(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ បានផ្ញើសាររំលែកទុក្ខជូនលោក ហួត សេងទ្រី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឧកញ៉ា ថៃ សេងឡុង ដែលត្រូវជាបងបង្កើតលោក ហួត សេងទ្រី។
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងយ៉ាងដូច្នេះថា «ខ្ញុំ និងភរិយា មានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ឧកញ៉ា ថៃ សេងឡុង ត្រូវជាបងបង្កើតរបស់លោក បានទទួលមរណភាពនៅថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៦:៣០ល្ងាច ក្នុងជន្មាយុ ៨៦ឆ្នាំដោយជរាពាធ។
ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ ខ្ញុំ និងភរិយាសូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ឧកញ៉ា ថៃ សេងឡុង ដែលកន្លងមកឧកញ៉ាតែងតែបានបង្ហាញនូវសមានចិត្តជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចការសង្គម និង សកម្មភាពមនុស្សធម៌យ៉ាងច្រើន។
ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឧកញ៉ា ថៃ សេងឡុង សូមឆាប់បានចាប់កំណើតកើត ក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ»៕