(ពោធិ៍សាត់)៖ លោកស្រី លាង ហៃ ជាវតាយ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញជួប សំណេះសំណាល និងនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកផ្តល់ជូនប្រជាពលរដ្ឋ ជាជនចាស់ជរាគ្មានទីពឹង ស្ត្រីម៉េម៉ាយ ជនពិការ និងអ្នកមានជំងឺរ៉ាំរ៉ៃ ជួបកង្វះខាត ចំនួន២០៤គ្រួសារ មកពីសង្កាត់ព្រៃញី សង្កាត់ផ្ទះព្រៃ និងសង្កាត់លលកស ក្រុងពោធិ៍សាត់។
ពិធីនេះត្រូវបានធ្វើឡើងនៅស្នាក់ការសាខា ស្ថិតក្នុងភូមិចំការចែកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដោយមានការចូលរួមពី លោក លោកស្រី សមាជិក សមាជិការ គណៈកម្មាធិការសាខា ក្រុមប្រឹក្សាក្រុង អភិបាលនៃគណៈអភិបាលក្រុង មន្ត្រីប្រតិបត្តិ និងយុវជនកាកបាទជាច្រើនទៀត។
បន្ទាប់ពីលោក ចាប នាង អភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់ បានជម្រាបជូនអំពីសក្តានុពលភូមិសាស្ត្រ ស្ថានភាពមុខរបរ និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់ ជាពិសេសអំពីបច្ចុប្បន្នភាពជំងឺកូវីដ១៩ នោះរួចមក, លោកស្រី លាង ហៃ ជាវតាយ បានផ្ដាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតអាសូរ ពីសំណាក់លោក ជាវ តាយ ប្រធានគណៈកម្មាធិការសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចលោកតែងតែយកចិត្តទុកដាក់ គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយលោកតែងតែងចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក បានទាន់ពេលវេលា តាមទិសស្លោក Çទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាÈ គឺមិនទុកឱ្យនរណាម្នាក់រស់នៅដោយវេទនានោះឡើយ។
ក្នុងនាមអនុប្រធានកិត្តិយសសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា លោកស្រីសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចេះថែទាំសុខភាព រក្សាអនាម័យផ្ទាល់ខ្លួនតាមលំនៅដ្ឋាន ពាក់ម៉ាស់ជានិច្ច រក្សាគម្លាតសង្គម ដែលទាំងនេះគឺជាវិធានការការពារពីជំងឺកូវីដ១៩ ព្រោះជំងឺនេះមិនទាន់សាបសូន្យនោះទេ និងត្រូវបន្តអនុវត្តវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។
អំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋជួបកង្វះខាតចំនួន២០៤គ្រួសារ មកពី៣សង្កាត់ ក្នុងក្រុងពោធិ៍សាត់ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេសតូច, ត្រីខ១០កំប៉ុង, ទឹកត្រី១យួរ, អាវយឺត១ និងថវិកា២ម៉ឺនរៀល៕