(បាត់ដំបង)៖ កម្លាំងនគរបាលសង្កាត់ស្វាយប៉ោ បានឃាត់ខ្លួនចោរស្រី២នាក់ ពីបទលូកហោប៉ៅតាមទីសាធារណៈ កាលពីវេលាម៉ោង៨៖៣០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ នៅចំណុចផ្សារបឹងឈូក ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង រួចកសាងសំណុំរឿងបញ្ជូនមកអធិការដ្ឋានក្រុង ដើម្បីចាត់ការបន្តតាមច្បាប់។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា កាលពីវេលាម៉ោង៨៖៣០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ នៅចំណុចផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កម្លាំងយើងបានឃាត់ខ្លួន ជនសង្ស័យជាស្រ្តី២នាក់ ក្នុងបទល្មើសជាក់ស្តែង ដោយបានលូកហោប៉ៅយកទូរស័ព្ទអ្នកដទៃតាមទីសាធារណៈ ខណៈជនរងគ្រោះកំពុងទិញបន្លែភ្លេចខ្លួន។
ជនសង្ស័យខាងលើរួមមាន៖ ទី១. ឈ្មោះ ខ លីណា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទី២. ឈ្មោះ អែ ច្រិប ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅផ្ទះជួលជាមួយគ្នា ក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ ចំណែកជនរងគ្រោះឈ្មោះ អ៉ឹង សៀងឡាយ ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅផ្ទះលេខ៦២ ក្រុមទី៣ ភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង។
បន្ទាប់ពីបានឃាត់ខ្លួនរួចមក ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចលូកហោប៉ៅយកយកទូរស័ព្ទជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានមន្រ្តីជំនាញកសាងសំណុំរឿង និងបញ្ជូនខ្លួនទៅអធិការដ្ឋានក្រុងបាត់ដំបង ដើម្បីចាត់ការបន្តតាមច្បាប់ និងប្រគល់ទូរស័ព្ទទៅជនរងគ្រោះវិញ៕