(កំពង់ស្ពឺ)៖ អគារចាស់មួយខ្នង ដែលត្រូវបានសមត្ថកិច្ចទុកចោល ស្ថិតនៅក្នុងបរិវេណអធិការដ្ឋាននគរបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ ជាលទ្ធផល អគ្គិភ័យបានឆេះបំផ្លាញម៉ូតូចំនួន០៦គ្រឿង និងអាវុធAKចំនួន ៣០ដើម ព្រមទាំងឯកសារសេសសល់មួយចំនួនទៀត។ អាជ្ញាធរក្រុងច្បារមន បានអះអាងថា ម៉ូតូ និងអាវុធទាំងនោះ ជារបស់គ្មានគុណភាពទេ(ចាស់ខូចទុកចោល)។
លោកស្រី ប៉ោក សេដ្ឋា អធិបាលក្រុងច្បារមន បានប្រាប់ថា ករណីអគ្គិភ័យនេះ បង្ក ឡើយដោយផ្ទុះគីបគ្រាប់ ដែលរក្សាទុកក្នុងអគារចាស់នោះ។ លោកស្រីអភិបាលក្រុង បានបន្តទៀតថា សម្ភារដែលរងការខូចខាតជារបស់ចាស់ៗ ប្រើមិនកើតឡើយ។
សូមបញ្ជាក់ថា រាល់កើតមានករណីអគ្គិភ័យក្នុងខេត្តកំពង់ស្ពឺ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត មានការយឺតយ៉ាវយ៉ាងខ្លាំង ព្រោះតែរថយន្តមានការខូចខាត ទ្រុឌទ្រោមខ្លាំង ហើយរាល់ពេលចេញប្រតិបត្តិការម្តងៗ យឺតដូចស្ករកៅស៊ូតាំងម៉ែ។ ម្យ៉ាងទៀត សម្រាប់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ មានរថយន្តពន្លត់២-៣គ្រឿង ប៉ុន្តែរថយន្តពន្លត់អគ្គិភ័យដែលប្រើប្រាស់បាន មានតែមួយគ្រឿងប៉ុណ្ណោះ។
ជាមួយគ្នានេះ គ្រាន់តែ Fresh News ចេញពីព័ត៌មានពីការព្រមានលើការផ្សាយរបស់លោកស្នងការភ្លាម ស្រាប់តែមន្រ្តីនគរបាលខេត្តកំពង់ស្ពឺមួយចំនួន សុទ្ធតែមានតំណែងធំៗ នៅក្នុងស្នងការដ្ឋាននោះផងដែរ បានតេមកសហការី Fresh News ដោយអះអាងថា យ៉ាប់ណាស់ស្នងការហ្នឹង! ទៅតវ៉ាស្អីជាមួយព័ត៌មាន គេផ្សាយត្រូវ បើខ្លួនឯងជួយពន្លត់មិនទាន់ទៅបន្ទោសគេផ្សាយ។ គ្មាននរណាគេពេញចិត្តគាត់ទេ ធ្វើអីឆ្កួតៗ។
នៅថ្ងៃមិញនេះដែរ នៅពេលចេញមកបញ្ជាក់ពីមូលហេតុ និងព័ត៌មានលម្អិតស្តីពីករណីភ្លើងឆេះនេះ លោកស្នងការខេត្តកំពង់ស្ពឺ ដែលប្រើសម្តីមួយៗ និងខ្លាំងៗ ក៏បានព្រមានដល់អង្គភាព Fresh News កុំផ្សាយរបៀបក្លែមច្រើនពេក នាំឲ្យមានចលាចលសង្គម ហើយជាងនេះទៅទៀតនោះ គឺលោកស្នងការ បានប្រាប់ឲ្យសហការីរបស់ Fresh News ប្រចាំខេត្តកំពង់ស្ពឺ រាយការណ៍ពីព័ត៌មាននេះ តេទៅសុំទោសគាត់ទៀតផង។
លោកស្នងការរូបនេះ ក៏បានប្រាប់មក Fresh News ថា រឿងចឹងៗ ក៏យកទៅផ្សាយ ហើយត្រូវតេទៅសួរនាំគាត់សិន។ ចំពោះការប្រើពាក្យសម្តីរបស់លោកឧត្តមសេនីយ៍ កែវ ពិសី ខាងលើនេះ ត្រូវបានគេយល់ឃើញថា ត្រឹមរឿងរ៉ាវបែបនេះលោកស្នងការ ច្រឡោតយ៉ាងនេះទៅហើយ ចុះទំរាំការបម្រើប្រជាជនតាមមូលដ្ឋាន និងជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ តើទៅជាយ៉ាងណាវិញ។
សូមជំរាបថា នាពេលកន្លងទៅដោយសារតែរថយន្តពន្លត់មានភាពយឹតយ៉ាវ បានធ្វើឲ្យផ្ទះ២-៣ខ្នង របស់ប្រជាពលរដ្ឋ និងប្រធានគណៈកម្មការបោះឆ្នោតខេត្តកំពង់ស្ពឺ ត្រូវបានឆេះទាំងស្រុង ហើយករណីនេះបានធ្វើឲ្យប្រជាពលរដ្ឋសម្តែងការរិះគន់យ៉ាងខ្លាំងចំពោះភាពមិនយកចិត្តទុកដាក់ពីកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ។