(ក្រចេះ)៖ លោក ផាត សុភ័ក្រវាសនា មេបញ្ជាការអាវុធ​ហត្ថក្រុងក្រចេះ ខេត្តក្រចេះ បានដឹកនាំកម្លាំងចុះបង្រ្កាបមុខ​សញ្ញាជួញដូរ​គ្រឿងញៀន និងឃាត់ខ្លួនមនុស្សចំណាក់ស្រុក កាលពីវេលាម៉ោង​៨៖៣០នាទី​យប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ ត្រង់ចំនុចភូមិស្រែស្ដៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ។

លោកមេបញ្ជាការ បានឲ្យដឹងថា ក្នុងការចុះបង្រ្គាបនេះដោយមានការចង្អុលបង្ហាញពីលោក សាន្ដ ប៊ុនថាន ឧត្ដមសេនីយ៍ត្រីមេបញ្ជាការអាវធហត្ថខេត្តក្រចេះ ទើបលោកដឹកនាំកម្លាំង ចុះប្រតិបត្តិការ​ឈាន​ដល់ឃាត់​ខ្លួនជនសង្ស័យចំនួន៣នាក់ ដែលជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

ជនសង្ស័យខាង​លើរួមមាន៖ ទី១ឈ្មោះ ឯម សារ៉ែន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិស្រែស្ដៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ទី២ឈ្មោះ គង់ ទិត្យា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រែស្ដៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ និងទី៣ឈ្មោះ យ៉ន ហេង ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរលក់ដូរ  រស់នៅភូមិស្រែស្ដៅ  សង្កាត់អូរឫស្សី ក្រុងក្រចេះ។

វត្ថុតាង ដែលដកហូតបានរួមមាន ម្សៅក្រាមពណ៍សរចំនួន៣កញ្ចប់ ប្រភេទម៉ាទឹកកក ម៉ូតូ១គ្រឿង ទូរស័ព្វដៃ១គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១គ្រឿង ថង់រំលែកគ្រឿងញៀន លុយចំនួន​៤៥,០០០​រៀល និងសម្ភារសម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជន សង្ស័យទាំង៣នាក់រួមទាំងវត្ថុតាង ត្រូវបានឃុំ និងរក្សាទុក នៅមន្ទីរយុតិ្តធម៌ នៃទីបញ្ជាការដ្ឋានអាវុធ​ហត្តខេត្តក្រចេះដើម្បី​ចាត់ការបន្ត៕