(កំពង់ធំ)៖ អភិបាលរងខេត្តកំពង់ធំ លោក គង់ វិមាន បានឲ្យដឹងនៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះថា មានសេចក្តីរាយការណ៍ ពីករណីត្រីរាប់សិបក្បាល បានងាប់អណ្តែតទឹក ស្ថិតនៅក្នុងតំបន់អភិរក្ស បឹងទន្លេឆ្មា ឃុំពាមបាង ស្រុកស្ទោង ដែលមូលហេតុជាជំហានដំបូង អាចបណ្តាលមកពីទឹកចាប់ផ្តើមរាក់ ហើយក្តៅខ្លាំង។
លោក គង់ វិមាន បានប្រាប់ Fresh News ថា «ត្រីកំពុងងាប់អស់យ៉ាងច្រើន ដោយសារទឹករាក់គោកនៅសល់ប្រហែល ២ទៅ៣តឹកប៉ុណ្ណោះ តែមិនទាន់ដឹងច្បាស់ថា អស់ប៉ុន្មានតោនទេ»។
បើតាមអភិបាលរងខេត្តកំពង់ធំរូបនេះ នៅពេលនេះកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច កំពុងការពារមិនឲ្យប្រជាពលរដ្ឋចូលទៅតំបន់នោះឡើយ ពីព្រោះបើចូលអាចអន្តរាយលឿនបំផុត ដោយសារខ្លាចពុលត្រីកាន់តែខ្លាំង និងអស់ពូជត្រី។ ជាមួយគ្នានេះ លោក គង់ វិមាន បានសុំឲ្យមានការជួយអន្តរាគមន៍ជាបន្ទាន់ របស់មន្រ្តីជំនាញក្រសួងកសិកម្ម៕