(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងថា អគារមនី្ទរពេទ្យកម្ពុជា-ចិន ព្រះកុសុមៈ ដែលមានកម្ពស់១១ជាន់ ១៣២បន្ទប់ ទំហំ២៨,៩០០ម៉ែត្រការ៉េ លើផ្ទៃដីសរុប ១៣,៧៤០ម៉ែត្រការ៉េ ដោយចំណាយថវិកាប្រមាណ ៨១លានដុល្លារ ក្រោមជំនួយឥតសំណងរបស់មិត្ដចិន គ្រោងនឹងបញ្ចប់ការសាងសង់ នៅចុងខែមករា ឆ្នាំ២០២២ខាងមុខនេះ។
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានថ្លែងថា ក្រសួងសុខាភិបាល មានមោទនភាពដោយទទួលបាននូវសមិទ្ធផល ដ៏ធំធេងជាជំនួយឥតសំណង របស់សាធារណរដ្ឋប្រជាមានិតចិន ដែលជាមិត្តដែកថែប និងជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា-ចិន និងបន្តរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ ឲ្យបានស្អិតរមួត និងកាន់តែយូរអង្វែង ព្រោះថាមិត្តចិន តែងតែយកចិត្តទុកដាក់មកលើកម្ពុជា ជាពិសេសក្នុងវិស័យសុខាភិបាល ក្នុងដំណាក់កាលនៃការរាតត្បាតនៃជំងឺឆ្លងកូវីដ១៩។
លោកស្រីបន្ដថា ដូច្នេះអគារមនី្ទរពេទ្យនេះ គឺជាស្នាដៃមួយដ៏ធំធេង និងជាការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងការបង្កើន និងពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធ ដើម្បីផ្តល់នូវការព្យាបាលសុខភាពជូនប្រជាពលរដ្ឋ។ អគារដ៏ស្គឹមស្គៃនេះ បានសហការជាមួយក្រុមហ៊ុននៅប្រទេសចិន ចាប់តាំងពីខែតុលា ឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ននេះ។
លោកស្រីបានថ្លែង ក្នុងឱកាសដឹកនាំក្រុមការងារបច្ចេកទសក្រសួងសុខាភិបាល និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ចុះពិនិត្យ និងវាយតម្លៃគម្រោងសាងសង់មន្ទីរពេទ្យ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះថា «តាមការពិនិត្យមើលពីវឌ្ឍនភាពក្នុងការសាងសង់នាពេលនេះ សង្កេតឃើញថាការងារសឹងតែចប់សព្វគ្រប់ហើយប្រមាណ៩០% ដែលនឹងអាចបញ្ចប់ការសាងសង់ទាំងស្រុងនាចុងខែមករា ឆ្នាំ២០២២ខាងមុខ។ យើងនឹងគោរពស្នើសុំការអញ្ជើញដ៏ខ្ពង់ខ្ពស់បំផុត ពីសម្តេចតេជោ ដើម្បីអញ្ជើញមកសម្ពោធបើកឱ្យដំណើរការអគារមនី្ទរពេទ្យដ៏ធំស្គឹមស្គៃនេះ»។
ក្នុងឱកាសនោះ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ថ្លែងអំណរគុណ និងការកោតសរសើរ ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជូនដល់បុគ្គលិកកម្មករទាំងអស់នៃក្រុមហ៊ុន CSCEC និង IPPR ដែលបានខិតខំអនុវត្តការងារបានល្អ និងអាចរួចរាល់មុនកាលបរិច្ឆេទកំណត់។
លោកស្រីរដ្ឋលេខាធិការ ក៏បានពាំនាំនូវការកោតសរសើរដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្រ្តី ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលបានសហការយ៉ាងល្អជាមួយភាគីមិត្តចិន និងនៅតែខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ទោះបីជាមន្ទីរពេទ្យកំពុងជួសជុល និងក្នុងកាលៈទេសៈនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក៏ដោយ។
តំណាងក្រុមហ៊ុន CSCEC និង IPPR ក៏បានថ្លែងអំណរគុណ ដល់លោកស្រីរដ្ឋលេខាធិការ និងក្រុមការងារទាំងអស់របស់ភាគីកម្ពុជា ដែលតែងតែសហការ និងគាំទ្រដល់ការអនុវត្តគម្រោងនេះបានដោយរលូន និងបានសម្រេចតាមផែនការដែលបានគ្រោងទុក ទោះបីជាស្ថិតក្នុងកាលៈទសៈ នៃការរាលដាលជំងឺកូវីដ១៩ ក៏ដោយ។
អគារនេះ ក៏មានសាងសង់មានព្រលានយន្ដហោះ Helicopter ទម្ងន់មធ្យមពី៣ ទៅ៥តោននៅលើដំបូលអគារ ស្របតាមការស្នើសុំបន្ថែមពីភាគីកម្ពុជា ហើយអគារនេះ ត្រូវចែកចេញជាផ្នែកសម្រាប់មុខងារមួយចំនួនដូចជា៖ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ដ្រ ផ្នែកជំងឺទូទៅ ផ្នែកជំងឺវះកាត់ព្រមទាំងសេវា ជំនួយផ្សេងៗទៀត៕