(ពោធិ៍សាត់)៖ បុរសម្នាក់ ត្រូវបានជនសង្ស័យ ដែលរួមតុផឹកស៊ីជាមួយគ្នា កាប់ដាច់កស្លាប់ក្នុងថ្លុកឈាម រួចគេចខ្លួនបាត់ស្រមោល ហើយត្រូវបានសមត្ថកិច្ចដាក់ការសន្និដ្ឋានថា ដោយសារទំនាស់ពាក្យសម្តីក្នុងពេលផឹកស៊ី។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២១៖១០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ នៅចំណុចលើផ្លូវខាងត្បូងរបងវត្តទួលរគាំង ស្ថិតនៅក្នុងភូមិទួលរគាំង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ថាមានករណីឃាតកម្ម កាប់សម្លាប់នោះ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញ កម្លាំងរបស់លោក បានសហការជាមួយកំលាំងជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រខេត្ត និងក្រុមគ្រូពេទ្យជំនាញកោសល្យវិច្ច័យពេទ្យខេត្ត បានធ្វើការពិនិត្យសាកសព ជនរងគ្រោះឈ្មោះ វ៉ាំង សុខហេង ភេទប្រុស អាយុ២៧ឆ្នាំ មានកំពស់១.៦០ម៉ែត្រ សម្បុរខ្មៅស្រអែម អត់ពាក់អាវ ស្លៀកខោខាប៊យជើងវែង ព័ណ៌ខៀវ សក់កោរត្រងោល សពស្លាប់ផ្កាប់មុខ ក្នុងថ្លុកឈាមក្បាលទៅទិសខាងត្បូង។

ក្រោយការពិនិត្យសាកសព កម្លាំងបានសង្កេតឃើញថា ផ្នែកក្បាលរបស់ជនរងគ្រោះ មានស្នាមជាំក្រោមត្រជាក់ឆ្វេង ប្រវែង១២សង់ទីម៉ែត្រ កនិងស្មារខាងឆ្វេង មានស្នាមរបួសប្រវែង១៥សង់ទីម៉ែត្រ ជម្រៅ៧សង់ទីម៉ែត្រ បាក់ដងកាំបិត។ ក្រៅពីនោះកម្លាំងរបស់លោក ពុំឃើញមានស្លាកស្នាមអ្វីផ្សេងទៀត គួរឱ្យកត់សំគាល់ឡើយ។

លោកអធិការបន្តថា តាមការបំភ្លឺរបស់សាក្សីឈ្មោះ សែម សល់ ឈ្មោះ វ៉ាំង វិន បានឱ្យដឹងថា ជនសង្ស័យដែលធ្វើសកម្មភាព មានឈ្មោះ ញ៉ម អាន ភេទប្រុស រស់នៅភូមិទួលរគាំង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានកាប់ទៅលើជនរងគ្រោះឈ្មោះ វុំាង សុខហេង ភេទប្រុស អាយុ២៧ឆ្នាំ បណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុ រួចគេចខ្លួនបាត់ស្រមោល តែតាមព័ត៌មានចុងក្រោយបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានតាមទៅចាប់ខ្លួន ជនសង្ស័យនៅខេត្តសៀមរាបហើយ។ មូលហេតុដែលបង្កឱ្យមានករណីឃាតកម្មសម្លាប់នេះ គឺដោយសារទំនាស់ពាក្យសម្តីក្នុងពេលផឹកស៊ី។

បច្ចុប្បន្នសមត្ថកំពុងស្វែងរកមុខសញ្ញាជនសង្ស័យ ដើម្បីនាំខ្លួនបង្កសំណុំរឿង ចាត់ការតាមនីតិវិធី ដោយឡែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ទៅឱ្យឈ្មោះ វ៉ាំង សាវី ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិខ្មែរ ត្រូវជាម្ដាយបង្កើតរបស់សព យកទៅធ្វើបុណ្យតាមប្រពៃណី៕

ជនដៃដល់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន