(កោះកុង)៖ ប្រជាពលរដ្ឋរស់នៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង បានផ្ដិតមេដៃជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គោរពស្នើសុំផ្លាស់ប្ដូរលោក ហឿន ប៊ុនហេង ចេញពីស្មៀនឃុំព្រែកខ្សាច់ នៃស្រុកគិរីសាគរ ខេត្តកោះកុង។
ក្នុងសំណើផ្លាស់ប្តូរស្មៀនឃុំព្រែកខ្សាច់នេះ ប្រជាពលរដ្ឋបានរាយការណ៍ជូនសម្ដេចក្រឡាហោមថា ចាប់តាំងពីប្រទេសជាតិមានសុខសន្តិភាពមក ពួកខ្លួនបានទទួលផលប្រយោជន៍ពីការអភិវឌ្ឍជាតិជាបន្តបន្ទាប់ បានរស់នៅប្រកបដោយសេចក្ដីសុខ សុវត្ថិភាពល្អ រីករាយ ហើយតែងតែគាំទ្រជានិច្ចចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល។
ពួកគាត់បានគោរពថ្លែងអរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចក្រឡាហោម ស ខេង ដែលបានធ្វើឱ្យមានការបោះឆ្នោតឃុំសង្កាត់ ដើម្បីឱ្យពួកគាត់មានសិទ្ធិបោះឆ្នោតជ្រើសរើសតំណាង គឺក្រុមប្រឹក្សាឃុំព្រែកខ្សាច់នេះ។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ស្មៀនឃុំព្រែកខ្សាច់ ដែលរដ្ឋបានបញ្ជូនមកបំពេញការងារ បានបំពេញការងារប្រាស់ចាកពីភាពជាមន្ត្រី ធ្វើការងារមិនបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ មិនយកច្បាប់ជាធំ និងប្រព្រឹត្តិអំពើពុករលួយ ធ្វើឱ្យពួកគាត់បាត់ទំនុកចិត្ត។
ពលរដ្ឋបានអះអាងថា លោក ហឿង ប៊ុនហេង ជាមន្ត្រីស្មៀន មិនយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាជន ហើយនៅពេលពលរដ្ឋស្នើលិខិតបញ្ជាក់ទទួលស្គាល់ដីធ្លី លោកមេឃុំចុះហត្ថលេខាហើយ ប៉ុន្តែលោក ហឿង ប៊ុនហេង បែរជាមិនប្រថាប់ត្រាដោយឆ្លើយថាជាន់ដីមេ ឬថាដីទាំងនេះមានម្ចាស់ ខណៈពលរដ្ឋកាន់កាប់ជាក់ស្ដែង។
ពលរដ្ឋបានរៀបរាប់ទៀតថា លោក ហឿង ប៊ុនហេង បានប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនធ្វើការលក់ប្រេងខុសច្បាប់ ហើយក្នុងពេលមូលដ្ឋាននៃភូមិយាយសែន ឃុំព្រែកខ្សាច់ មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រីកចម្រើនស្ទើរគ្រប់វិស័យនឹងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត តែលោកបែរជាបានប្រព្រឹត្តអំពើខុសច្បាប់ជុំវិញការចាក់ដីលុបព្រែក ដែលជាតំបន់សំបូរទៅដោយជីវៈចម្រុះ។
អ្វីដែលពលរដ្ឋហួសចិត្តនោះ គឺលោកស្មៀនឃុំ មិនបានស្ដាប់ការណែនាំរបស់សម្ដេចតេជោនោះទេ ចំពោះការផ្តល់សេវាសាធារណៈ។ នៅពេលប្រជាពលរដ្ឋស្នើធ្វើសំបុត្រកំណើតកូន ឬលិខិតបញ្ជាក់អាពាហ៍ពិពាហ៍ និងឯកសារផ្សេងៗ គឺប្រជាពលរដ្ឋមិនដែលបានជួបលោក ហឿង ប៊ុនហេង ដើម្បីបំពេញការស្នើនោះនៅកន្លែងធ្វើការរបស់ខ្លួន ហើយបែរជាប្រើប្រាស់ពេលវេលាក្នុងម៉ោងធ្វើការជូនភ្ញៀវទិញដីធ្លីស្ទើរតែរៀងរាល់ថ្ងៃ។
បើតាមតំណាងពលរដ្ឋ បង្ហាញក្តីសង្ឃឹមថា ក្រសួងមហាផ្ទៃនឹងទទួលដោះស្រាយក្ដីកង្វល់ និងសំណូមពររបស់ពួកគាត់។ ពួកគាត់មានជំនឿចិត្តថា សម្តេចក្រឡាហោម នឹងមានវិធានការសម្រេចប្តូរលោក ហឿង ប៊ុនហេង ហើយចាត់តាំងស្មៀនថ្មីជាមន្ត្រីដូចដែលសម្ដេចធ្លាប់មានប្រសាសន៍ថា «មន្ត្រីដែលគួរបានទៅកាន់តំណែងណាមួយ គឺសម្ដេចឲ្យតម្លៃលើមន្ត្រីដែលដឹងសុខទុក្ខប្រជាពលរដ្ឋ»។
ពាក់ព័ន្ធនឹងការចោទប្រកាន់របស់ប្រជាពលរដ្ឋខាងលើនេះ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចស្វែងរកការបំភ្លឺពីលោក ហឿង ប៊ុនហេង នៅឡើយទេ ដោយទូរស័ព្ទហៅចូលហើយមិនមានអ្នកទទួល៕