(កំពង់ធំ)៖ ស្ដែងចេញពីការគិតគូរលើបញ្ហារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលតែងតែកើតមានជាប្រចាំលោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានបន្តណែនាំដល់ក្រុមការងារមូលដ្ឋាន ត្រូវខិតខំបម្រើប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ និងរហ័សទាន់ពេលដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមើលឃើញពីការខិតខំរបស់រាជរដ្ឋាភិបាល។
លោកស្រី ឃួន ឃុនឌី បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងឱកាសចុះសួសុខទុក្ខសមាជិក សមាជិកា នៅក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងដាក់ផែនការបន្តដល់មន្ត្រីមូលដ្ឋាន ក្នុងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងធ្វើការផ្សព្វផ្សាយលិខិតបទដ្ឋាននានា របស់រាជរដ្ឋាភិបាលដល់ប្រជាលរដ្ឋ។
នាឱកាសនោះលោកស្រី ឃួន ឃុនឌី បានណែនាំដល់មន្ត្រីថ្នាក់មូលដ្ឋានពង្រឹងនូវការងារ និងបម្រើសេវាសាធារណជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពរហ័សទាន់ពេលវេលា និងមានតម្លាភាព។ លើសពីនេះក្រុមការងារក៏ត្រូវចុះជួប ជាមួយប្រជាពលរដ្ឋបានញឹកញាប់ ដើម្បីជួយដោះស្រាយ និងប្រឹក្សារាល់បញ្ហាដែលប្រជាពលរដ្ឋជួបប្រទះផងដែរ។
ប្រធានក្រុមការងារចុះមូលដ្ឋានរូបនេះ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មិនដែលភ្លេចប្រជាពលរដ្ឋកម្ពុជាម្តងណាឡើយ ជាពិសេសគឺបានរំដោះប្រទេសផុត ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម បានកសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបានស្វែងរកសន្តិភាពជូនជាតិកម្ពុជា តាមរយៈគោលនយោបាយឈ្នះឈ្នះ រួបរួមគ្នាខ្មែរក្រោមដំបូលតែមួយ និងបានការពារសន្តិភាពបានពេញលេញយ៉ាងពិតប្រាកដ ដោយមិនឱ្យមានសង្រ្គាម។
បន្ថែមពីនេះ លោកស្រីបានបន្តថា សមិទ្ធផលជាច្រើនសន្ធឹកសន្ធាប់ ជាស្នាដៃរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យនៅគ្រប់ទីកន្លែង។
លោកស្រីបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រក្សានូវភាពស្ងៀមស្ងាត់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសណ្តាប់ធ្នាប់សង្គម ស្ថិរភាពនយោបាយ ភាពសុខសាន្ត បន្តការអភិវឌ្ឍសង្គមជាតិឱ្យមានការរីកលូតលាស់បន្តទៀត និងទៅចូលរួមបោះឆ្នោត នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។
ទន្ទឹមនឹងនេះដែរ លោកស្រី ឃួន ឃុនឌី បាននាំយកនូវក្រមា១ ភួយ១ជូនដល់ សាមជិក សមាជិកា ឃុំផាត់សណ្តាយ ដែលបានចូលរួមប្រមាណ៧០ណាក់ផងដែរ។ ក្នុងនោះដែរ ក៏មានការប្រកាសលោក ជិន ស៊ីថា ជាប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំផាត់សណ្តាយផងដែរ៕