនយោបាយ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន គឺជាគ្រឹះរឹងមាំនៃទំនាក់ទំនងផ្អែកលើការទុកចិត្តគ្នាដែលត្រូវបានពង្រឹងជាបន្តបន្ទាប់ តាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែង។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះប្រជាជននៃប្រទេសទាំងពីរបានទទួលផលប្រយោជន៍ពីផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ ផ្អែកលើលទ្ធផលលើគ្រប់វិស័យនិងគ្រប់លំដាប់ថ្នាក់។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋវៀតណាម លោក ង្វៀន សួន ហ្វ៊ុក មកកាន់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែធ្នូ តបការអញ្ចើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី គឺជាព្រឹត្តិការណ៍សំខាន់ថ្មីមួយក្នុងទំនាក់ទំនងទេ្វភាគី។
ដំណើរទស្សៈកិច្ចនេះ កំណត់ទិសដៅថ្មី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើងឱ្យកាន់តែស៊ីជម្រៅ ជំរុញកិច្ចខិតខំប្រឹងប្រែងរួមរបស់យើងដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ទន្ទឹមនិងការបង្កើតឱកាសកាន់តែច្រើនសម្រាប់ប្រជាជន និងពង្រឹងឡើងវិញនូវស្មារតីនៃមិត្តភាព និងសាមគ្គីភាពរវាងអ្នកដឹកនាំជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយនៃប្រទេសទាំងពីរ។
អំឡុងពេលក្នុងដំណើរទស្សនកិច្ចនេះ កិច្ចព្រមព្រៀងទ្វេភាគីចំនួនប្រាំពីរត្រូវបានចុះហត្ថលេខា ដោយគ្របដណ្តប់លើវិស័យជាច្រើន រួមមានផែនការសហប្រតិបត្តិការ ឆ្នាំ២០២២ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈវៀតណាម និងរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។ កំណត់ហេតុនៃកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ កម្ពុជា-វៀតណាម អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ២០២១-២០២៥ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មព្រំដែនរវាងប្រទេសទាំងពីរ និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២២-២០២៣ រវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ។
កម្ពុជា និងវៀតណាមបានកែសម្រួលយុទ្ធសាស្ត្រគោលនយោបាយការបរទេសរបស់ខ្លួនជានិច្ច ដើម្បីឆ្លើយតបនឹងតថភាព និងបញ្ហាប្រឈមដែលកំពុងលេចឡើង។ យ៉ាងណាក៏ដោយ ផលប្រយោជន៍ជាតិ និងគោលការណ៍ស្នូលរបស់យើងមិនដែលផ្លាស់ប្តូរឡើយ។ យើងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពអន្តរជាតិ។ បើគ្មានសន្តិភាព និងស្ថិរភាពទេ យើងមិនអាចអភិវឌ្ឍប្រទេសរៀងៗខ្លួនបានទេ។
កិច្ចសហប្រតិបត្តិការសភារវាងប្រជាជាតិទាំងពីរ ក៏សម្រេចបាននូវសមិទ្ធិផលសំខាន់ៗជាច្រើន ហើយក៏កំពុងទទួលបានសន្ទុះថ្មី។ ជំនួយហិរញ្ញប្បទានរបស់វៀតណាម សម្រាប់កម្ពុជាក្នុងការសាងសង់អគារការិយាល័យអគ្គលេខាធិការដ្ឋានថ្មីរបស់រដ្ឋសភា គឺជាទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងស្ថាប័ននីតិបញ្ញត្តិទាំងពីរ។ ការទូតសភាកាន់តែមានសារៈសំខាន់ក្នុងការរក្សាសន្តិភាព និងស្ថិរភាព លើកកម្ពស់ឱកាសទាំងអស់គ្នា និងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់អន្តរជាតិ។
ដូចពាក្យចាស់ពោលថា «យើងអាចផ្លាស់ប្តូរមិត្តបាន ប៉ុន្តែមិនអាចផ្លាស់ប្តូរអ្នកជិតខាងទេ»។ កម្ពុជានិងវៀតណាមបានពឹងពាក់គ្នាកាន់តែខ្លាំងឡើង។ សន្តិសុខ និងផលប្រយោជន៍សេដ្ឋកិច្ចរបស់យើងមានភាពប្រទាក់ក្រឡាគ្នាកាន់តែខ្លាំងឡើង។ ក្នុងបរិបទនេះ យើងត្រូវគាំទ្រគ្នាទៅវិញទៅមកដើម្បីការពារផលប្រយោជន៍ ស្នូលរៀងៗខ្លួន។ ការពឹងពាក់គ្នាទៅវិញទៅមកកាន់តែច្រើននាំឱ្យមានឱកាសកាន់តែច្រើនរវាងប្រទេសទាំងពីរ។
ដូច្នេះហើយ យើងចាំបាច់ត្រូវកសាងមូលដ្ឋានគ្រឹះនៃសន្តិសុខ និងវិបុលភាពទៅវិញទៅមកឥតឈប់ឈរ នាំមកនូវលទ្ធផលបន្ថែមទៀតសម្រាប់ប្រជាជន និងដាក់ការជឿទុកចិត្ត និងប្រជាជននៅពីមុខ និងចំកណ្តាលនៃទំនាក់ទំនងរបស់យើង។
ជាទីបញ្ចប់នេះ យើងត្រូវវិនិយោគធនធានបន្ថែមទៀតក្នុងការជំរុញការផ្លាស់ប្តូរផ្នែកអប់រំ និងវប្បធម៌ ជាពិសេសរវាងមេដឹកនាំវ័យក្មេងនៃប្រទេសទាំងពីរ។ ខ្ញុំផ្ទាល់ជឿជាក់ថា មនុស្សជាកត្តា និងជាតួអង្គសំខាន់បំផុតក្នុងទំនាក់ទំនងអន្តរជាតិ។ ការយកឈ្នះបេះដូងប្រជាជន គឺជាបេសកកម្មសំខាន់បំផុតនៃការទូត និងគោលនយោបាយការបរទេស។ ទំនាក់ទំនងវប្បធម៌ និងប្រជាជននិងប្រជាជន បង្កើតបានជាស្ពាននៃទំនុកចិត្តរវាងប្រជាជាតិយើងទាំងពីរ។
ខណៈពេលដែលការដឹកនាំជំនាន់បច្ចុប្បន្ន ជាពិសេសរវាងមេដឹកនាំនៃគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច និងបក្សកុម្មុយនិស្តវៀតណាម មានមនោសញ្ចេតនា និងទំនាក់ទំនងបុគ្គលដ៏រឹងមាំនោះ យើងត្រូវខិតខំបន្ថែមទៀតដើម្បីធានាថា អ្នកដឹកនាំជំនាន់ក្រោយនៅតែបន្តរក្សាបាន មិត្តភាពប្រពៃណីដ៏មានសារៈសំខាន់និងអត្ថន័យនេះ។
យើងក៏ត្រូវធានាថា មរតកនៃការគាំទ្រ និងជំនួយទៅវិញទៅមកសម្រាប់ដំណើរស្វែងរកអធិបតេយ្យភាព និងឯករាជ្យភាពជាប្រវត្តិសាស្ត្ររបស់ប្រទេសទាំងពីរ នៅតែត្រូវបានបន្តថែរក្សា និងចិញ្ចឹមបីបាច់សម្រាប់មនុស្សជំនាន់ក្រោយៗទៀត៕
រាជធានីភ្នំពេញ, ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១
លោក សួស យ៉ារ៉ា ជាសមាជិករដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា