(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ បានបន្តសម្របសម្រួលដោះស្រាយករណីវិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីធីត ជាបន្តទៀត។
ការសម្របសម្រួលដោះស្រាយនេះដឹកនាំដោយ លោក ទេស រុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់ មុខសញ្ញាដោយមាន លោកស្រី ឈឹម ស៊ីថរ និង លោកមេធាវី ហម ស៊ុនរិទ្ធិ ដាតំណាងអតីតបងប្អូនកម្មករនិយោជិតទាំង ៣៥៧នាក់ ដែលមិន ទាន់ឯកភាពក្នុងការទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ និង លោក Mike Ngai ជាតំណាងភាគីក្រុមហ៊ុន។
តាមការប្រកាសរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា ជាលទ្ធផល ភាគីទាំងពីរនៅតែមិនទាន់ព្រមព្រៀងក្នុងការបញ្ចប់ករណីវិវាទនៅឡើយ ដោយភាគីអតីតកម្មករនិយោជិតដែលនៅសេសសល់ពីការព្រមទទួលយកសំណងទូទាត់បញ្ចប់កិច្ចសន្យាតាមច្បាប់ នៅតែបន្តទាមទារ ឱ្យក្រុមហ៊ុនទទួលយកចូលធ្វើការវិញ ចំណែកឯភាគីក្រុមហ៊ុននៅតែរក្សាជំហរមិនទទួលយកចូលធ្វើការវិញទេ ដោយ ឯកភាពទូទាត់សំណងត្រឹមត្រូវតាមច្បាប់។
គិតត្រឹមថ្ងៃនេះ ក្រសួងបានខិតខំជួបសម្របសម្រួលដោះស្រាយជាមួយភាគីតំណាងអតីតបងប្អូនកម្មករនិយោជិត និងតំណាងភាគីក្រុមហ៊ុន បានចំនួន ៥លើក រួចហើយមក ក្រោយពេលមានការតវ៉ា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ប៉ុន្តែនៅតែមិនទាន់ព្រមព្រៀងក្នុងការបញ្ចប់ករណីវិវាទនៅឡើយ។
យោងតាមច្បាប់ស្តីពីការងារ នីតិវិធីដោះស្រាយវិវាទការងាររួមបែបនេះ ត្រូវឆ្លងកាត់ការផ្សះផ្សាដោយអធិការ ការងារ ហើយក្នុងករណីមិនសះជា វិវាទនឹងត្រូវបញ្ជូនទៅដោះស្រាយដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ ប្រសិនបើមាន ភាគីបដិសេធមិនអនុវត្តសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល សាមីភាគីអាចប្ដឹងទៅតុលាការមានសមត្ថកិច្ច ដើម្បី ស្នើសុំឱ្យអនុវត្តសេចក្ដីបង្គាប់នោះ។ ក្នុងករណី ភាគីវិវាទស្នើសុំធ្វើកូដកម្ម ត្រូវអនុវត្តតាមនីតិវិធី និងសេចក្តីសម្រេចរបស់ តុលាការ។
ដើម្បីចូលរួមថែរក្សាផលប្រយោជន៍ស្របច្បាប់របស់អតីតកម្មករនិយោជិត និងក្រុមហ៊ុនដែលកំពុងមាន វិវាទ ក្រសួងការងារ នឹងបន្តព្យាយាមធ្វើការសម្របសម្រួលដោះស្រាយករណីនេះទៅតាមនីតិវិធីត្រឹមត្រូវនៃច្បាប់ជាមួយអតីត បងប្អូនកម្មករនិយោជិត និងក្រុមហ៊ុន នៅទីស្តីការក្រសួងជាបន្តទៀត។
ក្រសួងការងារបន្តអំពាវនាវឱ្យអតីតកម្មករនិយោជិត ក៏ដូចជានិយោជកចូលរួមសហការជាមួយក្រសួង និងអាជ្ញា ធរមានសមត្ថកិច្ច ដើម្បីបញ្ចប់ករណីវិវាទនេះ ចៀសវាងឱ្យបានដាច់ខាតពីការប្រព្រឹត្តិសកម្មភាពណាមួយដែលនាំឱ្យខូច ខាតដល់ប្រយោជន៍របស់ភាគីទាំងពីរ ព្រមទាំងឈានទៅទទួលរងនូវផលវិបាកតាមផ្លូវច្បាប់ជាយថាហេតុ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការងារ៖