(សៀមរាប)៖ ម្ចាស់ក្លឹបកំសាន្ត New Star KTV នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ បានចេញលិខិតមួយច្បាប់ ដោយធ្វើការសុំទោស ជាសាធារណៈ និងសុំទោសដល់ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពាក់ព័ន្ធនឹងការជួលរបាំខ្មែរបុរាណឱ្យមកសម្ដែងក្នុង មណ្ឌលកម្សាន្តរបស់ខ្លួន។

តាមលិខិតរបស់លោក តាន់ គឹមសូរ នាយកមណ្ឌលកម្សាន្ត New Star KTV បានឱ្យដឹងថា លោកមានការស្រឡាញ់នូវវប្បធម៌ជាតិខ្មែរ ហើយមានបំណងចង់បង្ហាញក្បាច់របាំខ្មែរ ជូនភ្ញៀវជាតិ និងអន្តរជាតិបានឃើញ ប៉ុន្តែគួរឱ្យសោកស្ដាយបែរជាធ្វើឱ្យប៉ះពាល់ ដល់កិត្តិយសរបស់របាំខ្មែរបុរាណ ដែលទទួយលស្គាល់ដោយ អង្គការយូនីស្កូ។ ក្រោយពីមានការរិះគន់ភ្លាម លោក តាន់ គឹមសូរ បានបង្ហោះវីដេអូឃ្លីប សុំទោសជាសាធារណៈរួចមកហើយដែរ។

សូមរំលឹកថា នាពេលថ្មីៗនេះមណ្ឌលកម្សាន្ត New Star ទីតាំងនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានជួលរបាំខ្មែរ បុរាណឱ្យមកសម្ដែងជូនភ្ញៀវជាតិ និងអន្តរជាតិមើល ហើយក៏មានការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋ តាមរយៈបណ្ដាញទំព័រ Facebook ជាច្រើន៕