(ព្រះវិហារ)៖ សមិទ្ធិផលនានានៅវត្តឧត្តរគីរីជុំសែនជ័យ ហៅវត្តអានសេះ ជាប់ព្រំដែនថៃក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការនិងប្រជាពលរដ្ឋជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី មាស សុភា បានផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរ តែងបានយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងគ្រប់ទីកន្លែង។
លោក មាស សុភា បានថ្លែងរំលឹកប្រជាពលរដ្ឋពីសម័យអតីតកាល ដែលប្រទេសកម្ពុជាយើងបានឆ្លងកាត់នូវសង្គ្រាមដ៏រាំរ៉ៃ ពិសេសនៅតំបន់ព្រំដែនអានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ លោកថា ក្រោមនយោបាយឈ្នះឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក បានធ្វើឲ្យសង្គ្រាមដ៏រ៉ាំរ៉ៃនៅក្នុងប្រទេសត្រូវ បានបញ្ចប់ទាំងស្រុង ហើយបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ មានការរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។
លោក មាស សុភា បានអំពាវនាវដល់ប្រជាពលរដ្ឋយើង ត្រូវបន្តចូលរួមថែរក្សាសុខសន្តិភាព ដែលមានបច្ចុប្បន្ននេះឲ្យនៅគង់វង្សយូរអង្វែង ដើម្បីឲ្យវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ កាន់តែមានការអភិវឌ្ឍន៍រីកចម្រើនតទៅទៀត ដោយមិនត្រូវជឿតាមការញុះញង់របស់ជនណា ឬក្រុមណាមួយដែលមានបំណងចង់បំផ្លាញសុខសន្តិភាពនោះទេ។ ត្រូវចូលរួមគាំទ្រកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល ត្រូវចូលរួមគាំទ្រអនុវត្តន៍កម្មវិធីគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ពិសេសត្រូវបន្តការខ្លួនកុំឲ្យឆ្លងជំងឺកូវីដ១៩។
សមិទ្ធិផលនានានៅក្នុងវត្តឧត្តរជ័យគីរីជុំដសែនជ៏យ ហៅវត្តអានសេះ ដែលសម្ភោធដាក់ឱ្យប្រើប្រាស់នៅពេលនេះរួមមាន៖ ខ្លោងទ្វារវត្ត ស្រះទឹក ក៏ដូចជាការបញ្ចុះបឋមសិលាសាងសង់ព្រះពុទ្ធរូប និងសាលាបាលី។
លោក មាស សុភា បានថ្លែងថា វត្តឧត្តរជ័យគីរីជុំសែនជ៏យ ហៅវត្តអានសេះនេះបានកកើតដំបូងឡើងដោយមានការបរិច្ចាគដីចំនួនជិត៤ហិកតា របស់លោក មាស ធីបញ្ញា និងសហការីហេីយមានការសាងសង់ខ្លោងទ្វារវត្ត និងស្រះ ព្រមទាំងសប្បុរសជននានា។
លោកទេសរដ្ឋមន្ត្រីក៏ បានថ្លែងអំណរគុណដល់សប្បុរសជនគ្រប់ទិសទី ដែលបានចូលរួមចំណែកកសាងវត្តនេះ ពិសេសលោកក៏បានថ្លែងអំណរគុណដល់ក្រុមការងារចុះជួយស្រុកជាំក្សាន្ត និងលោក មួង ឃីម ដែលបានចូលរួមថវិការ២៥០០០ដុល្លារ សម្រាប់សាងសង់ព្រះពុទ្ធរូបនៅក្នុងវត្តនេះផងដែរ។
ក្នុងពិធី សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសមិទ្ធិផលនានានៅវត្តអានសេះនេះដែរ លោក មាស សុភា បានផ្តល់អំណោយដល់ប្រជាពលរដ្ឋនៅតំបន់នោះ ប្រមាណ១០០គ្រួសារ លោកគ្រូ អ្នកគ្រូ និងសិក្សានុសិស្សជាង១៥០នាក់ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ៥៨នាក់ ដោយក្នុងម្នាក់ៗទទួលបាន មី១កេះ ត្រីខ១យួរ សារ៉ុង១ ក្រម៉ា១ ជែលលាងដៃមួយដបធំ និងថវិកាមួយចំនួនផងដែរ៕