(ភ្នំពេញ)៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានចូលរួមជាវាគ្មិនកិត្តិយស នៅក្នុងវេទិកាគោលនយោបាយថ្នាក់តំបន់ (Regional Policy Forum) ស្ដីពីការលើកកម្ពស់សេវាហិរញ្ញវត្ថុផ្ដល់ដល់វិស័យកសិកម្ម និងសហគ្រាសធុនតូច និងមធ្យម (Agriculture and SMEs) ដែលធនទៅនឹងការប្រែប្រួលអាកាសធាតុ ដោយលោកបានផ្ដល់នូវបទបង្ហាញលើប្រធានបទស្ដីពី «Financial solutions for agriculture climate smart adaptation in mitigating risk»។
វេទិកានេះ ត្រូវបានរៀបចំដោយ សមាគមន៍ឥណទានកសិកម្ម និងជនបទ ប្រចាំអាស៊ីប៉ាស៊ីហ្វិក (APRACA) តាមរយៈប្រព័ន្ធ Online ដោយមានការចូលរួមពីវាគ្មិន ពីបណ្ដាប្រទេសផ្សេងៗទៀតផងដែរដូចជា៖ ប្រទេសថៃ, ប្រទេសឥណ្ឌា, ប្រទេសចិន, ប្រទេសប៉ាគីស្ថាន, ប្រទេសណេប៉ាល់, និងប្រទេសហ្វីលីពីន ជាដើម
និងមានគោលបំណងប្រមូលធាតុចូលដើម្បី (១)៖ ពិនិត្យលើកាលានុវត្តភាពផ្នែកហិរញ្ញប្បទានទ្រទ្រង់គំរូធុរកិច្ចបៃតង (Green Business Models) សម្រាប់វិស័យកសិកម្ម និងសហគ្រាសធុនតូច និងមធ្យម និង (២)៖ កំណត់នូវវិធីសាស្ត្រផ្ដល់ហិរញ្ញប្បទានឈានមុននៅលើទីផ្សារ និងភាពធននឹងការប្រែប្រួល អាកាសធាតុ ដើម្បីគាំទ្រដល់កសិករខ្នាតតូច ក្នុងការសម្រេចឲ្យបាននូវប្រព័ន្ធផលិតកម្មចំណីអាហារប្រកបដោយនិរន្តរភាព។
នៅក្នុងឱកាសនេះ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក៏បានគូសបញ្ជាក់អំពីមុខងារ និងភារកិច្ចរបស់ ARDB ក្នុងក្របខ័ណ្ឌជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានចែករំលែក និងផ្ដល់បទពិសោធន៍ពីការអនុវត្ត នូវគោលនយោបាយផ្ដល់ហិរញ្ញប្បទាន ប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជាផងដែរ៕