(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសារ ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង។
ការលើកទឹកចិត្តបែបនេះ របស់លោកអភិបាលខេត្តបានធ្វើឡើង នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ នៅក្នុងឱកាសដែលលោក និងលោក ថោង បូរ៉ាន់ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញ ចូលរួមក្នុងពិធីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅមណ្ឌលវិទ្យាល័យស្វាយរៀង ស្ថិតនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ពិធីកាត់វិញ្ញាសាប្រលងនេះដែរ ក៏មានការចូលរួមអមដំណើរដោយលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ-អង្គភាព អភិបាលក្រុងស្វាយរៀង តំណាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គភាពប្រឆាំងអំពើពុករលួយ។
ជាមួយនេះ លោកអភិបាលខេត្ត ក៏បានជូនពរដល់សិស្សានុសិស្សទាំងអស់ឱ្យទទួលបានលទ្ធផលជោគជ័យ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ហើយរដ្ឋបាលខេត្តនៅតែបន្ត និងត្រៀមរង្វាន់សម្រាប់ផ្ដល់ជូនសិស្សានុសិស្សដែលទទួលបាននិទ្ទេសល្អប្រសើរផងដែរ។
សូមបញ្ជាក់ថាឆ្នាំសិក្សា២០២០-២០២១នេះ ខេត្តស្វាយរៀង មានបេក្ខជនបានចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសរុប ៣,៨១១នាក់ ស្រី ១,៩២៤នាក់ ចែកចេញជា៧មណ្ឌល និង១៥៤បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មានបេក្ខជនចំនួន ៨០៣នាក់ ស្រី៤៨២នាក់ ចែកចេញជា ០២មណ្ឌល (មាន៣៣បន្ទប់) រួមមាន៖ មណ្ឌលវិទ្យាល័យ ហ៊ុនសែន ចេក និងមណ្ឌលវិទ្យាល័យ បឋមសិក្សា ហ៊ុន សែន កន្ទុយវ៉ៃ។
ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ សង្គម មានបេក្ខជនចំនួន ៣,០០៨នាក់ ស្រី១,៤៤២នាក់ ចែកចេញជា ០៥មណ្ឌល (មាន ១២១បន្ទប់) រួមមាន៖ មណ្ឌលវិទ្យាល័យស្វាយរៀងខាងជើង មណ្ឌលវិទ្យាល័យស្វាយរៀងខាងត្បូង មណ្ឌលសាលាបឋមសិក្សាព្រះសីហនុ មណ្ឌលសាលាបឋមសិក្សា ២ធ្នូ និងមណ្ឌលសាលាគរុកោសល្យ និងវិក្រឹត្តិការខេត្ត៕