(ព្រៃវែង)៖ លោក ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំចាយមារ និងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកកំចាយមារ បានអបអរសាទរ និងគាំទ្រលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ របស់គណបក្សប្រជាជនកម្ពុជា ដែលបានសម្រេចជាឯកច្ឆន្ទបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងជ្រើសតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត និងការបោះឆ្នោតជ្រើសតាំងបន្ថែមសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។
លោក ស្តើង សុខុម បានអបអរសាទរ និងប្រកាសគាំទ្រលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣អាណត្តិទី៥នៃគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបើកកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែធ្នូ ឆ្នាំ២០២១ និងលើកទិសដៅសម្រាប់អនុវត្តប្រចាំខែមករា ឆ្នាំ២០២២ របស់គណៈកម្មាធិការគណបក្សស្រុកកំចាយមារ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១។
លោក ស្តើង សុខុម បានជម្រាបក្រមុការងារ និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាស្រុកកំចាយមារ អំពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ ថាសន្និបាតគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជាលើកទី៤៣ អាណត្តិទី៥ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានសម្រេចជាឯកច្ឆន្ទបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងជ្រើសតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។ សន្និបាត ក៏បានបោះឆ្នោតជ្រើសតាំងបន្ថែមសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។
លោក ស្តើង សុខុម បានលើកឡើងថា ការសម្រេចនេះធ្វើឱ្យគណបក្សប្រជាជនកម្ពុជា មានរចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំកាន់តែរឹងមាំ ដោយមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន, សម្តេចមហាពញ្ញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស, សម្តេចក្រឡាហោម ស ខេង អនុប្រធាន, សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធាន, សម្តចពិជ័យសេនា ទៀ បាញ់ អនុប្រធាន និងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធាន។
អង្គសន្និបាត ក៏បានពិភាក្សាអំពីកិច្ចការមួយចំនួនស្តីពីការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២។ អង្គសន្និបាតបានយល់ជ្រួតជ្រាបស៊ីជម្រៅអំពីខ្លឹមសារនៃទស្សនៈសភាពការណ៍ឆ្នាំ២០២១ និងទិសដៅភារកិច្ចសំខាន់ៗរបស់គណបក្សក្នុងឆ្នាំ២០២២។
លោកប្រធានក្រុមការងារបានឱ្យដឹងទៀតថា នៅក្នុងសន្និបាតសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ក៏បានជម្រាបអង្គសន្និបាតអំពីលទ្ធផលនៃការគ្រប់គ្រងកូវីដ១៩ បានល្អប្រសើរ បើធៀបទៅប្រទេសនានានៅក្នុងតំបន់ និងពិភពលោក ដែលរហូតមកដល់ពេលនេះ កម្ពុជាអាចគ្រប់គ្រងបានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងបានបើកប្រទេសនិងសកម្មភាពសង្គមសេដ្ឋកិច្ចឡើងវិញពេញលេញចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងមកប្រកបដោយស្មារតីប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់។
លោក ស្តើង សុខុម បានបន្តថាការគ្រប់គ្រងបានល្អប្រសើរមេរោគកូវីដ១៩ នាពេលនេះ គឺបានបង្ហាញយ៉ាងច្បាស់ពីភាពឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធាបគណបក្សប្រជាជនកម្ពុជា។ កម្ពុជា គឺជាប្រទេសដែលរកបានវ៉ាក់សាំងបានលឿនសម្រាប់ចាក់ជូនប្រជាពលរដ្ឋតាមរយៈផែនការមួយច្បាស់លាស់ទាំងការទិញ, ទាំងជំនួយពីប្រទេសជាមិត្ត និងមជ្ឈមណ្ឌលកូវ៉ាក់, មកដល់ពេលនេះកម្ពុជារកបានវ៉ាក់សាំងសរុបជាង ៤១លានដូស។
«ភាពជោគជ័យរបស់កម្ពុជាលើការរកបានវ៉ាក់សាំង និងការសម្រេចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានស្ទើរតែ១០០ ភាគរយ លឿនជាងផែនការគ្រោងទុកនេះ នាំឱ្យអង្គការសុខភាពពិភពលោក អង្គការដៃគូអភិវឌ្ឍន៍និងប្រទេសជាច្រើន បង្ហាញនូវការស្ញប់ស្ញែង និងកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា លើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ធ្វើឱ្យកម្ពុជាឆ្លងផុតពីហានិភ័យ និងការរាតត្បាតនៃជំងឺកូវីដ១៩ ហើយកំពុងបើកប្រទេសជាតិឡើងវិញលើគ្រប់វិស័យផងដែរ»។ លោក ស្តើង សុខុម បញ្ជាក់បន្ថែម។
ទាក់ទងទៅកិច្ចប្រជុំរបស់គណបក្សស្រុកកំចាយមារ លោកប្រធានក្រុមការងារបានថ្លែងថា កិច្ចប្រជុំការងារថ្ងៃនេះ គឺដើម្បីពិនិត្យឡើងវិញការត្រៀមសម្រាប់រៀបចំសន្និបាតគណបក្សនៅក្នុងឃុំទាំង៨ របស់ក្នុងស្រុក។ លោកបានសង្កត់ធ្ងន់ថា សន្និបាតគណបក្សឃុំនេះ មានសារសំខាន់បំផុតសម្រាប់គណបក្ស ព្រោះសន្និបាតនេះត្រូវផ្សព្វផ្សាយអំពីវឌ្ឍនភាព និងការខិតខំប្រឹងប្រែងរបស់គណបក្សឃុំពេញមួយអាណត្តិទី៤ កន្លងទៅ ដែលបង្ហាញពីអ្វីដែលធ្វើបាន និងអ្វីដែលនៅសេសសល់តាមរយៈ (របាយការណ៍ បូកសរុបលទ្ធផលការអនុវត្តគោលនយោបាយរបស់គណបក្សឃុំសម្រាប់ការអភិវឌ្ឍឃុំ ពីឆ្នាំ២០១៧ ដល់ ២០២២ និងទិសដៅកិច្ចការបន្ត)។
សន្និបាតនេះក៏បង្ហាញពីសេចក្តីព្រាងគោលនយោបាយរបស់គណបក្សឃុំសម្រាប់ការអភិវឌ្ឍឃុំ ពីឆ្នាំ២០២២ ដល់ឆ្នាំ ២០២៧។ គោលនយោបាយនេះ ក៏ជាចំណែកមួយក្នុងការទាក់ទាញសមាណចិត្តប្រជាជន ដែលជាអ្នកគាំទ្រ និងសមាជិក សមាជិកា ដែលចូលរួមនៅក្នុងសន្និបាត ប្រសិនជាគោលនយោបាយចំទៅនឹងអ្វីដែលប្រជាជននៅក្នុងមូលដ្ឋានចង់បាន គឺនឹងទទួលបានការគាំទ្រ។ តែបើមិនស្របទៅអ្វីដែលប្រជាពលរដ្ឋចង់បានគោលនយោបាយនេះ នឹងមិនទទួលបានការគាំទ្រពេញលេញនោះទេ។
ត្រង់ចំណុចនេះលោកប្រធានក្រុមការងារ ក៏បានផ្តល់ជាមតិទៅកាន់ប្រធានក្រុមការងារចុះជួយនៅតាមឃុំទាំង៨ និងគណបក្សឃុំត្រូវពិនិត្យឡើងវិញ នូវគោលនយោបាយអភិវឌ្ឍឃុំពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ ដោយត្រូវរំលេចចេញនូវចំណុចអាទិភាពអ្វីខ្លះដែលជាការចង់បានរបស់ប្រជាពលរដ្ឋដើម្បីទទួលបានការគាំទ្រ។ ដូចនេះត្រូវខិតខំប្រឹង ប្រែងស្វែងយល់ពីតម្រូវការរបស់ប្រជាជននៅក្នុងមូលដ្ឋានពាក់ព័ន្ធលើការផ្តល់សេវាសាធារណៈប្រចាំថ្ងៃ និងការលើកកម្ពស់ជីវភាពគ្រួសាររបស់ប្រជាជននៅមូលដ្ឋានឲ្យកាន់តែល្អប្រសើរ។
ពាក់ព័ន្ធការជ្រើសរើសបេក្ខជនឈរឈ្មោះជាក្រុមប្រឹក្សាឃុំសម្រាប់ការឈរឈ្មោះបោះឆ្នោតនាពេលខាងមុខ លោកប្រធានក្រុមការងារ បានអំពាវនាវឲ្យក្រុមការងារ និងគណបក្សឃុំ ត្រូវឈរលើគោលការណ៍ ត្រូវមានសមត្ថភាព ចំណេះដឹង បទពិសោធន៍ និងប្រមើមើលយុវជនដើម្បីបន្តវេនតាមរយៈការបោះឆ្នោត។ ចំណុចនេះត្រូវធ្វើដោយមានការប្រុងប្រយ័ត្នបំផុតយើងត្រូវការធនធានមនុស្ស តែក៏ត្រូវរក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុងបក្សផងដែរ។
ជាមួយនេះលោក ស្តើង សុខុម ក៏បានលើកទឹកចិត្តឲ្យគណបក្សឃុំត្រូវខិតខំបង្កើនចំនួនសមាជិកបក្សបន្ថែមទៀត ប៉ុន្តែត្រូវគិតអំពីគុណភាពចង់បានទាំងបរិមាណ និងគុណភាព បានសេចក្តីថាសមាជិកថ្មី គឺជាអ្នកដែលស្មោះត្រង់ និងស្រឡាញ់គណបក្សចេញពីបេះដូង។
នៅក្នុងឱកាសនោះលោក ស្តើង សុខុម ក៏បានឧបត្ថម្ភថវិកាសម្រាប់ការរៀបចំសន្និបាតនៅតាមឃុំទាំង៨ ក្នុងឃុំចំនួន ២លានរៀល, ឧបត្ថម្ភគណបក្សស្រុកក្នុងការរៀបចំកិច្ចប្រជុំនិងកែលម្អស្លាកនិងបដាគណបក្សចំនួន ១,០០០ដុល្លារនិងជួសជុលកែលម្អផ្លូវ និងសួនច្បារក្នុងវិទ្យាល័យហ៊ុនសែនកំចាយមារចំនួន ៥លានរៀល និងឧបត្ថម្ភអាហារសាមគ្គីចំនួន ១,២០០,០០០រៀល សរុបថវិកាទាំងអស់ស្មើ ២៦,២០០,០០០រៀល។
នៅព្រឹកថ្ងៃដដែលនោះ លោក ស្តើង សុខុម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំចាយមារ ក៏បានដឹកនាំកិច្ចប្រជុំពាក់ព័ន្ធបញ្ហាគ្រប់គ្រងទឹកស្អាតនៅក្នុងឃុំជាច និងឃុំក្របៅ ក្នុងស្រុកកំចាយមារ។
បើតាមរបាយការណ៍របស់លោក ឈិន សុជាតិ ជំនួយការអង្គភាពទឹកស្អាតឃុំក្របៅ បានឲ្យដឹងថា បច្ចុប្បន្នឃុំក្របៅមានប្រជាជនចំនួន ២,២៧៣ខ្នងផ្ទះ បានភ្ជាប់បណ្តាញទឹកស្អាតប្រើប្រាស់នៅសល់ប្រជាជនប្រមាណ ១៨៨ខ្នងផ្ទះប៉ុណ្ណោះដែលមិនទាន់បានភ្ជាប់បណ្តាញទឹកស្អាត ដែលក្នុងនោះមាននៅ តំបន់ម៉ឺនជ័យដែលនៅតំបន់ព្រំដែនមានប្រមាណ ៥៧ខ្នងផ្ទះដោយសារមិនទាន់មានបណ្តាញទៅដល់ មួយចំនួនជាផ្ទះប្រជាពលរដ្ឋចំណាកស្រុក (ផ្ទះគ្មាន មនុស្សនៅ) និងប្រមាណជាង១០ខ្នងផ្ទះមិនព្រមភ្ជាប់។
បើតាមលោក ឈិន សុជាតិ ការរៀបចំឲ្យមានប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅឃុំក្របៅនេះ បានចាប់ផ្តើមតាំងពីឆ្នាំ២០១០ ដែលដំបូងអាចផ្គត់ផ្គង់ទឹកស្អាតបានតែ ៦ភូមិប៉ុណ្ណោះ តែបច្ចុប្បន្នអាចពង្រីកវិសាលភាពនៅទូទាំង១១ ភូមិក្នុងឃុំក្របៅ។ ចំណែកតម្លៃទឹកស្អាតពីមុនត្រឹម ១,២០០រៀល ក្នុង១ម៉ែត្រគូប ហើយចាប់ពីខែមករាឆ្នាំ២០២២ទៅ គឺឡើង ១,៥០០រៀលក្នុង១ម៉ែត្រគូប។ ជាមធ្យមក្នុង១ខែការប្រើប្រាស់ទឹកស្អាតនៅក្នុងឃុំក្របៅមានប្រមាណ ១ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ ដោយសារប្រជាពលរដ្ឋនៅមូលដ្ឋានមួយគ្រួសារប្រើអស់ជាមធ្យម ៥ម៉ែត្រគូប, អ្នកប្រើប្រាស់ច្រើនគឺនៅទីប្រជុំជនផ្ទះខ្លះអាចដល់ ១០០ម៉ែត្រគូបក៏មាន។
ពាក់ព័ន្ធការគ្រប់ក្រងទឹកស្អាតនេះ លោក ស្តើង សុខុម ស្នើឲ្យប្រធានអង្គភាពទឹកស្អាតទាំងពីរ ឃុំខិតខំគ្រប់គ្រងឲ្យបានល្អ ទាំងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ ទាំងការថែរក្សាឲ្យបានល្អសម្រាប់ប្រើប្រាស់យូរងង្វែង។
គួរបញ្ជាក់ជូនថា ដោយមានការគិតគូរចំពោះបញ្ហាសុខមាលភាពរបស់ប្រជាពលរដ្ឋសម្តេចក្រឡាហោម ស ខេង និងភរិយា បានរៀបចំឲ្យមានប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្នុងឃុំទាំងពីរនេះឡើង ដោយចំណាយអស់ថវិកាជាង ១លានដុល្លារ និងការតភ្ជាប់បណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះដោយមិនគិតថ្លៃទៀតផង៕