(ក្រចេះ)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូន សម្បទានិកនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី២ (LASED II) ចំនួន ៤៥៨គ្រួសារ ស្មើនឹង ៧០៤បណ្ណ មកពីឃុំចំនួន៥ គឺឃុំសំបុក ឃុំចង្ក្រង់ ឃុំដារ និងឃុំថ្មី ស្រុកចិត្រប្រើ និងឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ពិធីនេះ បានធ្វើឡើងនៅភូមិអូរគគី ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។

តាមរយៈគម្រោង LASED II រាជរដ្ឋាភិបាលបានបែងចែកដីនៅតាមខេត្តគោលដៅចំនួន ៥ សរុបទំហំ ១៦១១៣ហិកតា និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកចំនួន ៣ ៩៦០គ្រួសារ ស្មើនឹង ៦. ៩៣២បណ្ណ ដើម្បីធានាបាននូវសុវត្ថិភាពដីធ្លី និងបង្កើតបានជាទុនក្នុងការប្រកបរបរចិញ្ចឹមជីវិត បង្កើតប្រាក់ ចំណូល កាត់បន្ថយភាពក្រីក្រ បង្កើនកម្រិតជីវភាពរស់នៅ និងកាត់បន្ថយចំណាកស្រុក។

តាមការប្រកាសរបស់ក្រសួងរៀបចំដែនដី បានឲ្យដឹងថា សម្បទានិកទាំងអស់ បានសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅជាទីបំផុតជួនចំពោះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ខ្ពស់ដល់ប្រជាពលរដ្ឋក្រីក្រ និងគ្មានដីពិតប្រាកដ ដើម្បីរស់នៅនិងបង្កបង្កើនផល៕