(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ក្រុមការងារសាខាដឹកនាំដោយលោកបណ្ឌិត ប៊ុត គឹមស៊ាន អនុប្រធានអចិន្រ្តៃយ៍គណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក ញ៉ា ញឿន មន្រ្តីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តទទួលបន្ទុកជាអ្នករត់សំបុត្រមរណភាពកាលពីល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ក្នុងជន្មាយុ៦៩ ឆ្នាំដោយរោគាពាធ ស្ថិតនៅឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ក្នុងសមានទុក្ខដ៏ក្រៀកំនេះក្នុងនាមលោក សុខ លូ បានសូមចូលរួមរំលែកទុក្ខ និងសេចក្តីសោកសង្រេងព្រមទាំងសោកស្តាយអាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់លោក ញ៉ា ញឿន ដែលជាមន្រ្តីប្រតិបត្តិសាខាស្លូតត្រង់ និងមានស្នាដៃល្អក្នុងការងារកន្លងមក និងជាមេគ្រួសារ បិតាជាទីស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសណ្តោសប្រណីដ៏ថ្លៃថ្លា។
សូមបញ្ជាក់ថា មរណភាពរបស់ លោក ញ៉ា ញឿន មិនត្រឹមតែជាការបាត់បង់នូវ ឪពុក បងប្អូន ជាទីគោរពស្រលាញ់ ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហាធម៌ប៉ុណ្ណោះទេ ប៉ុន្តែមរណភាពដ៏សោកសង្រេងនេះ គឺជាការបាត់បង់ មន្រ្តីដ៏ឆ្នើម មួយរូបរបស់ សាខា ដែលកន្លងមក លោក បានពុះពារការលំបាកគ្រប់បែបយ៉ាង ចូលរួមក្នុងចលនាតស៊ូដើម្បីបុព្វហេតុ មនុស្សធម៌។
ឆ្លៀតក្នុងឱកាសប្រកបដោយក្តីរំជួលចិត្ត និងសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមលំឱនកាយលើកហត្ថបួងសួងដល់ ដួងវិញ្ញាណក្ខន្ធរបស់ លោក ញ៉ា ញឿន បានទៅសោយសុខក្នុងសុគតិភព៕