(ភ្នំពេញ)៖ បន្ទាប់ពីជួបការលំបាកក្នុងការសិក្សារៀនសូត្រមានសិស្សមួយចំនួននាពេលកន្លងទៅ បាននាំគ្នាដាក់សំណើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអនុញ្ញាតឱ្យពួកគេជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយស្វ័យប្រវត្តិដូចកាលឆ្នាំ២០២០។ សំណើរបស់ពួកគេត្រូវបានសម្តេចតេជោ ច្រានចោល ហើយជំនួសដោយការបំប៉នការសិក្សាជូនពួកគេ និងពន្យារការប្រឡងជាច្រើនខែ។
ទីបំផុតការប្រឡង ក៏បានធ្វើឡើងដូចការគ្រោងទុក និងដោយស្ថានភាពមួយល្អប្រសើរនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ។ ជុំវិញការតម្រូវឱ្យប្រឡង និងការជាប់ដោយស្វ័យប្រវត្តិ ក៏មានការយល់ផ្សេងៗគ្នាពីអាណាព្យាបាល និងបេក្ខជនដែលបានចូលប្រឡងនៅថ្ងៃនេះផងដែរ។
បេក្ខជន ជាតិ រក្សា បានឆ្លៀតផ្តល់បទសម្ភាសន៍ជាមួយ Fresh News មុនចូលទៅមណ្ឌលប្រឡងថា ការប្រឡងជារឿងល្អមួយសម្រាប់បេក្ខជនម្នាក់ៗ ដើម្បីបានវាស់ស្ទង់សមត្ថភាពរបស់ពួកគេដែលបានចំណាយពេលសិក្សាចំណេះដឹងទូទៅអស់រយៈពេល១២ឆ្នាំ។ បេក្ខជន រក្សា បានបញ្ជាក់ដូច្នេះ «សម្រាប់ខ្ញុំ បើបានប្រឡងជាបទពិសោធន៍របស់ខ្ញុំមួយក្នុងជីវិត។ បើបានប្រឡង គឺល្អ»។
ដោយឡែកកញ្ញា គន្ធ ក្រពុំ ក៏មើលឃើញថា ការប្រឡងជារឿងល្អផងដែរសម្រាប់អ្នកសិក្សារៀនសូត្រ។ កញ្ញា បានបង្ហាញការយល់ឃើញយ៉ាងដូច្នេះ «យើងរៀនមកពេញមួយឆ្នាំហ្នឹង គឺដើម្បីប្រឡង។ យើងមានកាតព្វកិច្ចមួយជាសិស្ស យើងត្រូវប្រឡង»។
កញ្ញា ក្រពុំ បន្តទៀតថា «សម្រាប់ខ្ញុំ ការប្រឡងវាមានប្រយោជន៍ យើងអាចដឹងសមត្ថភាពរបស់យើង។ ដោយឡែកការជាប់ស្វ័យប្រវត្តិយើងអត់ដឹងពីសមត្ថភាពរបស់យើងប៉ុណ្ណា យើងអាចធ្វើបានអត់?»។
ងាកទៅអាណាព្យាបាលរបស់សិស្សវិញ បានមើលឃើញថា ការមិនឱ្យសិស្សប្រឡង ហើយជាប់ដោយស្វ័យប្រវត្តិ នឹងនាំឱ្យសិស្សបោះបង់ការខិតខំ និងប្រឹងប្រែងរៀនសូត្រ ហើយបានបង្ហាញការគាំទ្រពេញទំហឹងចំពោះការសម្រេចឱ្យសិស្សប្រឡង ដោយមិនអនុញ្ញាតឱ្យជាប់ដោយស្វ័យប្រវត្តិ។
កំពុងឈររង់ចាំកូននៅមុខមណ្ឌលប្រឡង លោក ស៊ុ វណ្ណឈឿន បានលើកឡើងយ៉ាងដូច្នេះ «ខ្ញុំថាល្អ រឿងប្រឡង ត្រូវតែប្រឡង។ ការឱ្យជាប់ដោយស្វ័យប្រវត្តិអ្នកខ្លះអត់ខំរៀនសោះ រង់ចាំតែទទួលការលើកលែង។ សម្រាប់ខ្ញុំការជាប់ស្វ័យប្រវត្តិអត់ល្អទេ»។
លោក វណ្ណឈឿន បង្ហាញការយល់ឃើញរបស់ខ្លួនទៀតថា «ចង់ឱ្យប្រឡងឱ្យឃើញស្នាដៃអ្នកខំយ៉ាងម៉េច? អ្នកមិនខំយ៉ាងម៉េច?»។
សូមរំលឹកថា ការប្រឡងមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា២០២០-២០២១ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤,១៨៣នាក់ ស្រី ៦០,៣៩៧នាក់។ ការប្រឡងបាក់ឌុបមានរយៈពេល២ថ្ងៃ គឺថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ ដោយបែងចែកជាវិទ្យាសាស្ត្រសង្គម និងវិទ្យាសាស្ត្រ។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា ការប្រឡងនៅឆ្នាំនេះ មិនមានការលើកលែង ឬអនុគ្រោះណាមួយនោះឡើយ ទាំងក្របខណ្ឌវិញ្ញាសាប្រឡង និងក្រឹត្យក្រមផ្សេងៗ នៅតែរក្សាភាពម៉ឺងម៉ាត់ដដែល។
សម្រាប់លោក ហង់ជួន ណារ៉ុន ការកំណត់បែបនេះ គឺលោកមិនចង់ឱ្យមានការបែងចែកកម្រិតសញ្ញាបត្របាក់ឌុបក្នុងបរិបទកូវីដ១៩ និងសញ្ញាបត្របាក់ឌុបមិនមានកូវីដ១៩នោះទេ៕