(កោះកុង)៖ រដ្ឋបាលខេត្តកោះកុងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានបើកកិច្ចប្រជុំពិភាក្សាផែនការសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងការបើកការដ្ឋានអនុវត្តន៍គម្រោងលើកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្រោមអធិបតីភាពលោកស្រី មិថុនា ភូថង អភិបាលខេត្ត និងមានការចូលរួមគ្រប់ស្ថាប័ន្នជំនាញផងដែរ។
លោក មិថុនា ភូថង បានណែនាំឲ្យមន្រ្តីទាំងអស់យកចិត្តទុកដាក់ក្នុងការពិនិត្យ ពិភាក្សា អំពីផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងពិធីបើកការដ្ឋានអនុវត្តគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
លោកស្រីអភិបាលខេត្ត បានណែនាំឲ្យលោកអភិបាលរងខេត្តទទួលបន្ទុកសន្តិសុខ ត្រូវយកចិត្តទុកដាក់បំផុតត្រូវធ្វើការសហការ ជាមួយក្រុមការងារថ្នាក់ជាតិ កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធក្នុងការរៀបចំឲ្យបានល្អប្រសើរ សមស្របទៅនិងផែនការរួម ធ្វើយ៉ាងណាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់មុន ក្នុងកំឡុង និងក្រោយពីបញ្ចប់កម្មពិធីទាំងមូលឲ្យបានល្អប្រសើរ៕