Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក លី សុផាណា៖ សាលាដំបូងរាជ​ធានីភ្នំពេញ បានសម្រេចបដិសេធ សំណើសុំនៅ​ក្រៅឃុំ​របស់ លោក អ៊ុំ សំអាន

22-04-2016 17:39

(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃសុក្រនេះ បានសម្រេចបដិសេធចំពោះការស្នើឱ្យ លោក អ៊ុំ សំអាន នៅក្រៅឃុំបណ្តោះអាសន្ន ដែលសំណើនេះត្រូវបានធ្វើឡើងដោយមេធាវីការពារក្តី របស់គណបក្សសង្រ្គោះជាតិ លោក ជួង ជូងី។ នេះបើតាមការបញ្ជាក់ពីលោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦។

លោក លី សុផាណា បានបញ្ជាក់ប្រាប់ Fresh News តាមសារអេឡិចត្រូនិចថា បន្ទាប់ពីមានការដាក់ពាក្យរបស់មេធាវី ដើម្បីស្នើសុំឱ្យលោក អ៊ុំ សំអាន នៅក្រៅឃុំ សាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចពិភាក្សាមួយទៅតាមនីតិវិធី នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ហើយលទ្ធផលក៏បានជូនដំណឹងដល់ ជនត្រូវចោទ និងមេធាវីជនត្រូវចោទតាមនីតិវិធី ផងដែរ។

លោកថា «សាលាដំបូងសម្រេចមិនអនុញ្ញាតឱ្យនៅក្រៅឃុំបណ្តោះអាសន្នលើជនត្រូវចោទ អ៊ុំ សំអាន»

លោក អ៊ុំ សំអាន សមាជិករបស់គណបក្សសង្រ្គោះជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ដោយចោទប្រកាន់ក្រោម​បទចោទញុះញង់ នាំឲ្យមានការរើសអើង និងប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ នៃក្រមព្រហ្មទណ្ឌ។ បន្ទាប់មករដ្ឋសភាបានបោះឆ្នោត គាំទ្រឱ្យតុលាការ និងសមត្ថកិច្ចអនុវត្តនីតិវិធីបន្ត ចំពោះតំណាងរាស្រ្ត​គណបក្សប្រឆាំងរូបនេះ។ លោកត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកត្រឡប់ពីអាមេរិក មកដល់ប្រទេសកម្ពុជា។ សមត្ថកិច្ចបាន​បញ្ជាក់ថា លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួនដោយសារតែប្រព្រឹត្តិបទល្មើសជាក់ស្តែង។


កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ ម្សិលមិញនេះ លោក ជួង ជូងី មេធាវីគណបក្សសង្រ្គោះជាតិ បានដាក់ពាក្យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្នើឱ្យ លោក អ៊ុំ សំអាន នៅក្រៅឃុំជាបណ្តោះអាសន្ន៕